ប្រភពព័ត៌មានពីសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលបន្តថា ការមកដល់ជាលើកដំបូងរបស់លោកជំទាវ Orna Sagiv នឹងមកនាំជាមួយនូវការសន្យា ចំពោះការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាល្អ និងទំនាក់ទំនងដ៏កក់ក្តៅរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអ៊ីស្រាអែល។
តើដំណើរទស្សនកិច្ចលើកនេះ មានសារសំខាន់យ៉ាងណាសម្រាប់កម្ពុជា?
លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល គូសបញ្ជាក់ថា កម្ពុជានិងអ៊ីស្រាអែល មានប្រវត្តិសាស្ត្រស្រដៀងគ្នា ពោលគឺប្រទេសទាំងពីរគឺសុទ្ធតែធ្លាប់ជាមហាអំណាច ជាអាណាចក្រ កាលពីអតីតកាល ហើយបានដួលរលំ និងងើបឡើងវិញស្ទើរតែពីបាតដៃទទេ ទើបបានរីកចម្រើនដូចសព្វថ្ងៃនេះឡើងវិញ។ នេះសុទ្ធសឹងតែកើនឡើងពីចក្ខុវិស័យដឹកនាំត្រឹមត្រូវ ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលបន្តថា អ៊ីស្រអែលជាប្រទេសដែលគេស្គាល់ថា ពោរពេញទៅដោយអ្នកមានជំនាញ ចំណេះដឹង និងបទពិសោធន៍ច្រើន លើវិស័យសំខាន់ៗជាច្រើនដូចជា បច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងការស្រាវជ្រាវ។ល។
ម៉្យាងវិញទៀត កម្ពុជាទោះមិនមានបច្ចេកទេសខ្លាំងដូចអ៊ីស្រាអែល តែកម្ពុជាជាមូលដ្ឋានដ៏សំខាន់ ពោរពេញដោយកម្លាំងពលកម្មវ័យក្មេង មានសមត្ថភាព និងឆន្ទៈ ផ្ទៃដីធំទូលាយ ហើយជាច្រកទ្វារចូលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារធំទូលាយ និងសកម្មបំផុតនាពេលបច្ចុប្បន្ននេះ។ ទាំងនេះសុទ្ធសឹងជាអ្វីដែលប្រទេសទាំងពីរត្រូវការពីគ្នាទៅវិញទៅមក។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលរូបនេះជឿជាក់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នពឹងផ្អែកលើការនាំចេញវត្ថុធាតុដើម និងកម្លាំងពលកម្មដែលមានតម្លៃថោកក៏ដោយ តែកម្ពុជាមានសក្តានុពលដ៏អស្ចារ្យសម្រាប់កំណើនលឿនរហ័ស ដោយសារសមាសភាពនៃចំនួនប្រជាជន និងទីតាំងភូមិសាស្ត្ររបស់ប្រទេស ហើយការនាំយកចំណេះដឹង ជំនាញ និងការបង្កើតថ្មីៗ មកនៅក្នុងសេដ្ឋកិច្ចកម្ពុជា ពីប្រទេសអ៊ីស្រាអែល នឹងជួយឱ្យកម្ពុជាជឿនលឿនជាលំដាប់។
ដូនេះទស្សនកិច្ចជាលើកដំបូងមកកម្ពុជា ដោយលោកជំទាវឯកអគ្គរដ្ឋទូត នឹងបើកផ្លូវទៅរកផលប្រយោជន៍ជា វិជ្ជមានសម្រាប់ប្រទេសទាំងពីរ។
សូមជម្រាបថា ទោះបីអ៊ីស្រាអែលជារដ្ឋតូចក៏ពិតមែន តែអ៊ីស្រាអែលជាប្រទេសឈានមុខគេមួយក្នុងលោក ទាក់ទងនឹងលទ្ធផលនៃបច្ចេកវិទ្យា ការច្នៃប្រឌិត វិស័យកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យាចំណីអាហារ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាផលិតកម្មថាមពល បច្ចេកវិទ្យាអ៊ីនធឺណិត និងការអភិវឌ្ឍន៍៕