យ៉ាងណាមិញ ថ្មីៗនេះ តាមការអះអាង របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុនជប៉ុនធំមួយទៀត បានបង្ហាញពីគោលបំណងវិនិយោគដាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា ដើម្បីនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារជប៉ុន។ សមាគមស្វាយចន្ទីរកម្ពុជា បានស្វាគមន៍ចំពោះការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយនាំចេញ ពិសេសទៅកាន់ប្រទេសជប៉ុននេះតែម្ដង ដ្បិតថា គ្រាប់ស្វាយចន្ទីកែច្នៃរួចអាចនាំចេញទៅលក់នៅប្រទេសជប៉ុនបានក្នុងតម្លៃថ្លៃជាងទីផ្សារប្រទេសនានា ដោយមួយគីឡូក្រាមអាចលក់បានដល់ទៅ ១៥ដុល្លារអាមេរិកឯណោះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជួបពិភាក្សាការងារជាមួយលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS កាលពីថ្ងៃទី២៥ ខែមករា ដោយប្រធានក្រុមហ៊ុនជប៉ុនរូបនេះ បានបង្ហាញពីបំណងវិនិយោគលើដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ជាមួយនឹងការបង្ហាញគោលបំណងវិនិយោគ នាយកក្រុមហ៊ុន YEBISS HOLDINGS ក៏បានបញ្ជាក់ដែរថា គម្រោងវិនិយោគនេះ នឹងចាប់ផ្ដើមសកម្មភាពឆាប់ៗ នាពេលខាងមុខ ដោយគ្រោងនឹងវិនិយោគនៅលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅក្នុងខេត្តព្រះវិហារ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ប្រទេសឥណ្ឌា អារ៉ាប់ និងជប៉ុន ខណៈអារ៉ាប់ និងឥណ្ឌា ជាទីផ្សារដែលមានសក្ដានុពលជាងគេសម្រាប់នាំចេញគ្រាប់ស្វាយចន្ទី។ បើទោះជាបែបនេះក៏ដោយ ប្រធានសមាគមស្វាយចន្ទី បានអះអាងថា គ្រាប់ស្វាយចន្ទីកែច្នៃរួច ដែលនាំទៅលក់នៅទីផ្សារជប៉ុន ហាក់មានតម្លៃប្រសើរជាងទីផ្សារដទៃទៀត ពោលគឺ មានតម្លៃ ១៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈនៅទីផ្សារដទៃទៀតមានតម្លៃប្រមាណ ១២ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ បានបង្ហាញការសាទរយ៉ាងខ្លាំង ចំពោះផែនការគម្រោងវិនិយោគការដាំដុះស្វាយចន្ទី និងរោងចក្រកែច្នៃនាំចេញរបស់ក្រុមហ៊ុនជប៉ុន YEBISS HOLDINGS នៅក្នុងខេត្តព្រះវិហារនាពេលខាងមុខនេះ។ លោកបន្តថា ក្នុងខេត្តព្រះវិហារ សព្វថ្ងៃ ក៏មានរោងចក្រកែច្នៃស្វាយចន្ទីសម្រាប់នាំចេញមួយដែរ ប៉ុន្តែហាក់មិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ ដូច្នេះ លោកយល់ថា គម្រោងវិនិយោគនេះមិនត្រឹមតែបង្កើនមុខមាត់ខេត្តព្រះវិហារនោះទេ ថែមទាំងជួយបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងខេត្ត ក៏ដូចជា អភិវឌ្ឍន៍ផ្នែកកសិកម្ម ផងដែរ។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ទីផ្សារស្វាយចន្ទីឆ្នាំនេះ ហាក់មិនមានភាពខុសគ្នាប៉ុន្មាននោះទេពីកាលឆ្នាំមុននោះទេ ខណៈគ្រាប់ស្វាយចន្ទីស្ងួតមិនទាន់កែច្នៃ អាចលក់បានតម្លៃ ៧ពាន់រៀល ទៅ៨ពាន់រៀល ក្នុងមួយគីឡូក្រាម។ អ្នកជំនាញរំពឹងថា កម្ពុជានឹងមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើនថែមទៀតនាពេលខាងមុខ ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅកាន់ប្រទេសជិតខាង និងជំរុញការនាំចេញដោយផ្ទាល់ទៅកាន់ផ្សារក្រៅប្រទេស ជាមួយតម្លៃបន្ថែមខ្ពស់ ខណៈបច្ចុប្បន្នកម្ពុជាមានបរិយាកាស និងសក្ដានុពលវិនិយោគកាន់តែប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូជាច្រើនផងដែរ៕