លោកស្រី អ៊ីលៀណា អ៊ីវ៉ាណូវ៉ា (Iliana Ivanova) ស្នងការរបស់គណៈកម្មការអឺរ៉ុបទទួលបន្ទុកចំពោះការច្នៃប្រឌិត និងការស្រាវជ្រាវបាននិយាយក្នុងបទសម្ភាសជាមួយនឹងសារព័ត៌មាន Nikkei ថា ជប៉ុន និងសហភាពអឺរ៉ុបគ្រោងនឹងរួមគ្នាផលិតសម្ភារទំនើបៗសម្រាប់ផលិតផលបន្ទះឈីប និងយានយន្តអគ្គិសនី។ លោកស្រីបានបន្ថែមថា វាសមហេតុផលណាស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលមានគំនិតត្រូវគ្នា និងស្វែងរកឱកាសសហការក្រោមកម្មវិធីស្រាវជ្រាវ និងការច្នៃប្រឌិត។
លោកស្រីអះអាងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុបនៅតែនាំមុខគេនៅលើពិភពលោកក្នុងការច្នៃប្រឌិតសម្ភារទំនើបៗ ដោយក្នុងនោះការវិនិយោគក្នុងឧស្សាហកម្មនេះមានចំនួនសរុបជិត២០ពាន់លានអឺរ៉ូប្រហែលជាង២១ពាន់លានដុល្លារនៅក្នុងសហភាពអឺរ៉ុប និងជាង១៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០២០។
ក្រោមអ្វីដែលគេហៅថាជាកិច្ចសន្ទនាស្ដីពីការអភិវឌ្ឍសម្ភារទំនើបៗនោះ ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាជាទៀងទាត់ពីសំណើសុំកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងលេខាធិការដ្ឋានទ្វេភាគីតែម្ដង ហើយស្ថាប័នមួយចំនួននៅប្រទេសជប៉ុន និងអឺរ៉ុបដែលស្រាវជ្រាវសម្ភារទំនើបៗក៏នឹងចូលរួមក្នុងកិច្ចសន្ទនានោះផងដែរ។
សហភាពអឺរ៉ុបបានស្នើសុំឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ហើយលោកស្រី អ៊ីវ៉ាណូវ៉ា បានកត់សម្គាល់ថា កិច្ចសហការទ្វេភាគីនេះទំនងជានឹងរួមបញ្ចូលទាំងកិច្ចសហការលើសម្ភារៈសម្រាប់ថាមពលកកើតឡើងវិញ យានយន្ត សំណង់ និងគ្រឿងអេឡិចត្រូនិកផងដែរ៕