ថៃលួចនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន

ថៃលួចនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានចូលទឹកដីកម្ពុជាត្រង់តំបន់អូរស្មាច់ ខណៈអ្នកជំនាញស្នើឱ្យរដ្ឋាភិបាលធ្វើកំណត់ទូតតវ៉ា


អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គមទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តវាយបកតាមផ្លូវការទូតតាមរយៈការផ្ញើលិខិតកំណត់ទូតតវ៉ា និងបកអាក្រាតទង្វើឈ្លានពានរបស់ថៃ ដើម្បីបង្ហាញការពិតជាក់ស្តែងទៅកាន់សហគមន៍អន្តរជាតិ។ ការទទូចនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានសម្តែងល្ខោននយោបាយ ដោយដឹកនាំក្រុមអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានចុះទៅកាន់តំបន់កាស៊ីណូអូរស្មាច់ក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត ហើយចោទប្រកាន់ទាំងបំពានថា ជាទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
ថៃលួចនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន

អ្នកជំនាញបានគូសបញ្ជាក់ថា ល្បិចកលកខ្វក់បែបនេះតែងតែត្រូវបានភាគីថៃយកមកប្រើប្រាស់គ្រប់ពេល ដែលពួកគេចាញ់ប្រៀបលើសមរភូមិការទូត និងសង្គ្រាមព័ត៌មានជាមួយកម្ពុជា។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានកត់សម្គាល់ឃើញថា ភាគីថៃតែងតែបង្កើតប្រឌិតរឿងអាស្រូវឆបោកអនឡាញ ដើម្បីបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ លោកបានចាត់ទុកសកម្មភាពរបស់ថៃ ដែលបាននាំក្រុមអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានមកកាន់តំបន់អូរស្មាច់កាលពីពេលថ្មីៗនេះថា ជាឥរិយាបថច្រឡោងខាម និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាត្រូវតែបន្តវាយបកតាមផ្លូវការទូត តាមរយៈការផ្ញើលិខិតកំណត់ទូត និងការទម្លាយភស្តុតាងជាក់ស្តែងទៅកាន់ពិភពលោក អំពីសកម្មភាពឈ្លានពានរបស់ថៃ។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា សកម្មភាពយោធាថៃដឹកនាំក្រុមអ្នកសង្កេតការណ៍ និងក្រុមអ្នកកាសែតចុះទៅតំបន់អូរស្មាច់ នាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ខណៈអគារ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលពួកគេចុះទៅ គឺស្ថិតក្នុងទឹកដីកម្ពុជា។ បើតាមលោកបណ្ឌិត ជ័យ តិច រដ្ឋាភិបាលកម្ពុជាគួរធ្វើលិខិតតវ៉ាចំពោះសកម្មភាពរបស់ភាគីថៃ និងបន្តពន្យល់ដល់ស្ថានទូត និងក្រុមអ្នកសង្កេតការណ៍ AOT ព្រមទាំងប្រើយន្តការអន្តរជាតិ ផ្សេងទៀត ដើម្បីទាញភាគីថៃឱ្យមកអនុវត្តយន្តការដែលបានឯកភាពគ្នាកន្លងមក។
ដោយឡែកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានទម្លាយសារយ៉ាងមានទម្ងន់លើបណ្តាញសង្គមថា ក្រោយការប្រកាសបទឈប់បាញ់ យោធាថៃល្មោភសង្គ្រាមបានរុលចូលមកក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ ហើយកំពុងកាន់កាប់ ព្រមទាំងសាងសង់សំណង់ខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលជាការរំលោភលើខ្សែបន្ទាត់ព្រំដែនអន្តរជាតិ និងសូម្បីតែខ្សែបន្ទាត់ព្រំដែនឯកតោភាគីរបស់ខ្លួនឯង។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពង្រឹងទីតាំងយោធារបស់ថៃក្រោយបទឈប់បាញ់ គឺជាចេតនាកខ្វក់ក្នុងការបង្កើតការពិតថ្មីនៅលើដី ដើម្បីឈានទៅរកការជ្រែកយកទឹកដីកម្ពុជាធ្វើជាដីថៃ។ ឯកឧត្តម បានក្រើនរំលឹកថា បទឈប់បាញ់ គឺមានន័យថា គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មីជាដាច់ខាត។
គួររំឭកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ យោធាថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានចុះពិនិត្យតំបន់ជុំវិញច្រកទ្វារព្រំដែនអូរស្មាច់ ដោយបានចោទប្រកាន់ថា អគារទាំងនោះជាទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ទោះជាយ៉ាងណា សូម្បីតែសារព័ត៌មានរបស់ថៃខ្លួនឯង ក៏បានចុះផ្សាយសារភាពដែរថា ការអះអាងនេះនៅតែជាការសង្ស័យដោយគ្មានភស្តុតាងផ្នែកកោសល្យវិច័យ ឬការស៊ើបអង្កេតច្បាស់លាស់ណាមួយឡើយ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


WorldBridge Group ចាប់ដៃជាមួយក្រុមហ៊ុនកូរ៉េ VW&C Co., LTD (VERYWORDS) ដើម្បីសិក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ភស្តុភារកម្ម និងយានយន្តអគ្គិសនី នៅកម្ពុជា

WorldBridge Group ចាប់ដៃជាមួយក្រុមហ៊ុនកូរ៉េ VW&C Co., LTD (VERYWORDS នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា…

មេបាតុកម្មជើងចាស់ និងបក្ខពួកនឹងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក អានុទីន រឿងបណ្តោយឱ្យនាយទុនបរទេសរកស៊ីខុសច្បាប់នៅថៃ

​សកម្មជនជើងចាស់ និងជាមេដឹកនាំបាតុកម្ម ដែលជាគូសត្រូវនយោបាយស្លាប់រស់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោក សុនធិ លឹមថងគុល បានប្រកាសក្តែង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ