លោកសាស្ត្រាចារ្យ មុនទ្រី សូសាទីយ៉ានូរាក់ ( Montree Socatiyanurak) នាយកប្រតិបត្តិ នៃកម្មវិធីគ្រប់គ្រងថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្ត នៅវិទ្យាស្ថានជាតិ អភិវឌ្ឍន៍រដ្ឋបាល បានអះអាងថា វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នខុសពីឆ្នាំ១៩៩៧ ជាពិសេសទាក់ទងនឹងផលប៉ះពាល់របស់វា ទៅលើវិស័យផ្សេងៗ។ លោកយល់ឃើញថា រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ថៃ នៅពេលនេះ ហាក់បីដូចជាពីរ៉ាមីត ដែលមានអាជីវកម្ម និងសហគ្រាសខ្នាតតូច ស្ថិតនៅបាតជាមូលដ្ឋាន បន្ទាប់មកមានវណ្ណៈកណ្តាល និងក្រុមហ៊ុនធំៗ និងបុគ្គលដែលមានប្រាក់ចំណូលខ្ពស់នៅកំពូល។
លោកបានបន្តថា បញ្ហាសេដ្ឋកិច្ចថៃ បច្ចុប្បន្នត្រូវបានប្រមូលផ្តុំនៅមូលដ្ឋាន ជាពិសេសនៅក្នុងអាជីវកម្ម និងសហគ្រាសខ្នាតតូច ដែលវាជាមូលហេតុធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានការលំបាក ដោយសារការដោះស្រាយបញ្ហានៅមូលដ្ឋានទាមទារការខិតខំប្រឹងប្រែងយ៉ាងសកម្ម។ ផ្ទុយទៅវិញ វិបត្តិឆ្នាំ ១៩៩៧ បានជះឥទ្ធិពលផលប៉ះពាល់លើមូលដ្ឋានតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យការស្ទុះងើបឡើងវិញនៅពេលនោះមានភាពរហ័សជាងពេលនេះ។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចថៃ នៅមូលដ្ឋានមានសភាពធ្ងន់ធ្ងរ ដោយគ្រួសាររហូតដល់ទៅ៩១% នៃអត្រាផលិតផលក្នុងស្រុកសរុប កំពុងប្រឈមនឹងបញ្ហា។ បន្ថែមលើនេះសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសខ្នាតតូច កំពុងប្រឈមមុខនឹងបញ្ហាដែលបង្កឡើងដោយការកើនឡើងកម្ចីមិនដំណើរការ(NPLs) ដែលធ្វើឲ្យធនាគារមានការប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចី ដែលឱ្យមានការខ្វះខាតសាច់ប្រាក់នៅក្នុងចរន្តសេដ្ឋកិច្ច។ .
ចំពោះបញ្ហាសំខាន់នៅពេលនេះ គឺវិបត្តិសាច់ប្រាក់ងាយស្រួលដែលសហគ្រាសធុនតូច និងមធ្យម កំពុងប្រឈមមុខ ជារឿយៗពឹងផ្អែកលើប្រាក់កម្ចីក្រៅផ្លូវការសម្រាប់ប្រតិបត្តិការ។ ទិន្នន័យបានបង្ហាញថា ក្នុងចំណោមសហគ្រាសខ្នាតតូចប្រមាណ២,៥លាន គឺមានតែ៥៣% ប៉ុណ្ណោះដែលអាចទទួលបានប្រាក់កម្ចីផ្លូវការ ខណៈប្រហែល៣៥% ពឹងផ្អែកលើប្រាក់កម្ចីក្រៅផ្លូវការ ដែលនាំឱ្យអត្រាការប្រាក់ខ្ពស់ និងបង្កើនហានិភ័យនៃការបិទអាជីវកម្ម។
យ៉ាងណាមិញ លោកបានរិះគន់លើគម្រោងកាបូបឌីជីថល ដែលផ្តល់លុយឱ្យពលរដ្ឋម្នាក់ៗ២៨៥ដុល្លារថា វាមិនបានជួយដោះស្រាយបានគ្រប់គ្រាន់នូវតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម និងអ្នកលក់រាយខ្នាតតូចឡើយ។ គម្រោងនេះអនុញ្ញាតឱ្យអ្នកលក់រាយតូចៗទទួលបានការទូទាត់ជាឌីជីថល ប៉ុន្តែមិនជួយពួកគេជាមួយនឹងលំហូរសាច់ប្រាក់ ដែលជាកត្តាសំខាន់សម្រាប់ប្រតិបត្តិការរបស់ពួកគេ។ លោកជឿជាក់ថា គម្រោងនេះអាចផ្តល់អត្ថប្រយោជន៍ដល់សាជីវកម្មធំជាងអាជីវកម្មខ្នាតតូច៕
ដោយៈ សរ សុជាតិ