ប៉ុន្ដែ នៅគ្រាដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ អតិផរណាកើនឡើងឥតឈប់ឈរនោះ ក៏មានសំណួរចោទសួរឡើងថា តើវិស័យអាកាសចរពិតជាកំពុងប្រឈមនឹងបញ្ហាថ្មីបន្ថែមទៀតហើយ ឬក៏យ៉ាងណា? តើមនុស្សម្នានៅជុំវិញពិភពលោក អាចនឹងនៅតែមានបំណងធ្វើដំណើរច្រើន ដែរឬទេ? ហើយតម្លៃសំបុត្រយន្ដហោះវិញ នឹងអាចត្រូវកើនខ្ពស់ដែរឬទេ?
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាកាសចរណ៍សកល នៅឆ្នាំ២០២២ អាចនឹងនៅមានការខាតបង់ទឹកប្រាក់ប្រមាណជិត១០ពាន់លានដុល្លារ ខណៈការខាតបង់នេះ គឺមានតិចតូចជាមុន បើធៀបនឹងការខាតបង់ចំនួនជាង ៤២ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិរំពឹងថា វិស័យអាកាសចរណ៍សកលនឹងអាចទទួលបានប្រាក់ចំណេញមកវិញនៅឆ្នាំ ២០២៣ផងដែរ។
ប៉ុន្តែការរកប្រាក់ចំណូលនាពេលបច្ចុប្បន្ននៅតែមានកម្រិតទាបជាងពីពេលមុនមានការរាតត្បាតនៃជំងឺកូវីដ ១៩ ដដែល ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនដែលមានបំណុលខ្ពស់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ ពាក់ព័ន្ធនឹងការកើនឡើងថ្លៃប្រេងឥន្ធនៈ និងប្រាក់ឈ្នួលកើនខ្ពស់ ដែលបានបង្ខំឱ្យពួកគេគិតសេវាកម្មដឹកជញ្ជូនពីអ្នកប្រើប្រាស់ក្នុងតម្លៃថ្លៃឈ្នួលខ្ពស់។
លោក Marie Owens Thomsen ប្រធានសេដ្ឋវិទូរបស់ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បាននិយាយថា ការកំណត់តម្លៃដឹកជញ្ជូននៅក្នុងឆ្នាំនេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់នៃភាពមិនច្បាស់លាស់ ប៉ុន្តែលោកបានអះអាងថា វាអាចនឹងធ្លាក់ចុះមកវិញនៅឆ្នាំក្រោយ។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំឧស្សាហកម្ម ដែលប្រមូលផ្តុំនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បានគូសបញ្ចាក់ថា ការកក់ទុកមុននៃសំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរនៅប៉ុន្មានខែខាងមុខ ហាក់មានការកើនឡើងខ្ពស់ ដោយសារតែមានការព្រួយបារម្ភពីការប្រែប្រួលនៃតម្លៃសំបុត្រយន្ដហោះនាពេលខាងមុខ។
លោក Izham Ismail បាននិយាយថា តម្លៃសំបុត្រយន្តហោះទាមទារឱ្យមានការកាត់បន្ថយទាបជាងនេះទៀត ដោយសារតម្លៃបានកើនឡើងយ៉ាងខ្លាំង ខណៈការកើនឡើងនេះ វាមិនត្រឹមតែមាននៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាមាននៅទូទាំងពិភពលោក។
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ព្យាករណ៍ថា តម្លៃសម្រាប់ថ្លៃសំបុត្រយន្តហោះនឹងកើនឡើង ៥,៦% នៅឆ្នាំនេះនៅទូទាំងពិភពលោក។
តួយ៉ាង នាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand លោក Greg Foran បាននិយាយថា ថ្លៃសំបុត្រយន្តហោះនៅក្រុមហ៊ុនអាកាសចរណ៍របស់គាត់ឥឡូវនេះកំពុងកើនឡើងពី ២០% ទៅ ២៥% លើសពីកម្រិតមុនពេលកូវីដ១៩ ដែលជាផ្នែកមួយ ដើម្បីចំណាយលើតម្លៃប្រេងឥន្ធនៈដែលបានកើនឡើងលើសពីមុនទ្វេដង។
គួរជម្រាបថា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លោក Izham បានព្រមានថា ប្រសិនបើតម្លៃនៅតែបន្តឡើងខ្ពស់ ការប្រើប្រាស់សេវាកម្មរបស់អតិថិជននឹងមានការធ្លាក់ចុះ ហើយវានឹងក្លាយទៅជាវិបត្តិដ៏អាក្រក់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នាពេលខាងមុខផងដែរ៕