មកទល់ពេលនេះប្រទេសជប៉ុនបានបញ្ជូនតែអាវក្រោះការពារគ្រាប់កាំភ្លើង និងឧបករណ៍មិនមែនជាអាវុធទៅកាន់អ៊ុយក្រែនតែប៉ុណ្ណោះ ហើយនៅក្រោមច្បាប់បច្ចុប្បន្ននេះ ទីក្រុងតូក្យូអាចបញ្ជូនតែយន្តហោះចម្បាំង រថពាសដែក និងមីស៊ីលទៅកាន់ប្រទេសមួយចំនួនដែលរួមគ្នាអភិវឌ្ឍ និងផលិតសម្ភារៈយោធាតែប៉ុណ្ណោះ។
រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុនបានបង្ហាញនូវគំនិតនៃការពង្រីកចំនួនប្រទេស ដែលមានសិទ្ធិសម្រាប់ការនាំចេញអាវុធ ហើយនៅក្រោមការផ្លាស់ប្តូរនេះ ប្រទេសដែលបានរងការវាយប្រហារដោយកងកម្លាំងឈ្លានពាននឹងមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានសព្វាវុធទាំងនេះ។
យុទ្ធសាស្ត្រសន្តិសុខជាតិដែលត្រូវបានកែប្រែឡើងវិញកាលពីខែធ្នូឆ្នាំមុននេះ បាននិយាយថា គោលការណ៍នៃការនាំចេញគ្រឿងសម្ភាសៈការពារជាតិនេះ នឹងត្រូវយកមកពិចារណាសម្រាប់ធ្វើការកែប្រែឡើងវិញ។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីសប្តាហ៍មុនបានអំពាវនាវឱ្យសមាជិកសភាធ្វើវិសោធនកម្មច្បាប់នាំចេញអាវុធ ដោយលោកបានអះអាងថា ការពង្រីកការនាំចេញផ្នែកយោធា«នឹងក្លាយជាឧបករណ៍គោលនយោបាយដ៏សំខាន់មួយសម្រាប់ការផ្តល់ជំនួយដល់ប្រទេសណា ដែលបានរងការឈ្លានពាន ដោយរំលោភបំពានលើច្បាប់អន្តរជាតិ។
ការជំរុញឱ្យធ្វើវិសោធនកម្មច្បាប់នេះបានកើតឡើងនៅពេលប្រទេសជប៉ុនកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំជី៧នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានៅក្នុងខែឧសភា ជាកិច្ចប្រជុំកំពូលមួយដែលនឹងផ្តល់ឱកាសសម្រាប់ទីក្រុងតូក្យូក្នុងការដំឡើងសាច់ដុំការទូតរបស់ខ្លួន និងធ្វើការប្រកាសថា ប្រទេសជី៧ទាំងអស់នឹងបន្តគាំទ្រទីក្រុងកៀវរបស់ប្រទេសអ៊ុយក្រែន។
ក្រោយពីចាប់ផ្តើមជាមួយអាវុធធុនស្រាលហើយ បណ្តាប្រទេសបស្ចិមលោកបានចាប់ផ្តើមបញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យកងកម្លាំងរបស់អ៊ុយក្រែនខណៈដែលពួកគេបន្តការវាយដណ្តើមមកវិញនូវទឹកដីដែលបានធ្លាក់ក្នុងដៃរបស់ទាហានរុស្ស៊ី។ ការសម្រេចចិត្តបញ្ជូនសព្វាវុធដ៏មានកម្លាំងខ្លាំងទៅកាន់ទីក្រុងកៀវកាន់តែច្រើនឡើងនេះបានបង្ហាញពីបំណងចង់បង្កើតរណសិរ្សរួបរួមមួយប្រឆាំងនឹងរុស្ស៊ីដោយជម្នះការភ័យខ្លាចបង្កឡើងដោយទីក្រុងម៉ូស្គូនៅតាមប្រទេសជាច្រើន។
ទោះជាយ៉ាងណា ច្បាប់សន្តិភាពនិយមរបស់ជប៉ុនបានហាមជប៉ុនមិនឲ្យបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែននោះទេដែលបានបង្កើនក្ដីបារម្ភថា ទីក្រុងតូក្យូកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អក្នុងការដឹកនាំការពិភាក្សាការទូតពាក់ព័ន្ធនឹងបញ្ហានេះ ហើយសូមបញ្ជាក់ថា លោក Kishida គឺជាមេដឹកនាំក្រុមជី៧តែម្នាក់គត់ដែលមិនទាន់បានទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន។
លោក Kishida បានព្រមានជារឿយៗថា «តំបន់អាស៊ីបូព៌ាអាចក្លាយជាអ៊ុយក្រែនទី២»។ ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសមហាអំណាចបស្ចិមលោកនៅលើផ្នែកយោធាត្រូវបានគេចាត់ទុកថាជាការរារាំងដ៏មានប្រសិទ្ធភាពប្រឆាំងនឹងប្រទេសចិនដែលកំពុងបង្កើនសម្ពាធលើតៃវ៉ាន់៕