ក្រោយការឡោមព័ន្ធតំបន់ Gaza ជាងបួនថ្ងៃមកនេះ ដើម្បីវាយប្រហារផ្លូវអាកាសដោយទម្លាក់គ្រាប់បែក និងគ្រាប់រ៉ុក្កែត គេជឿថា មិនយូរទៀតទេកងទ័ពអ៊ីស្រាអែល ប្រមាណជាង៣០ម៉ឺននាក់ ដែលកំពុងឈរជើងតាមព្រំដែន Gaza ជាមួយនឹងរថក្រោះនិងរថពាសដែក នឹងបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើក្រុមហាម៉ាស។ យ៉ាងណាក៏ដោយនៅថ្ងៃពុធ ទី១១ តុលា កងទ័ពអ៊ីស្រាអែល បានរកឃើញសាកសពកងកម្លាំងហាម៉ាស ជាង១,៥០០នាក់ ក្នុងទីតាំងជាងដប់កន្លែងពេលខ្លួនដណ្តើមបានមកវិញតំបន់ជុំវិញព្រំដែនជាប់ជាមួយនឹង Gaza។
ក្រៅពីសមរភូមិននៅ Gaza នៅព្រំដែនលីបង់ឯណោះវិញ ក៏នៅតែមានការបាញ់ប្រហារគ្នាតទៅតមករវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេស្សប៊ូឡា ផងដែរ។ ការរាយការណ៍បានឱ្យដឹងថា ស្ថានការណ៍នៅព្រំដែនអ៊ីស្រាអែល ជាមួយលីបង់អាចនឹងរាលដាលធ្ងន់ធ្ងរ បន្ទាប់ពីភាគីអ៊ីស្រាអែល បន្តផ្លោងរ៉ុក្កេត ឆ្លើយតបនឹងការបាញ់មីស៊ីលប្រមាណ១៥គ្រាប់ពីសំណាក់ក្រុមហេស្សប៊ូឡា។ ទោះយ៉ាងណា មិនមានការរាយការណ៍ពីអ្នកស្លាប់និងរងរបួសនោះទេ ខណៈកាលពីអង្គារចំនួនអ្នកស្លាប់មានប្រមាណ៥នាក់។
ទន្ទឹមគ្នានេះ យោធាអ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីស្រាអែល បានឡើងដល់ជាង១,២០០នាក់ហើយ ខណៈមនុស្សជាង៣ពាន់នាក់ទៀតរងរបួស។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលរបស់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្សជាង៩៥០នាក់បានស្លាប់ និងជាង ៥,០០០នាក់រងរបួសចាប់តាំងពីការវាយប្រហារពីថ្ងៃសៅរ៍មក។ យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សជាង១៨ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅពីតំបន់ហ្គាហ្សា ដែលភាគច្រើនបានជ្រកកោននៅក្នុងសាលារៀនរបស់អង្គការសហប្រជាជាតិ។
ចំពេលសង្គ្រាមមិនដឹងពេលណាចប់រលត់ លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃអង្គារ បានចេញសារថ្មីមួយពន្លឿនការផ្តល់ជំនួយយោធាឱ្យអ៊ីស្រាអែល និងបានហៅការវាយប្រហាររបស់ពួកហាម៉ាស ជាទង្វើដ៏អាក្រក់បំផុត។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងពិភាក្សាជាមួយអ៊ីស្រាអែល និងអេហ្ស៊ីបផងដែរ អំពីគំនិតនៃការបង្កើតផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា។
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ក្រសួងការពារជាតិអាម៉េរិក វ៉ាស៊ីនតោនត្រៀមពង្រាយនាវាផ្ទុកយន្តហោះយក្សមួយគ្រឿងបន្ថែមទៀត ទៅកាន់សមុទ្រក្បែរប្រទេសអ៊ីស្រាអែល។ នាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower រួមជាមួយនឹងនាវាចម្បាំង និងយន្តហោះចម្បាំងនៅលើនោះផង នឹងត្រូវដាក់ពង្រាយនៅចុងខែតុលានេះ បើមិនមានការផ្លាស់ប្តូរ។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យ អាមេរិកបានពង្រាយនាវាផ្ទុកយន្តហោះ USS Gerald R. Ford រួចហើយទៅកាន់សមុទ្រមេឌីទែរ៉ាណេក្បែរតំបន់ Gaza។ ប្រធានាធិបតីទួកគីលោក តាយីប អេដូហ្កាន កាលពីថ្ងៃអង្គារបានរិះគន់ការពង្រាយនាវាពិឃាតរបស់សហរដ្ឋអាម៉េរិកនេះ ដោយថា ប្រៀបដូចជាបញ្ចូនសារសម្រាប់ឱ្យអ៊ីស្រាអែលសម្លាប់រង្គាលនៅ Gaza ដែរ៕