លោក សុនធិ បានចាត់ទុកការតវ៉ារបស់ខ្លួន គឺជាផ្នែកមួយនៃយុទ្ធនាការថ្មីរបស់លោក ដែលមានឈ្មោះថា«ទាមទារប្រទេសថៃរបស់យើងមកវិញ» ដោយលោកបានអះអាងយ៉ាងម៉ឺងម៉ាត់ថា ក្រុមរបស់លោកនឹងមិនថយក្រោយជាដាច់ខាត ទោះបីជាមន្ត្រីស្ថានទូតអ៊ីស្រាអែល យល់ព្រម ឬបដិសេធទទួលលិខិតតវ៉ានោះក៏ដោយ។
លោក សុនធិ លឹមថងគុល សកម្មជនជើងចាស់ដ៏លេចធ្លោ១រូបនៅប្រទេសថៃបានអះអាងថា គោលបំណងដែលលោកគ្រោងដឹកនាំក្រុមអ្នកគាំទ្រទៅដាក់លិខិតតវ៉ានៅស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុងបាងកកនៅថ្ងៃទី១០ ខែកញ្ញា គឺដើម្បីដាក់សម្ពាធរដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល ឱ្យដោះស្រាយបញ្ហា ដែលកើតចេញពីការព្រងើយកន្តើយ និងបណ្ដែតបណ្ដោយឱ្យក្រុមមូលធនងងឹត និងបណ្តាញនាយទុនបរទេសជ្រៀតជ្រែកចូលគ្រប់គ្រងសេដ្ឋកិច្ចថៃតាមរយៈការប្រើប្រាស់ឈ្មោះជនជាតិថៃធ្វើអាជីវកម្មបាំងមុខ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន mgronline មេបាតុកម្មចំណាស់រូបនេះបានចោទប្រកាន់ចំៗថា រដ្ឋាភិបាលលោកអានុទីន បានបើកដៃឱ្យក្រុមនាយទុនបរទេសទាំងជនជាតិអ៊ីស្រាអែល ក្រុមមូលធនងងឹតចិន ម៉ាហ្វ៊ីយ៉ារុស្ស៊ី និងនាយទុនឥណ្ឌាប្រើប្រាស់ឈ្មោះប្រជាជនថៃធ្វើជាខែលបាំងមុខ ដើម្បីធ្វើអាជីវកម្មខុសច្បាប់ និងប្រមូលទិញដីធ្លី អចលនទ្រព្យទូទាំងប្រទេសថៃយ៉ាងអនាធិបតេយ្យ។ លោកបានអះអាងថា ចលនាបាតុកម្មដ៏ធំនេះមិនមែន ដើម្បីបង្ខំឱ្យលោក អានុទីន លាលែងចេញពីតំណែងនោះទេ ប៉ុន្តែដើម្បីគោះកណ្តឹងទាមទារឱ្យរដ្ឋាភិបាលលោក អានុទីន បង្ហាញភាពស្មោះត្រង់ តម្លាភាព ទទួលខុសត្រូវ និងមានវិធានការក្តៅក្នុងការការពារផលប្រយោជន៍ប្រជាជនថៃឱ្យបានខ្លាំងក្លាឡើងតែប៉ុណ្ណោះ។
សកម្មជនវ័យ៧៩ឆ្នាំ ដែលកាលពី២០ឆ្នាំមុនបានដឹកនាំចលនាក្រុមអាវលឿងស្មោះស្ម័គ្ររាជានិយមថៃធ្វើបាតុកម្មដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើរដ្ឋាភិបាលថៃជំនាន់នោះ រហូតឈានដល់ការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០០៦ ទម្លាក់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញពីតំណែងនោះ បានព្រមានថា យុទ្ធនាការនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ នឹងក្លាយជាការប្រមូលផ្ដុំកម្លាំងដ៏ធំបំផុតមិនធ្លាប់មាន ហើយបាតុកម្មតវ៉ាជាច្រើនទៀតនឹងត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសថៃ ហើយរូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តយុទ្ធនាការនេះ បើទោះជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតក៏ដោយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស