អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មីឱ្យអាម៉េរិក

អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មីឱ្យអាម៉េរិក ដោយសុំចរចាបើកច្រកសមុទ្រសិន ខណៈរឿងកម្មវិធីនុយក្លេអ៊ែចាំចរចាពេលក្រោយ


ស្របពេលដង្ហើមសេដ្ឋកិច្ចកំពុងត្រូវបានរឹតបន្តឹង អ៊ីរ៉ង់បានបោះសំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយទាមទារឱ្យដកការឡោមព័ទ្ធផ្លូវសមុទ្រ និងបើកច្រកសមុទ្រហ័រមូសឡើងវិញជាបន្ទាន់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាម ប៉ុន្តែបានស្នើឱ្យទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន។ សំណើនេះកំពុងធ្វើឱ្យសេតវិមានស្ថិតក្នុងស្ថានភាពដ៏ពិបាកសម្រេចចិត្តបំផុត។ តើនេះជាយុទ្ធសាស្ត្របំបែកដើម្បីរស់របស់ទីក្រុងតេអេរ៉ង់មែនឬយ៉ាងណា?
អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មីឱ្យអាម៉េរិក
ដោយ

ភាពទាល់ច្រក នៃកិច្ចចរចាការទូតរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងឈានទៅរករបត់ថ្មីមួយទៀត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Axios អ៊ីរ៉ង់បានដាក់សំណើថ្មីមួយ ដែលព្យាយាមរំលងកម្មវិធីនុយក្លេអ៊ែ ដែលជាជម្លោះដ៏រ៉ាំរ៉ៃ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព និងការបើកដង្ហើមសេដ្ឋកិច្ចឡើងវិញឱ្យបានលឿនបំផុត។

ក្នុងដំណើរទៅកាន់ប្រទេសប៉ាគីស្ថានកាលពីចុងសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីរ់ង់លោក អាបាស អារ៉ាក់ជី (Abbas Araghchi) បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្នកសម្របសម្រួលមកពីប៉ាគីស្ថាន អេហ្ស៊ីប ទួកគី និងកាតា ថា ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់នឹងមិនយល់ព្រមដាច់ខាតចំពោះការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលបង្ខំឱ្យអ៊ីរ៉ង់ផ្អាកការចម្រាញ់រ៉ែអ៊ុយរ៉ានីញ៉ូមរហូតដល់១ទសវត្សរ៍។

សំណើកិច្ចព្រមព្រៀងថ្មីដែលផ្ញើទៅឱ្យសហរដ្ឋអាម៉េរិកតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន បានផ្តោតសំខាន់លើការដោះស្រាយវិបត្តិបិទខ្ទប់នៅច្រកសមុទ្រហ័រមូស និងការឡោមព័ទ្ធបិទផ្លូវសមុទ្ររបស់សហរដ្ឋអាម៉េរិក រីឯការចរចារឿងនុយក្លេអែនឹងចាប់ផ្ដើមនៅពេលក្រោយ បន្ទាប់ពីច្រកសមុទ្រត្រូវបានបើក និងការឡោមព័ទ្ធបិទផ្លូវសមុទ្រត្រូវបានដកចេញ។

ទោះជាយ៉ាងណាសំណើនេះហាក់ដូចជាកំពុងដាក់អន្ទាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រោះប្រសិនបើលោកព្រមដកការឡោមព័ទ្ធដោយមិនដោះស្រាយរឿងនុយក្លេអ៊ែទេនោះ លោកនឹងបាត់បង់សន្លឹកបៀរអំណាចដ៏សំខាន់ក្នុងការបង្ខំឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីនុយក្លេអ៊ែ។ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន លោក ត្រាំ នៅតែបង្ហាញជំហររឹងមាំដោយចង់បន្តការឡោមព័ទ្ធការនាំចេញប្រេង ដើម្បីបង្ខំឱ្យក្រុងតេអេរ៉ង់ចុះចាញ់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

បន្ទាប់ពីបញ្ចប់ការងារនៅប៉ាគីស្ថាន នៅថ្ងៃចន្ទ ទី២៧ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្តដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដែលនេះជាសញ្ញាបង្ហាញថា អ៊ីរ៉ង់កំពុងព្យាយាមកៀរគររកខ្នងបង្អែកពីមហាអំណាចរុស្ស៊ី ដើម្បីប្រឆាំងនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


គ្រាន់តែការនាំចេញកសិផលសំខាន់ៗ៤មុខ កម្ពុជាកើបលុយបានជាង៨៣០លានដុល្លារ

វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់សេដ្ឋកិច្ច ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងធានាសន្តិសុខស្បៀងនៅកម្ពុជា។ បើយោងតាមស្ថិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ