សារព័ត៌មានជប៉ុនដ៏ល្បី Nikkei Asian Review បានផ្សាយនៅថ្ងៃទី ១៩ កុម្ភៈនេះថា ប្រទេសកម្ពុជា គឺជាទីតាំងសំខាន់ទីមួយ សម្រាប់គំនិតផ្ដួចផ្ដើមការវិនិយោគដ៏សម្បើម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ជាមួយនឹងក្រុមហ៊ុនប្រមាណ៦០ ទាំងក្នុងផ្នែកពាណិជ្ជកម្ម ធនាគារ អ្នកម៉ៅការទូទៅ និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត បានត្រៀមរួចរាល់អស់ហើយសម្រាប់វិនិយោគនៅកម្ពុជា។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា តាមរយៈកិច្ចពិភាក្សាទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ខាងភាគីជប៉ុននឹងចូលមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍន៍ទីក្រុង ដោយផ្ដោតសំខាន់លើបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានាទាក់ទងនឹងទីក្រុងឆ្លាតវៃ (Smart City)។
ផែនការយុទ្ធសាស្ត្រដ៏ទូលំទូលាយ វែងឆ្ងាយរបស់ជប៉ុន គឺនឹងផ្ដល់ការវិនិយោគដែលជាដំណោះស្រាយ ទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្ដែង តាមធនាគារអភិវឌ្ឍន៍អាស៊ី បានរំពឹងទុកថា តម្រូវការអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងរយៈពេលជាង ៣០ ឆ្នាំរាប់ចាប់ពីឆ្នាំ២០១៦ តទៅ មុខ នឹងត្រូវការចំណាយទឹកប្រាក់រហូតដល់៣,១ ទ្រីលានដុល្លារអាមេរិកឯណោះ។
តាមសារព័ត៌មានជប៉ុន Nikkei Asian Review ដដែល បានឲ្យដឹងទៀតថា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នឹងរៀបចំក្របខណ្ឌមួយដើម្បីនាំយកគម្រោងនេះមកកាន់កម្ពុជា នៅក្នុងខែកុម្ភៈនេះ ខណៈដែលប្រទេសភីលីពីន ក៏ទើបតែបានចាប់ផ្ដើមពិភាក្សាគ្នាដែរ។
ដើម្បីអាចចាប់ដៃគ្នាបានរាជរដ្ឋាភិបាលជប៉ុន នឹងស្នើដល់ភាគីដែលជាដៃគូនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ឲ្យបង្កើននូវតម្លាភាពលើនីតិវិធីរដ្ឋបាលនានា ហើយជំហានបន្ទាប់ទៀត ត្រូវឲ្យមានភាពងាយស្រួលដល់ក្រុមហ៊ុនជប៉ុន ចូលមកធ្វើប្រតិបត្តិការ៕