អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ កញ្ញា សៀ ច័ន្ទអានីតា នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group និងលោក Kim Sung Woo នាយកប្រតិបត្តិនៃក្រុមហ៊ុន VW&C Co., Ltd (Verywords) ដោយក្រុមហ៊ុនទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងយល់ពីគំនិតទាំងនេះ ដែលជាជំហានដំបូងក្នុងការអភិវឌ្ឍជាបន្តបន្ទាប់របស់កម្ពុជា។
គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីរៀបចំមូលដ្ឋានគ្រឹះសម្រាប់បង្កើតច្រកចេញចូលទៅលើផ្នែកសេដ្ឋកិច្ច វប្បធម៌ រវាងកម្ពុជា និងកូរ៉េខាងត្បូងឲ្យកាន់តែធំទូលំទូលាយជាងមុន ដោយប្រើប្រាស់បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្តានុពលក្នុងស្រុក រួមទាំងហិរញ្ញវត្ថុ និងភស្តុភារកម្មដ៏រឹងមាំ របស់ WorldBridge បូករួមនឹងជំនាញរបស់ Verywords ក្នុងគំរូអាជីវកម្មនៃអព្យាក្រឹតភាពកាបូន(carbon-neutral) និងការប្រើប្រាស់យាន្តយន្តអគ្គីសនី (E-Mobility) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
លើសពីនេះ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើការអភិវឌ្ឍតំបន់វប្បធម៌កម្ពុជា-កូរ៉េ ជាពិសេសការពង្រឹងទៅលើដំណោះស្រាយផ្នែកភស្តុភារកម្មសម្រាប់ម៉ូតូអគ្គីសនី ដែលរាប់បញ្ជូលទាំងការសិក្សាទៅលើបណ្តាញផ្លូវដឹកជញ្ជូន ការគ្រប់គ្រងយានយន្ត និងរៀបចំគម្រោងហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអនុវត្ត និងការពង្រីកការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា។
ជាផ្នែកមួយនៃតំបន់វប្បធម៌ដែលបានគ្រោងទុក ក្រុមហ៊ុនទាំងពីរមានគម្រោងពិចារណាសិក្សាអំពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើតឡើងជាទីតាំងប្រមូលផ្តុំនៃម្ហូបអាហារ ការលក់រាយ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ គម្រោងនេះផ្តោតលើការលាយបញ្ចូលគ្នានៃវប្បធម៌កូរ៉េ និងកម្ពុជា ដោយនាំយកបទពិសោធន៍នៃការទទួលទានអាហារ ការទិញទំនិញ និងវប្បធម៌មកនៅក្រោមដំបូលតែមួយ សម្រាប់ទាំងប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរ ព្រមទាំងប្រែក្លាយមជ្ឈមណ្ឌលនេះឱ្យទៅជាកន្លែងទាក់ទាញទេសចរណ៍ និងជាកន្លែងជួបជុំប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស្អិតរមួតរវាងប្រទេសកម្ពុជា និងកូរ៉េ។
ឫសគល់របស់ក្រុមហ៊ុន WorldBridge Group នៅក្នុងវិស័យភស្តុភារកម្មរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ បានក្លាយជាមូលដ្ឋានដ៏រឹងមាំមួយដែលគ្រប់ដណ្តប់លើ វិស័យធនាគារ និងការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តាមរយៈការភ្ជាប់ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន Verywords ផ្នែកយានយន្តអគ្គិសនី និងការកាត់បន្ថយកាបូន ក្រុមហ៊ុនទាំងពីរចាត់ទុកភាពជាដៃគូនេះជាគំរូសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា និងកូរ៉េនាពេលអនាគត ដោយមានគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងជំរុញជំហររបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់យានយន្តអគ្គិសនី និងទេសចរណ៍វប្បធម៌ ដែលជាមហិច្ឆតាមួយស្របតាមការជំរុញដ៏ទូលំទូលាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងទំនាក់ទំនងជាមួយវិនិយោគិនអាស៊ីដែលនៅក្បែរខាង និងពន្លឿនការប្រើប្រាស់ដំណោះស្រាយដឹកជញ្ជូនបញ្ចេញកាបូនទាប ដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេស។
ការចុះហត្ថលេខានេះជាជំហានដំបូងនៅក្នុងទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងបន្តអនុវត្តការសិក្សាសាកល្បងនៅទូទាំងតំបន់ដែលបានកំណត់ក្នុងប៉ុន្មានខែខាងមុខនេះ។ ខណៈដែលកម្ពុជាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីរបស់ខ្លួន ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា និងកំណើននៃការដឹកជញ្ជូនប្រកបដោយចីរភាព។