ប្រទេសហ្វីលីពីន កំពុងពឹងផ្អែកលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកាន់តែខ្លាំង ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងផែនការរបស់ខ្លួនក្នុងការរុករកធនធានថាមពលនៅក្នុងសមុទ្រចិន ខាងត្បូង ដែលមានជម្លោះ។ នេះបើយោងតាមបេសកជនការទូតរបស់ទីក្រុងម៉ានីលប្រចាំទីក្រុងវ៉ាស៊ីនតោន។
ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាម៉េរិក គឺ លោក ចូសេ ម៉ាណូអែល រ៉ូម៉ាលដេរ (Jose Manuel Romualdez) បាននិយាយថា ហ្វីលីពីនកំពុងស្វែងរកការភ្ជាប់ទំនាក់ទំនងសន្តិសុខដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រែក្លាយទៅជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ទូលំទូលាយ។
លោក ចូសេ ម៉ាណូអែល បាននិយាយថា ហ្វីលីពីនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន មិនត្រឹមតែសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែមានទាំងជប៉ុន និងអូស្ត្រាលីផងដែរ។
ពាក់ព័ន្ធនឹងផែនការនេះ លោកស្រី ជីណា រ៉េនមុនដូ ( Gina Raimondo ) អ្នកទទួលខុសត្រូវនៃការិយាល័យពាណិជ្ជកម្មអាម៉េរិក បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាម៉េរិកគ្រោងនឹងប្រកាសការវិនិយោគដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារនៅក្នុងប្រទេសហ្វីលីពីន។
ការវិនិយោគនេះនឹងស្ថិតនៅក្នុងវិស័យដូចជា ថាមពលពន្លឺព្រះអាទិត្យ យានយន្ត អគ្គិសនី និងការធ្វើបដិវត្តកម្មឌីជីថល ។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនអាមេរិកមានបំណងចង់ធ្វើអាជីវកម្មនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ៕
ដោយៈ សរ សុជាតិ