អ្វីដែល គេកត់សម្គាល់ជាពិសេសនោះ ឃើញថា ថ្មីៗនេះ អធិកាបតីរបស់អាល្លឺម៉ង់ ក៏បានព្រលយពាក្យសំដីដ៏មុតស្រួច ថា កុំឲ្យមានការទុកចិត្ត ឬជឿជាក់ឲ្យសោះថា រុស្ស៊ី មិនមានគម្រោង វាយប្រទេសផ្សេងទៀត ក្រៅពីអ៊ុយក្រែននោះ។ ការលើកឡើងនេះ កំពុងធ្វើឲ្យមានក្ដីបារម្ភពីសង្គ្រាមនៅក្នុងតំបន់អឺរ៉ុប កាន់តែខ្លាំង ខណៈដែលប្រទេសតូចៗនៅតំបន់អឺរ៉ុប កំពុងស្នើសុំចូលជាមួយសមាជិកអង្គការណាតូកាន់តែច្រើនដែរ សម្រាប់ជាខ្នងបង្អែកការពារខ្លួន ពីព្រោះបារម្ភថារុស្ស៊ីក៏អាចនឹងវាយប្រទេសខ្លួន ដូចវាយអ៊ុយក្រែនដែរ។
លោកអ្នកនាង! បើមើលទៅលើភាពតានតឹងរវាងសហភាពអឺរ៉ុប ជាមួយនឹងរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺថាប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអឺរ៉ុបចំនួន ២ គឺប្រទេសប៉ូឡូញ ហើយនិងប៊ូលហ្ការី ហើយបានព្រមានលោកខាងលិចជាច្រើនលើកច្រើនដងថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរគឺ «ពិតជាអាចកើតឡើងបាន»រុស្ស៊ីគំរាមកំហែងយ៉ាងដូច្នេះ។ ចំណែកឯគូរប្រជែងរបស់រុស្ស៊ី គឺប្លុកអឺរ៉ុបវិញបានច្រានចោលនូវវោហាសាស្ត្រដ៏ «ក្លាហាននិងគ្រោះថ្នាក់» នៃសង្គ្រាមអាវុធប្រល័យលោករបស់រុស្ស៊ីនេះ។ ជាក់ស្តែងថ្មីៗនេះចក្រភពអង់គ្លេសបើទោះបីជាចាកចេញពីសហភាពអឺរ៉ុបទៅហើយក្ដី ក៏នៅតែចូលរួមអំពាវនាវឱ្យសម្ព័ន្ធមិត្តលោកខាងលិច «បង្កើនការគាំទ្ររបស់ពួកគេសម្រាប់ជួយដល់អ៊ុយក្រែន»។
សហភាពអឺរ៉ុប ក៏នៅតែប្រកាន់ជំហររឹងមាំរបស់ខ្លួនដដែល ដោយត្រៀមនឹងបន្ថែមទណ្ឌកម្មថ្មីៗជាច្រើនទៀត ដើម្បីដាក់ទៅលើទីក្រុងម៉ូស្គូ រួមទាំងមានការស្នើឲ្យកាត់ផ្ដាច់ឈប់នាំចូលប្រេងពីរុស្ស៊ីនៅត្រឹមដំណាច់ឆ្នាំនេះតែម្តង។ ប៉ុន្ដែ បុរសខ្លាំងរុស្ស៊ី លោកពូទីន ក៏បានសច្ចាថា នឹងសងសឹក តាមរយៈការដាក់ទណ្ឌកម្មតបទៅកាន់ប្រទេសលោកខាងលិចវិញដូចគ្នា។
បន្ថែមពីលើនេះទៅទៀត កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រាល់កិច្ចអន្តរាគមន៍ពីបរទេសណាមួយ នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន នឹងបង្កឱ្យមាននូវអ្វី ដែលលោក ពូទីន ហៅថា«ការឆ្លើយតបយ៉ាងរហ័ស»ពីទីក្រុងមូស្គូ ខណៈដែលក្រសួងការបរទេសរបស់លោក បានព្រមានអង្គការយោធាណាតូកុំចង់មកសាកល្បងមើលការអត់ធ្មត់របស់រុស្ស៊ីឱ្យសោះ។
យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៥ ខែឧសភានេះ បានឲ្យដឹងដែរថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊ុយហ្គូ (Sergei Shoigu) បានព្រមានចំៗទៅកាន់អង្គការណាតូថា កងកម្លាំងរបស់រុស្ស៊ី នឹងពិចារណា កំណត់គោលដៅកម្ទេចចោលរាល់ការដឹកជញ្ជូនសព្វារុធរបស់អង្គការណាតូ ទៅឲ្យអ៊ុយក្រែនដើម្បីទប់ទល់នឹងរុស្ស៊ី ។
ជុំវិញភាពចម្រូងចម្រាស់កាន់តែខ្លាំងរវាងលោកខាងលិច និង រុស្ស៊ីនេះដែរ ទូរទស្សន៍ CNBC បានចោទសួរក្រុមអ្នកយុទ្ធសាស្ត្រអំពីលទ្ធភាពនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និង ប្លុកលោកខាងលិច ហើយពួកគេក៏បាននិយាយពន្យល់ជាច្រើនពាក់ព័ន្ធជាមួយនឹងសង្គ្រាមនុយក្លេអ៊ែរ។
តើវាពិតជាអាចកើតមានសង្គ្រាមនុយក្លេអ៊ែរមែនដែរឬយ៉ាងណា?
នៅពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានថា ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ គឺ«មិនអាចមើលស្រាលបានឡើយ» ហើយបាននិយាយទៀតថា ការផ្គត់ផ្គង់អាវុធរបស់អង្គការណាតូដល់អ៊ុយក្រែនគឺ មានន័យថាជាការបង្កើតសម្ព័ន្ធមិត្តយោធាឱ្យចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបង្កើនសង្គ្រាមវោហាសាស្ត្រកាន់តែខ្លាំងឡើង ដោយបានគំរាមកំហែងវាយបកទៅវិញដូច«ផ្លេកបន្ទោរ»ប្រឆាំងនឹងប្រទេសណាមួយដែលហ៊ានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមអ៊ុយក្រែន និងបង្កើតនូវអ្វីដែលលោកពូទីនហៅថាជា«ការគំរាមកំហែងជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី»។
បន្ទាប់មកទៀត លោក ពូទីន បានបង្ហាញខ្លួនមកនិយាយពីឃ្លាំងអាវុធមីស៊ីលផ្លោងអន្តរទ្វីប និង អាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលពេលនោះលោកពូទីនបានព្រមានថា រុស្ស៊ីមានឧបករណ៍សម្រាប់ការឆ្លើយតបសងសឹក ដែលពេលនេះមិនទាន់មាននរណាម្នាក់អួតពីវានៅឡើយទេ ហើយរុស្ស៊ី នឹងប្រើវាប្រសិនបើចាំបាច់មែននោះ។
លោក Samuel Ramani អ្នកវិភាគភូមិសាស្ត្រនយោបាយនិងជាសហការីនៅវិទ្យាស្ថាន Royal United Services Institute បានប្រាប់ CNBC ថា លោកគិតថា នៅពេលនេះគេនៅមិនទាន់អាចសន្និដ្ឋានបានទេ ពីលទ្ធភាពដែលនឹងអាចមានសង្គ្រាមនុយក្លេអ៊ែរឬសង្គ្រាមលោកលើកទី៣ ដែលពិតជាផ្ទុះឡើងដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះទេ។
អ្នកវិភាគភូមិសាស្ត្រនយោបាយនិងជាសហការីនៅវិទ្យាស្ថាន Royal United Services Institute បានកត់សម្គាល់ថា រុស្ស៊ីមានប្រវត្តិយូរយារណាស់មកហើយក្នុងការប្រើប្រាស់«ការគំរាមកំហែងនុយក្លេអ៊ែរ» ជាមធ្យោបាយរារាំងប្រទេសលោកខាងលិចមិនឱ្យធ្វើតាមគោលនយោបាយសន្តិសុខដែលខ្លួនមិនចូលចិត្ត ដោយការបង្កើនវោហាសាស្ត្រអរិភាពក្នុងគោលបំណងកំញើញសមាជិកអង្គការណាតូ ពីការបញ្ជូនសព្វាវុធធុនធ្ងន់ទៅឱ្យអ៊ុយក្រែន។ អង្គការណាតូ ថ្មីៗនេះ ហាក់បីដូចជាគ្មានញញើត«ការគំរាមកំហែងនុយក្លេអ៊ែរ» ពីរុស្ស៊ីបន្តិចសោះឡើយ ណាតូក៏បានអះអាងចំៗដែរថា ពួកគេនឹងបន្ដជួយគាំទ្រអ៊ុយក្រែនបន្ថែមទៀត ដើម្បីប្រយុទ្ធទប់ទល់ជាមួយរុស្ស៊ី ទោះបីនៅក្នុងសង្គ្រាមអូសបន្លាយយូរឆ្នាំយ៉ាងណាក្ដី។
ប្រធានាធិបតីអាមេរិក លោកចូបៃឌិន ឯណោះវិញ ថ្មីៗនេះ ក៏បានស្នើសភាអនុម័តថវិកាប្រហែល ៣៣ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ហើយក្នុងនោះ ថវិកាប្រហែលជាង ២០ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ជាជំនួយយោធា និងសន្ដិសុខដល់អ៊ុយក្រែន៕
អត្ថបទ៖ សុខ ជា