អន្តរាគមន៍យោធា

អ៊ីរ៉ង់ព្រមានឆ្លើយតបខ្លាំងក្លាប្រសិនបើអាម៉េរិកលូកដៃអន្តរាគមន៍យោធា និងព្រមានបន្តកាត់ទោសព្យួរកក្រុមបាតុករ


ភាពចលាចលនៅប្រទេសអ៊ីរ៉ង់ឡើងកម្តៅកាន់តែខ្លាំង ខណៈរបាយការណ៍ពីក្រុមវេជ្ជបណ្ឌិតក្នុងស្រុកបានទម្លាយថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន១៦,៥០០នាក់ត្រូវបានសម្លាប់ និងប្រមាណ៣៣០, ០០០នាក់ទៀតរងរបួសដោយសារការបង្ក្រាបដ៏សាហាវរបស់អាជ្ញាធរអ៊ីរ៉ង់។ ទន្ទឹមនឹងនេះមេដឹកនាំអ៊ីរ៉ង់បានចេញមកព្រមានថា ខ្លួននឹងឆ្លើយតបយ៉ាងចាស់ដៃប្រសិនបើអាម៉េរិកលូកដៃអន្តរាគមន៍យោធា ក៏ដូចជាកាត់ទោសព្យួរកក្រុមបាតុករផងដែរ។
អន្តរាគមន៍យោធា
ដោយ

របាយការណ៍របស់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រទូទាំងប្រទេសអ៊ីរ៉ង់បានបង្ហាញថា ក្រុមអ្នកតវ៉ាភាគច្រើនត្រូវបានសម្លាប់ និងរងរបួសដោយសារគ្រាប់កាំភ្លើង ក្នុងនោះមានចំនួនរាប់រយរាប់ពាន់នាក់ត្រូវបានរងរបួសភ្នែកធ្ងន់ធ្ងរ និងពិការភ្នែកជាអចិន្ត្រៃយ៍។ ការតវ៉ារបស់ក្រុមបាតុករអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីខែធ្នូ ដោយសារការមិនពេញចិត្តផ្នែកសេដ្ឋកិច្ចនោះ បានក្លាយជារឿងនយោបាយយ៉ាងឆាប់រហ័ស និងរីករាលដាលទូទាំងប្រទេស ដោយទាក់ទាញអ្នកចូលរួមមកពីគ្រប់វ័យ និងពីក្រុមអ្នកមានចំណូលតិចតួចដូចជាអ្នកលក់ដូរ និស្សិត ជនក្រីក្រ និងអ្នកមានដោយទាមទារឱ្យបញ្ចប់ការគ្រប់គ្រងរបស់ក្រុមអ្នកដឹកនាំសាសនា។

ប្រធានាធិបតីអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាម៉េរិកនឹងបង្កឱ្យមានការតបតបយ៉ាងខ្លាំងក្លាពីក្រុងតេអេរ៉ង់ ហើយអាចមានការបន្តកាត់ទោសប្រហារជីវិតដោយការព្យួរកចំពោះបាតុករដែលត្រូវបានចាប់ខ្លួន។

ឆ្លើយតបនឹងការព្រមានខាងលើប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងចូលធ្វើអន្តរាគមន៍យោធា ប្រសិនបើអ្នកតវ៉ានៅតែត្រូវបានសម្លាប់នៅតាមដងផ្លូវ ឬត្រូវព្យួរកប្រហារជីវិត។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico កាលពីថ្ងៃទី១៧ ខែមករា ថាដល់ពេលដែលត្រូវស្វែងរកថ្នាក់ដឹកនាំថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ហើយ។ ជាក់ស្តែងកាលពីសប្ដាហ៍មុន ក្រុងវ៉ាស៊ីនតោនបានដកកងទ័ព និងបុគ្កលិកមួយចំនួនចេញពីមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនេះជាសញ្ញាមួយបង្ហាញថា ក្រុងវ៉ាស៊ីនតោនអាចនឹងចូលធ្វើអន្តរាគមន៍នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក អាសហ្គា ចាហាន់ហ្គៀរ (Asghar Jahangir) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍មុនថា សកម្មភាពជាច្រើនត្រូវបានកំណត់ថា ជាការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ ដែលត្រូវតែកាត់ទោសប្រហារជីវិតភ្លាមៗក្នុងសាសនាអ៊ិស្លាម។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានថ្លែងកាលពីពេលថ្មីៗថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបាយការណ៍ការបង្ក្រាបដោយហិង្សាដ៏សាហាវនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ង់បង្ហាញការអត់ធ្មត់ជាអតិបរមា៕

អត្ថបទៈ សួនឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


បក្សកុម្មុយនីស្តវៀតណាមបើកសមាជលើកទី១៤ ដើម្បីជ្រើសរើសមេដឹកនាំ និងកំណត់ចក្ខុវិស័យសេដ្ឋកិច្ច

សមាជលើកទី១៤របស់បក្សកុម្មុយនីស្តវៀតណាមបានចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី១៩ ខែមករា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ដែលសុទ្ធសឹងជាក្បាលម៉ាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ