ជំនួយពីប្រទេសជប៉ុន

ជប៉ុនផ្តល់ថវិកា ២លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក


រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន២លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារនិងសហគមន៍រងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា។
ជប៉ុនផ្តល់ថវិកាចំនួន២លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក
ដោយ

កិច្ចព្រមព្រៀង​ផ្តល់​ជំនួយនេះ​ត្រូវបាន​ចុះហត្ថលេខា​នៅថ្ងៃ​ទី ២២ ខែកុម្ភៈ រវាង​ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃប្រទេសជប៉ុន​ប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Claire CONAN ជាតំណាង ​និង ជានាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ ​ ក្រោម​អធិបតីភាព​និងការ​ចូលរួម​ជាសាក្សីដោយ ឯកឧត្តម​ ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ (គ.ជ.អ.ប)។

ឯកឧត្តម​ Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាព​ជប៉ុន​ប្រចាំ​ក្រកម្ពុជា​មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេស​កម្ពុជាបានទទួល​រងនូវភ្លៀងធ្លាក់​យ៉ាងខ្លាំង​ជាបន្តបន្ទាប់​​ ដែល​​​ប៉ះពាល់​ដល់ប្រជាជន​មួយ​ចំនួនធំ ក៏ដូចជា​បង្កឲ្យ​​មាន​ការបាត់បង់​ជីវិត និងការខូចខាត​ផ្នែក​រូបវ័ន្ត​ទៅលើ​ទ្រព្យ​សម្បត្តិ​ជាច្រើន។ ខ្ញុំមានក្ដី​សង្ឃឹម​ដោយស្មោះថា ​គម្រោងនេះនឹងកាត់បន្ថយ​ផលប៉ះពាល់​ទៅលើសន្តិសុខ​ស្បៀង​របស់​ក្រុម​គ្រួសារ​និងសហគមន៍​ដែលរងគ្រោះ​ដោយទឹកជំនន់»។ 

នៅក្នុង​គម្រោងនេះ កម្មវិធីស្បៀង​អាហារ​ពិភពលោក​នឹងសហការ​យ៉ាងជិតស្និទ្ធ​ជាមួយ គ.ជ.អ.ប និង​ដៃគូនានា ដើម្បីធ្វើការវាយតម្លៃ​គ្រប់ជ្រុងជ្រោយ​ទៅលើ​​សន្តិសុខស្បៀង​និងអាហារូបត្ថម្ភ​នៅក្នុងតំបន់​រង​គ្រោះដោយទឹកជំនន់​និងគាំទ្រ​ដល់ការស្តារ​សហគមន៍​ឡើងវិញ​តាមរយៈការស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែលខូចខាត និងការពង្រឹង​សមត្ថភាព​ធ្វើផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខ​ស្បៀង ការត្រៀមបង្ការ និងការកាត់បន្ថយ​គ្រោះមហន្តរាយ។ គម្រោង​នេះ​បាន​កំណត់​​​គោល​ដៅ​​នៅ​ក្នុង​ឃុំ​ចំនួន១៦ នៅ​ក្នុង​ខេត្តបាត់ដំបង ពោធី៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។

លោកស្រី Claire CONAN តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង​ថា «យើងខ្ញុំ​សូមថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ជប៉ុន​ដែលបាន​គាំទ្រ​ដល់​កិច្ចការ​​កាត់បន្ថយផល​ប៉ះពាល់ដោយសារ​ទឹកជំនន់​កាល​ពីឆ្នាំមុន។ ជំនួយនេះ​មានសារៈសំខាន់ណាស់​សម្រាប់​​ក្រុម​គ្រួសារងាយរងគ្រោះ​ដែលរស់នៅ​ក្នុងសហគមន៍​ដែល​ងាយជន់លិច​​ដោយ​ទឹកជំនន់ ​ដែល​ប៉ះពាល់​ទៅលើ​​ជីវភាព និងប្រព័ន្ធស្បៀង​របស់​ពួកគាត់ ​ហើយជំនួយ​នេះនឹងជួយ​ការពារ​ពួកគាត់​ពីវិបត្តិ​នាពេលអនាគត» ។

ក្នុង​អំឡុង​ពេល​មួយ​ទសវត្សកន្លង​មកនេះ ប្រទេស​កម្ពុជា​បានរងផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ធ្ងន់ធ្ងរ​ចំនួន​៤លើក។ លើក​ចុងក្រោយ​បង្អស់​នៅក្នុងខែ​តុលា​ឆ្នាំមុន ទឹកជំនន់​បាន​បង្ក​ឱ្យ​ក្រុមគ្រួសារ​ចំនួន​១៤.២៩៩​គ្រួសារ​​ផ្លាស់ប្ដូរ​ទីលំនៅ ​និងប៉ះពាល់ដោយ​ផ្ទាល់​ទៅលើ​​ក្រុមគ្រួសារ​ចំនួន​​១៧៦.០០០​គ្រួសារ​​ (ជិត ៨០០.០០០ នាក់) ក្នុងខេត្តចំនួន១៤។ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្ម​រងការជន់លិច​និងខូចខាតយ៉ាងដំណំ។ ប្រទេសកម្ពុជា​ជាប់ចំណាត់​ថ្នាក់ទី១៦ ក្នុងចំណោមប្រទេស​ទាំង​១៨១ នៅក្នុង​សន្ទស្សន៍​ហានិភ័យ​ពិភពលោក​ឆ្នាំ២០២០ ដែលកំណត់​​ទៅលើ​​ភាពងាយ​រងគ្រោះខ្ពស់​ដោយសារ​​គ្រោះ​មហន្តរាយធម្មជាតិ។ វិបត្តិ​​ផ្នែកអាកាសធាតុ​ដូចជា​ទឹកជំនន់ និងគ្រោះរាំងស្ងួត​កើតមាន​ជាញឹកញាប់​នៅ​តាម​​សហគមន៍ ហើយ​កំណើននិង​កម្រិត​នៃ​គ្រោះ​មហន្តរាយ​នេះ​​ទំនងជានឹងកើន​ឡើង​នាពេលអនាគត ដោយសារ​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ​និងការបាត់បង់​ធនធាន​ធម្មជាតិ ដែល​ប៉ះពាល់​ដល់សហគមន៍​ក្រីក្រ​មួយចំនួន។

ចាប់តាំងពីឆ្នាំ​១៩៩៨មក រដ្ឋាភិបាល​ជប៉ុន​គឺជាដៃគូដ៏​សំខាន់​របស់​កម្មវិធី​​ស្បៀងអាហារ​ពិភពលោក ដែល​បានចូលរួមវិភាគទាន​ចំនួន​២២លានដុល្លារ​អាមេរិក​ក្នុងអំឡុង​ពេល១០ឆ្នាំកន្លង​មក​នេះតាមរយៈ​ជំនួយ​ជា​សម្ភារៈ​ (អង្ករ និងត្រីកំប៉ុង) និងជំនួយ​​​ជាទឹកប្រាក់ ក្នុងការ​គាំទ្រ​លើ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ។ នៅឆ្នាំ២០១៩ ប្រទេស​ជប៉ុនបានចូលរួមវិភាគទាន​ចំនួន​២,៧លាន​ដុល្លារ​អាមេរិកដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ដើម្បីលើក​កម្ពស់​កសាង​ភាពធន់​របស់សហគមន៍​នៅ​កម្ពុជា​ដើម្បីទប់ទល់​នឹង​វិបត្តិ​ និងកសាង​សមត្ថភាព​ស្ថាប័នក្នុង​ការត្រៀមលក្ខណៈ​ទប់ទល់​នឹង​គ្រោះ​អាសន្ន៕

None



អត្ថបទបន្ទាប់


ស្លាប់២ របួសជាង២០នាក់ ក្រោយយោធាភូមាផ្តើមបើកការបាញ់ប្រហារលើក្រុមបាតុករ

ស្ថានការណ៍ដ៏ក្តៅគគុក កំពុងតែបន្តឆាបឆេះ និងឡើងកំដៅក្រោយបាតុករស្រីវ័យ២០ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅមន្ទីរពេទ្យនាថ្ងៃទី១៩កុម្ភៈ…

វៀតណាម នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខែមីនា

ប្រទេសវៀតណាមនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង នៅក្នុងខែមីនាខាងមុខនេះ ដោយការចាក់នេះ នឹងចាប់ផ្ដើមដំបូងជាមួយនឹងបុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ