នយោបាយ​នៅ​កម្ពុជា

អាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​​ដក​ចេញ​នូវ​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ


សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹតត្បិត​ផ្នែក​នយោបាយ​និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ រួមទាំង​អតីត​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ផង​ដែរ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

លោក Morgan Ortagus អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ៖ «យើង​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិត​ប្រាកដ ហើយ​ធានា​ថា សកម្មភាព​និង​ច្បាប់​របស់​ខ្លួន គោរព​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​កម្ពុជា​ក្រោម​ច្បាប់​អន្តរជាតិ»។

លោក Morgan Ortagus បាន​និយាយ​ផងដែរ​ថា ៖ «យើង​សូមអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹតត្បិត​ខាង​នយោបាយ​ហួសហេតុ​លើ​មនុស្ស​គ្រប់​រូប​នៅ​កម្ពុជា និង​ដោះលែង​អ្នក​ទោស​ទាំង​នោះ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​បំពាន​ឬ​ខុស​ច្បាប់ រួមទាំង​លោក កឹម សុខា»។

សហរដ្ឋ​អាមេរិក​ក៏​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ផងដែរ ចំពោះ​ការ​ស្លាប់​របស់​លោក ទិត្យ រ៉ន ដែល​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ភ្លាមៗ​ចំពោះ​ហេតុការណ៍​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​និង​ការ​ស្លាប់​របស់​គាត់។

លោក Morgan Ortagus បាន​បន្ត​ថា ៖ «យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផងដែរ អំពី​ដំណើរការ​នីតិ​វិធី​ច្បាប់​នា​ពេល​ថ្មីៗ​នេះ ប្រឆាំង​នឹង​សមាជិក​ជាង ៦៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​សម្ពាធ​នៅតែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ទៅលើ​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស ករណី​នៅ​ខេត្ត​បាត់ដំបង។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ការ​កោះហៅ​អ្នក​ល្មើស​ច្បាប់​ទៅ​សាកសួរ​ជា​វិធានការ​ច្បាប់​ចំពោះ​អ្នក​រំលោភ​សាល​ដីកា​តុលាការ​កំពូល ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ហាម​សមាជិក​មួយ​ចំនួន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។

លោក សុខ ឥសាន បាន​សរសេរ​តាម​សារ​តេឡេក្រាម​ដូច្នេះ​ថា ៖ «នេះ​មិន​អាច​ចាត់​ថា ជា​ការ​គំរាម​កំហែង​ទេ។ តុលាការ​កោះ​ហៅ​ទៅ​សាកសួរ បើ​ជា​មាស​សុទ្ធ​មិន​ត្រូវ​ខ្លាច​ភ្លើង​ទេ។»

លោ​ក សុខ ឥសាន បាន​បន្ត​ថា បើ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ កុំ​ជួបជុំ​គ្នា​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ទៅ ជា​ការ​ស្រេច​ហើយ ខណ:​ដែល​អ្នក​ដទៃ​ដែល​មិន​ធ្វើ​នយោបាយ​គាំទ្រ​«ខ្មោច​បក្ស​ប្រឆាំង» មាន​ប៉ះពាល់​ឯណា?។

ចំពោះ​ករណី​លោក ទិត្យ រ៉ន អាជ្ញាធរ​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​ហើយ​ថា គាត់​បាន​ស្លាប់​ដោយសារ​ដួល​បោក​ក្បាល​ខណៈស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបបារាំង Auchan សម្រេចលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅវៀតណាម ព្រោះតែខាតពេក

ព័ត៌មាន
ផ្សារទំនើបយីហោពីបារាំង Auchan បានប្រកាសលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុនផ្សារទំនើបមួយនេះបានឈរជើងអ…

ការផលិតអំបិលរបស់កម្ពុជា និងវៀតណាម កំពុង​រងទុក្ខ​ប្រហាក់​ប្រហែល​គ្នា

ព័ត៌មាន
មិនមែនតែការផលិតអំបិលនៅកម្ពុជាទេ ដែលកំពុងប្រឈមមុនខ្លាំង នឹងបញ្ហាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម នៅឯប្រទេសវៀតណាម ឯណោះវិញ ការផលិតអំបិលក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ