វិស័យ​កសិកម្ម

ទឹកភ្នែកកសិករដាំទុរេននៅបាត់ដំបង! ខ្យល់កន្ត្រាក់បោកបក់ធ្វើឱ្យផ្លែទុរេនជិត២ម៉ឺនផ្លែជ្រុះ និងដើមទុរេនជាច្រើនដួលរលំ


​​ក្តីសង្ឃឹមរបស់កសិករដាំទុរេននៅខេត្តបាត់ដំបង ត្រូវបានរលាយបាត់បង់មួយចំណែកធំ បន្ទាប់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងក្លាបណ្តាលឱ្យជ្រុះផ្លែទុរេនជិត២ម៉ឺនផ្លែ និងបាក់ដើមអស់ជាច្រើនហិកតា ទាំងដែលជិតដល់រដូវប្រមូលផលទៅហើយ។ ខណៈដែលម្ចាស់ចម្ការកំពុងត្អូញត្អែរពីការខាតបង់ថវិការាប់ម៉ឺនដុល្លារ អ្នកជំនាញកសិកម្មបានលើកឡើងថា កង្វះដើមឈើធ្វើជារនាំងការពារ គឺជាមូលហេតុចម្បង ដែលធ្វើឱ្យទុរេនងាយរងគ្រោះបែបនេះ។
វិស័យ​កសិកម្ម
ដោយ

អ្នកស្រី ផុន ហេង ម្ចាស់ចម្ការទុរេនមួយរូបនៅខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីស ទាំងក្តីវិប្បដិសារីថា ទោះបីជាអ្នកស្រីបានត្រៀមលក្ខណៈដោយចងខ្សែភ្ជាប់ផ្លែទៅនឹងដើមទុរេនយ៉ាងណាក៏ដោយ ក៏កម្លាំងខ្យល់កន្ត្រាក់នៅតែបោកបក់ឱ្យជ្រុះអស់ជាង១,០០០ផ្លែ។ ការជ្រុះនេះបានធ្វើឱ្យអ្នកស្រី បាត់បង់ចំណូលចន្លោះពី១ម៉ឺនទៅ២ម៉ឺនដុល្លារ ដែលអាចធ្វើឱ្យម្ចាស់ចម្ការទុរេនរូបនេះប្រឈមនឹងការខាត។ អ្វីដែលអ្នកស្រីបារម្ភទៀតនោះ គឺបញ្ហាតម្លៃទីផ្សារ និងស្នើឱ្យអាជ្ញាធរជួយទប់ស្កាត់ទុរេន ដែលមានតម្លៃថោកហូរចូលពីក្រៅប្រទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក។

ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានឱ្យដឹងថា បញ្ហាអាកាសធាតុជាពិសេសបញ្ហាភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កំពុងកំរាមគំហែងដល់ការប្រមូលផលទុរេនរបស់កសិករមួយចំនួន ដោយសារបញ្ហានេះបានធ្វើឱ្យទុរេននៅចម្ការមួយចំនួនជ្រុះ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីកាត់បន្ថយហានិភ័យនៅរដូវកាលក្រោយ កសិករចាំបាច់ត្រូវដាំដើមឈើធំៗជុំវិញចម្ការឱ្យបានច្រើន ដើម្បីធ្វើជារនាំងការពារខ្យល់។ ទន្ទឹមនឹងនេះការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រូវបច្ចេកទេស ដើម្បីពង្រឹងទងឱ្យស្វិត ក៏ជាកត្តាសំខាន់មិនអាចរំលងបានដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះ ស្នើដល់ស្ថាប័នពាក់ព័ន្ធជួយប្រឹក្សាណែនាំដល់កសិករក្នុងការបង្ការហានិភ័យ ដែលអាចកើតមានឡើងផ្សេងទៀត។

ជាមួយគ្នានេះ លោក ឈិម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់ពីទំហំនៃការខូចខាតថា ភ្លៀងលាយឡំជាមួយខ្យល់កន្ទ្រាក់កាលពីល្ងាចថ្ងៃទី២៦ ខែមេសា បានធ្វើដើរទុរេននៅលើផ្ទៃដីប្រមាណ៤៥ហិកតាបានបាក់មែក និងដួលរលំ និងជ្រុះផ្លែជិតគ្រប់អាយុប្រមាណ២ម៉ឺនផ្លែ។ យ៉ាងណាមិញ លោកបានជំរុញឱ្យកសិករកុំទាន់អស់សង្ឃឹម និងត្រូវបន្តថែទាំផ្លែទុរេន ដែលនៅសេសសល់ឱ្យមានគុណភាពខ្ពស់ ដើម្បីប៉ះប៉ូវការខូចខាត។

ទោះបីជាមានផលប៉ះពាល់ពីអាកាសធាតុយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្មរូបនេះ នៅតែមានសុទិដ្ឋិនិយមថា ទិន្នផលទុរេនក្នុងខេត្តបាត់ដំបងឆ្នាំនេះ អាចនឹងខ្ពស់ជាងឆ្នាំមុន ដោយសារមានភ្លៀងធ្លាក់កក់ខែច្រើន ដែលអំណោយផលដល់ការលូតលាស់របស់ដំណាំទុរេន៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មីឱ្យអាម៉េរិក ដោយសុំចរចាបើកច្រកសមុទ្រសិន ខណៈរឿងកម្មវិធីនុយក្លេអ៊ែចាំចរចាពេលក្រោយ

ស្របពេលដង្ហើមសេដ្ឋកិច្ចកំពុងត្រូវបានរឹតបន្តឹង អ៊ីរ៉ង់បានបោះសំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយទាមទារឱ្យដកការឡោមព…

តើតម្លៃដឹកជញ្ជូននៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយបានហក់ឡើងចន្លោះពី២៥ទៅ៣០% នាពេលកន្លងទៅ?

​​ភាពមិនច្បាស់លាស់ នៃតម្លៃប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាបានក្លាយជាសម្ពាធដ៏ធ្ងន់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ