វិនិយោគ​ជប៉ុន

ជប៉ុន​ជា​វិនិយោគិន​«ខ្លឹម ខ្លាញ់»​របស់​អាស៊ាន ពិសេស កម្ពុជា​មែន​ទេ?


ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតលំដាប់ទី៣នៅលើពិភពលោក។វិនិយោគិនជប៉ុនបាននិងកំពុងវិនិយោគនៅក្រៅប្រទេសជាច្រើន ពិសេសនៅតំបន់អាស៊ាន។ ហើយកម្ពុជាជាប្រទេសដែលវិនិយោគិនជប៉ុនកំពុងតែចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគផង។
លោក សុខ ចិន្ដា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
ដោយ

ការវិនិយាគផ្ទាល់ពីជប៉ុននៅកម្ពុជាសរុប ១ឆ្នាំពេញ ឆ្នាំ២០១៦ ជប៉ុននៅតែរក្សាបានតំណែងជាប្រទេសទី៣ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងទឹកប្រាក់វិនិយោគផ្ទាល់ពីជប៉ុន ជាង ៨០០លានដុល្លារ។ ខណៈវិនិយោគិនម្ចាស់ស្រុកខ្មែរយើងវិនិយោគធំជាងគេលេខ១ ចិនឈរចំណាត់ថ្នាក់លេខ២ កូរ៉េខាងត្បូងលេខ៤។

ជប៉ុនវិនិយោគអ្វី​ខ្លះ​នៅកម្ពុជា ហើយ​នាំចេញ​នាំចូល​អ្វី​ខ្លះ?

វិនិយោគិនជប៉ុនភាគច្រើនបានវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម សណ្ឋាគារ និង ទេសចរណ៍ ធនាគារ សំណង់ និងអចលនទ្រព្យ និង ជាពិសេស វិស័យសេវាកម្ម និង ភោជនីយដ្ឋាន ជាដើម។

ចំណែកការនាំចេញវិញ ផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក ខណៈដែលកម្ពុជាបាននាំចូលទំនិញពីជប៉ុនវិញ ដូចជា គ្រឿងចក្រ ម៉ាស៊ីន និង រថយន្ត ជាដើម។

និន្នាការនៃការនាំចេញរបស់កម្ពុជាទៅជប៉ុននឹងនៅតែបន្តកើនឡើង ហើយភាពចម្រុះនៃផលិតផលនាំចេញនឹងនៅតែបន្តមាន ព្រោះថា រោងចក្រជប៉ុនថ្មីៗដែលចូលមកវិនិយោគនៅកម្ពុជានឹងធ្វើឲ្យផលិតផលនាំចេញរបស់កម្ពុជាកាន់តែចម្រុះឡើងថែមទៀត។

ការវិនិយោគរបស់ជប៉ុនកាន់តែច្រើននៅកម្ពុជាក៏កំពុងជំរុញឲ្យមានការនាំចេញកាន់តែច្រើនពីកម្ពុជាទៅប្រទេសជប៉ុន ផងដែរ។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា រយៈពេលបីឆ្នាំចុងក្រោយនេះវិនិយោគិនជប៉ុនបានចូល​មក​បណ្តាក់​ទុន​នៅកម្ពុជាជាច្រើនដោយសារតែស្ថិរភាពនយោបាយ រួមទាំងកំណើនសេដ្ឋកិច្ចល្អ។ 

លោកបានលើកឡើងថា កំណើនទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា ជប៉ុន គឺជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលជាទូទៅបណ្តាប្រទេសដែលមានកំណើននៃ​ការធ្វើពាណិជ្ជកម្មជាមួយជប៉ុនតែងមានសេដ្ឋកិច្ចលូតលាស់។ កំណើនវិនិយោគជប៉ុនមកកម្ពុជា បានជំរុញឲ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយ ដែលមានឈ្មោះថា ANA កាលដើមឆ្នាំ២០១៦កន្លង។ 

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា (ហេង ភារម្យ)
កម្ពុជា​ត្រូវ​ដើរ​គោះ​ទ្វារ​ទាក់ទាញ​វិនិយោគ​បរទេស មិន​ត្រូវ​អង្គុយ​រង់ចាំ​ទេ
— លោក សុខ ចិន្ដា​សោភា អគ្គលេខាធិការ CDC

អ្វីខ្លះជាឧបសគ្គរាំងស្ទះដល់​ការ​វិនិយោគិន​បរទេស ពិសេស​ជប៉ុន?

ទោះបីជាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ជប៉ុននៅកម្ពុជា ទទួលបាននូវភាពល្អប្រសើរយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញបានអះអាងថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងជាបន្តសម្រាប់ការកែលម្អបរិយាកាសវិនិយោគឲ្យកាន់តែខ្លាំងខ្លាថែមទៀត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ជប៉ុននៅតែមើលឃើញថា កម្ពុជានៅមានចំណុចខ្សោយមួយចំនួនដែលត្រូវដោះស្រាយបន្ទាន់ មានដូចជា បញ្ហាការផ្គត់ផ្គង់អគ្គិសនីនៅមិនទាន់បានគ្រប់គ្រាន់ ហើយតម្លៃក៏នៅខ្ពស់ បើធៀបនឹងប្រទេសជិតខាង នីតិវិធីរដ្ឋបាលផ្សេងៗ មានភាពស្មុគស្មាញ និង ជួនកាល ប្រើពេលវេលាយូរ។ 

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលស្គាល់ថា កម្ពុជានូវមានរបាំងរំាងស្ទះបន្តិចដល់អ្នកវិនិយោគក្រៅប្រទេស ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដែលទាមទារឲ្យមានការអភិវឌ្ឍឲ្យបានល្អប្រសើរលើបញ្ហានេះ។

អ្វីជាដំណោះស្រាយ​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​បរទេស​មក​កម្ពុជា?

កម្ពុជាត្រូវតែធ្វើកំណែទម្រង់ផ្នែករដ្ឋបាលសាធារណៈ អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ នោះ វិនិយោគិនជប៉ុននឹងងាយស្រួលធ្វើការជាមួយកម្ពុជាណាស់។ ហើយវិនិយោគិនប្រទេសផ្សេងៗក៏មានភាពងាយស្រួលវិនិយោគនៅប្រទេសកម្ពុជាផងដែរ។ 

ដំណោះស្រាយទៅលើបញ្ហានេះដែរ កម្ពុជាមានតម្រូវការថវិកាហរិញ្ញប្បទានបន្ថែមចន្លោះ ពី ១២ពាន់លានដុល្លារ ទៅ ១៣ពាន់លានដុល្លារអាមេរិក  សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិនៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន វិស័យអគ្គិសនី កម្លាំងជំនាញវិជ្ជាជីវៈ និង តំបន់សេដ្ឋកិច្ចពិសេស គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍជាអាទិភាព។ 

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យសេដ្ឋកិច្ចជាតិខ្លាំងក្លានេះដែរ ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន សម្រាប់គ្រប់គ្រងវិនិយោគសាធារណៈ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ 

បើតាម លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អះអាងថា កម្ពុជាមិនត្រូវអង្គុយរង់ចំាអ្នកវិនិយោគចូលមកបណ្តាក់ទុននៅកម្ពុជានោះទេ យើងត្រូវតែធ្វើការផ្សព្វផ្សាយលក់ពីផលិតផល ពីគម្រោងដែលកម្ពុជាយើងមាន។ យើងត្រូវចេញលក់ ដើរគោះទ្វារស្វែងរកអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅប្រទេសកម្ពុជាយើង៕

None



អត្ថបទបន្ទាប់


នៅ​ឆ្នាំ​២០៥០ វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២០​នៅ​លើ​ពិភព​លោក

ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួននៅក្នុងអាស៊ី ដែលនឹងមានស្ថានភាពសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ នេះបើយោងតាមការព្យាករណ៍របស់ ក្រុមហ៊ុនប្រ…

រឿង​៤​យ៉ាង​ដែល​ក្រសួង​សុំ​ឲ្យ​សាលារៀន​ជួយ​ធ្វើ​ក្នុង​ថ្ងៃ​ទី​១៤​កុម្ភៈ

ថ្ងៃទី១៤កុម្ភ: ដែល​ជា​ថ្ងៃ​បុណ្យ​បែប​បស្ចឹម​ប្រទេស​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ហើយ។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ