លោក ឡុង ឌីងបីន(Long Dingbin) ប្រេសិតពិសេសរបស់ប្រទេសចិនប្រចាំស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Perth ប្រទេសអូស្ត្រាលី បានទៅទស្សនកិច្ចនៅក្រុមហ៊ុននេសាទមួយឈ្មោះ ជឺរ៉ាត់តុន(Geraldton)របស់អូស្ត្រាលី កាលពីថ្ងៃអង្គារ ទី១០ មករា។ សកម្មភាពនេះកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសចិនបានលុបចោលការហាមឃាត់នាំចូលធ្យូងថ្មក្តៅរបស់អូស្ត្រាលី ដែលបានបិទខ្ទប់តាំងតែពីឆ្នាំ២០២០មក។
យោងតាមគណនី WeChat ផ្លូវការរបស់ស្ថានកុងស៊ុលចិននៅប្រចាំទីក្រុងភើតបានឲ្យដឹងថា នឹងមានការអភិវឌ្ឍទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសចិន និងអូស្ត្រាលី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងរវាងគ្នា ហើយសហការជាមួយក្រុមហ៊ុននេសាទ Geraldton ដែលនឹងដើរតួនាទីកាន់តែធំសម្រាប់ឧស្សាហកម្មនេសាទនៃប្រទេសទាំងពីរ។
ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី-ចិន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតចិន ដោយនិយាយថា បង្កងអូស្រ្តាលី គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ការនាំចេញ និងសម្រាប់វិស័យដឹកជញ្ជូនដ៏មានសក្តានុពល សម្រាប់ការហោះហើរត្រង់ដោយផ្ទាល់រវាងទីក្រុង Perth និងប្រទេសចិន។
ដំណើរទស្សនកិច្ចនេះទៀតសោត ធ្វើឡើងនៅថ្ងៃតែមួយ ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី លោក ស៊ោរ ឈាន (Xiao Qian) បាននិយាយថា ប្រទេសចិន និងអូស្ត្រាលីនឹងវិលមករកទំនាក់ទំនងធម្មតាឡើងវិញនាពេលឆាប់ៗខាងមុខ។
យ៉ាងណាក៏ដោយ លោក អេឌ្រូ ហ្វឺហ្គូសិន(Andrew Ferguson) នាយកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អាហារសមុទ្របាននិយាយថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងព្យាយាមធ្វើពិពិធកម្មទីផ្សារជាមួយ កូរ៉េខាងត្បូង កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមហាមឃាត់របស់ប្រទេសចិនមក ដោយលោកមិនចង់រំពឹងតែទៅលើទីផ្សារតែមួយទៀតនោះទេ។ ប៉ុន្តែលោកសង្ឃឹមថា ការវិវត្តចុងក្រោយនៃទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងកង់ប៉េរ៉ា នឹងអាចឈានទៅដោះស្រាយការរាំងស្ទះជាយូរមកហើយ ដោយនឹងបើកឱ្យមានការនាំចូលពីអូស្ត្រាលីទៅក្នុងទីផ្សារប្រទេសចិនឡើងវិញម្តងទៀត។
បើយោងតាមនាយកដ្ឋានកសិកម្មអូស្ត្រាលី ក្នុងឆ្នាំ២០០៩បង្កងអូស្ត្រាលីជាង ៩០% ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលមានតម្លៃប្រហែល ៥១៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ប៉ុន្តែគិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ការនាំចូលបង្កងអូស្ត្រាលីទៅកាន់ទីផ្សារចិន បានធ្លាក់ចុះដល់កម្រិតសូន្យ បើទោះជាមួយចំនួនត្រូវបានគេរាយការណ៍ថា នៅតែលួចឆ្លងនាំចូល ដោយការរត់ពន្ធពីទីក្រុងហុងកុងក៏ដោយ។
សូមជម្រាបថា កាលពីថ្ងៃពុធទី១២ ខែមករា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ឱ្យដឹងដែរថា លោកនឹងបន្តចូលរួមជាមួយទីក្រុងប៉េកាំង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីលោក ស៊ោរ ឈាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីបានស្នើឱ្យទីក្រុងកង់បេរ៉ាទម្លាក់ចោលពាក្យបណ្តឹងជាផ្លូវការនៅ WTO ជុំវិញការដំឡើងពន្ធនាំចូលរបស់ចិនលើស្រូវសាលី និងស្រាក្រហម របស់អូស្ត្រាលី ដែលចិនបានដាក់ចាប់តាំងខែឧសភាឆ្នាំ២០២០ និងខែមីនាឆ្នាំ២០២១មក៕