បញ្ញាសិប្បនិម្មិត

តើអាម៉េរិក ឬចិន ដែលឈានមុខគេក្នុងការបង្កើតភ្នាក់ងារបញ្ញាសិប្បនិម្មិត ដែលលឿន និងឆ្លាតវៃបំផុត?


បច្ចុប្បន្នបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ជាពិសេសក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិក និងមហាយក្សចិន តែម្ដង កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ដែលមានសមត្ថភាពខ្លាំងអស្ចារ្យហួសពីការស្មាន។ ប៉ុន្តែពេលនេះមានសំណួរដ៏ផុសផុលមួយត្រូវបានចោទសួរឡើងថា តើរវាងមហាអំណាចទាំងពីរនេះ មួយណាឱ្យប្រាកដ ដែលមានសមត្ថភាពផលិតភ្នាក់ងារបញ្ញាសិប្បនិម្មិត ឬ AI Agent ដែលអាចឆ្លើយតបបានលឿន និងឆ្លាតវៃជាងគេ?
បញ្ញាសិប្បនិម្មិត
ដោយ

នៅក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សអាម៉េរិក Google បានអះអាងថា ម៉ូដែល AI Gemini ថ្មីរបស់ខ្លួនមានសមត្ថភាពឆ្លើយតបបានលឿន និងឆ្លាតវៃបំផុតក្នុងពិភពលោក គឺឈ្នះម៉ូឌែល AI DeepSeek របស់មហាយក្សចិន។ ហើយក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀតដូចជាក្រុមហ៊ុន OpenAI ក្រុមហ៊ុន xAI និងក្រុមហ៊ុន Anthropic ជាដើមក៏បានអួតសរសើរម៉ូឌែល AI ដ៏ទំនើបរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។

ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Alibaba ជាដើមបានអះអាងថា ម៉ូឌែល AI ចុងក្រោយបំផុតរបស់ពួកគេដូចថា ម៉ូឌែល AI ឃ្យូវិនស្រ៊ី (Qwen3) ជាដើមប្រើប្រាស់ថាមពលកុំព្យូទ័រតិចជាងគេ ហើយនៅតែអាចដំណើរការខ្លាំងក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា គណិតវិទ្យា និងការសរសេរកូដជាដើម។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានលើកឡើងថា ថាមពលកុំព្យូទ័រមិនមែនជាអ្វីដែលសំខាន់ជាងគេបំផុតដូចមុនទៀតឡើយ ព្រោះបច្ចុប្បន្នគេផ្ដោតលើភ្នាក់ងារបញ្ញាសិប្បនិម្មិត AI ជាជំនួយការ AI ដ៏ឆ្លាតវៃដែលមានសមត្ថភាពចេះគិតវិភាគដូចមនុស្ស ចេះសម្រេចចិត្ត និងធ្វើកិច្ចការផ្សេងសម្រាប់អ្នកប្រើប្រាស់យ៉ាងអស្ចារ្យហួសពីការស្មាន។

លោក អាស័រ ឡៃ (Arthur Lai) ប្រធានផ្នែកស្រាវជ្រាវបច្ចេកវិទ្យាអាស៊ីនៅធនាគារអូស្ត្រាលី មែកខ្វរី (Macquarie) បានលើកឡើងថា ជំហានធំបន្ទាប់ក្នុងវិស័យ AI គឺមិនត្រឹមតែផ្ដោតលើការបង្កើតម៉ូឌែល AI ដែលកាន់តែឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតលើការបង្កើតកម្មវិធី ឬ App ដែលមានប្រយោជន៍ដូចជាភ្នាក់ងារ AI ជាដើមផងដែរ។

ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា ភ្នាក់ងារ AI គឺជាអ្វីផ្សេងដែលមានសមត្ថភាពពិសេសលើសពី Chatbot ឬប្រព័ន្ធឆ្លើយតបសារស្វ័យប្រវត្តិ ព្រោះភ្នាក់ងារ AI ទាំងនោះមានសមត្ថភាពខ្ពស់អាចបំពេញកិច្ចការជំនួសមនុស្សដូចជាការឆ្លើយតបអ៊ីមែល ការស្រាវជ្រាវប្រធានបទផ្សេងៗ ការគ្រប់គ្រងកាលវិភាគ ឬសូម្បីតែការបញ្ចេញមតិ ឬ Comment នៅលើបណ្ដាញទំនាក់ទំនងសង្គម។

ជាការពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងបោះជំហានទៅមុខហើយនៅក្នុងទិសដៅនេះ តួយ៉ាងក្រុមហ៊ុនអាម៉េរិក Google កំពុងបង្កើតជំនួយការ AI សកលតាមរយៈ Gemini ហើយថែមទាំងសាកល្បងវាជាមួយវ៉ែនតាឆ្លាតវៃទៀតផង រីឯក្រុមហ៊ុនអាម៉េរិក Microsoft កំពុងបង្កើតបណ្តាញភ្នាក់ងារបើកចំហ សម្រាប់ភ្នាក់ងារ AI ទំនាក់ទំនងគ្នា និងធ្វើការជាមួយគ្នាយ៉ាងអស្ចារ្យ។

ទន្ទឹមនេះ ក្រុមហ៊ុនយក្សចិន Alibaba បានដាក់ឱ្យដំណើរការជំនួយការ AI របស់ខ្លួនដែលមានឈ្មោះថា Quark AI ជាមួយនឹងមុខងារជាច្រើនដូចជាការស្វែងរក និងការបង្កើតរូបភាពជាដើម រីឯក្រុមហ៊ុនយក្សចិនពីរទៀតគឺក្រុមហ៊ុន Tencent និងក្រុមហ៊ុន ByteDance ក៏កំពុងបញ្ចេញភ្នាក់ងារ AI ថ្មីៗដ៏មានអានុភាពដែលមានសមត្ថភាពដោះស្រាយកិច្ចការស្មុគស្មាញដោយមិនចាំបាច់មានធាតុចូលរបស់មនុស្សផងដែរ។

សរុបមក ក្រុមអ្នកជំនាញយល់ថា សហរដ្ឋអាម៉េរិក ប្រហែលជាមានម៉ូឌែល AI ដែលលឿនជាងគេ ប៉ុន្តែប្រទេសចិនប្រហែលជាពូកែជាងគេខាងប្រែក្លាយម៉ូឌែល AI ទាំងនោះទៅជាឧបករណ៍ដ៏មានប្រយោជន៍ ហើយការប្រកួតប្រជែងដ៏ពិតប្រាកដនៅក្នុងការបង្កើត AI ទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតដែកធំៗពីររបស់ថៃ នឹងច្របាច់បញ្ចូលគ្នា ក្រោយទីផ្សារដែករងការគំរាមកំហែងពីការហូរចូលដែកមានតម្លៃថោកពីចិន

ក្រោមសម្ពាធពន្ធបដិការ និងស្ថានភាពសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងប្រែប្រួលឆាប់រហ័ស បានជំរុញឱ្យក្រុមហ៊ុនផលិតដែកថែបធំៗពីររបស់ថៃ សម្រេចច្របាច់បញ្ចូល…

អ្នកជំនាញព្យាករថា Bitcoin អាចហក់ឡើងថ្លៃឡើងដល់១៣ម៉ឺនដុល្លារក្នុង១កាក់នៅឆ្នាំនេះ

បន្ទាប់ពីបានហក់ឡើងថ្លៃស្រឺតៗឈានដល់កម្រិតកំណត់ត្រាថ្មី១១ម៉ឺន១ពាន់ដុល្លារអាម៉េរិកក្នុងមួយកាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ពេលនេះក្រុមឈ្មួញជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ