ជប៉ុននឹងចាប់ផ្ដើមបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា

ប្រទេសជប៉ុននឹងបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រចាប់ពីថ្ងៃទី២៤ ខែសីហា


ប្រទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលគេបានចម្រោះក្នុងបរិមាណជាង១លានតោនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ានៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហាដើម្បីឱ្យមានដំណើរការរោងចក្រនេះ ជាផែនការមួយដែលធ្វើឱ្យប្រទេសចិនរិះគន់យ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ជប៉ុននឹងចាប់ផ្ដើមបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បាននិយាយនៅថ្ងៃអង្គារនេះ លោកបានស្នើឱ្យក្រុមហ៊ុន តេបកូ (Tepco) រៀបចំឱ្យបានឆាប់រហ័សសម្រាប់ការបង្ហូរទឹកនេះដើម្បីឱ្យស្របតាមផែនការដែលបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ ហើយរំពឹងថាការបញ្ចេញទឹកនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហាជាពេលដែលមានអាកាសធាតុល្អ។

ការប្រកាសនេះបានធ្វើឡើងនៅពេលមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាល បាន«ស្វែងយល់មួយកម្រិត»ពីឧស្សាហកម្មនេសាទជុំវិញការបង្ហូរទឹកនេះ ទោះជាក្រុមនេសាទនិយាយថាពួកគេនៅតែខ្លាចខូចកេរ្តិ៍ឈ្មោះដែលនឹងប៉ះពាល់ជីវភាពរបស់ពួកគេក៏ដោយ។

លោក គីស៊ីដា បាននិយាយកាលពីថ្ងៃចន្ទថា លោកបានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងទទួលខុសត្រូវទាំងស្រុងក្នុងការធានាឱ្យឧស្សាហកម្មនេសាទអាចបន្តការចិញ្ចឹមជីវិតរបស់ពួកគេទៅមុខទៀតបានទោះជាផែនការនេះនឹងបន្តក្នុងពេលជាច្រើនទសវត្សរ៍ទៀតក៏ដោយ។

ប្រទេសជប៉ុនបាននិយាយថា ការបង្ហូរទឹកចូលទៅក្នុងសមុទ្រនេះគឺមានសុវត្ថិភាព ហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់សហប្រជាជាតិក៏បានបំភ្លឺពីផែនការនេះកាលពីខែកក្កដាដែរថា ផែនការនេះបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថានគឺ«តិចតួចបំផុត»។

មិនត្រឹមពលរដ្ឋជប៉ុនទេដែលរិះគន់ផែនការនេះសូម្បីតែប្រទេសជិតខាងជប៉ុនមួយចំនួនក៏បានសម្តែងការសង្ស័យពីសុវត្ថិភាពនៃការបញ្ចេញទឹកនេះដែរដោយទីក្រុងប៉េកាំងបានចេញមុខរិះគន់ខ្លាំងជាងគេបំផុត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយកាលពីខែកក្កដាថា ជប៉ុនបានបង្ហាញភាពអាត្មានិយម និងក្រអឺតក្រទម ហើយមិនបានពិគ្រោះជាមួយសហគមន៍អន្តរជាតិទាំងស្រុងពីការបញ្ចេញទឹកនេះឡើយ។

ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០នៅប្រទេសជប៉ុនរួមទាំងទីក្រុងហ្វូគូស៊ីម៉ា និងរាជធានីតូក្យូផងដែរ។ ការនាំចូលអាហារសមុទ្រពីខេត្តផ្សេងៗទៀតត្រូវបានអនុញ្ញាតជាធម្មតាប៉ុន្តែត្រូវតែឆ្លងកាត់ការធ្វើតេស្តជាតិវិទ្យុសកម្ម និងមានភស្តុតាងថា អាហារទាំងនេះត្រូវបានផលិតនៅខាងក្រៅខេត្តជាប់បម្រាមទាំង១០នេះ។

ចំណែកសកម្មជនកូរ៉េខាងត្បូងក៏បានតវ៉ាប្រឆាំងផែនការនេះដែរប៉ុន្តែរដ្ឋាភិបាលក្រុងសេអ៊ូលបានធ្វើការសន្និដ្ឋានពីការសិក្សារបស់ខ្លួនថា ការបញ្ចេញទឹកនេះត្រូវតាមស្តង់ដារអន្តរជាតិ និងបាននិយាយថា ខ្លួនគោរពតាមការវាយតម្លៃរបស់ទីភ្នាក់ងារ IAEA ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វៀតណាមកំពុងតែខិតខំស្តារបញ្ហាផុយស្រួយការធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យ

ព័ត៌មាន
ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមកំពុងធ្លាក់ចុះ ខណៈដែលអ្នកអភិវឌ្ឍន៍កំពុងបាត់បង់មូលដ្ឋាននៃការទូទាត់ រីឯការស្ទុះងើបឡើងវិញនៃស…

លោក គីម ជុងអ៊ុន ដឹកនាំការបាញ់មីស៊ីលដោយផ្ទាល់ ខណៈអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ

ព័ត៌មាន
នៅថ្ងៃចន្ទ ទី២១ សីហានេះ សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើម ខណៈមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងកំពុងជួប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ