ជប៉ុន-ចិន-រុស្សី

ជប៉ុននឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយជាងមុន ដើម្បីទប់ទល់នឹងចិន និងរុស្ស៊ី


ប្រទេសជប៉ុននឹងអភិវឌ្ឍដោយធ្វើការផលិតមីស៊ីលឆ្លងទ្វីបនិងមីស៊ីលផ្លោងដែលមានល្បឿនលឿនខណៈដែលប្រទេសនេះកំពុងស្វែងរកលទ្ធភាពវាយប្រហារឱ្យចំគោលដៅដែលស្ថិតឆ្ងាយៗបន្ថែមទៀតដែលជាផ្នែកមួយនៃការពង្រីកសមត្ថភាពយោធារបស់ខ្លួនក្នុងបំណងទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន និងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់កាសែតសិង្ហបុរី CNA។
ជប៉ុននឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយជាងមុន ដើម្បីទប់ទល់នឹងចិន និងរុស្ស៊ី
ដោយ

ផែនការផលិតមីស៊ីលនេះបានបង្ហាញនៅក្នុងសំណើសុំថវិកាប្រចាំឆ្នាំរបស់ក្រសួងការពារជាតិជប៉ុន ហើយផែនការនេះក៏ជាការបង្ហាញពីការចាកចេញយ៉ាងច្បាស់ពីច្បាប់ដាក់កំហិតនៃការផលិតមីស៊ីលចម្ងាយឆ្ងាយរបស់ជប៉ុនក្នុងរយៈពេលរាប់ទសវត្សរ៍មកហើយ ដោយតាមរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុនកន្លងមក បានកំណត់ថា ជប៉ុនអាចមានមីស៊ីលសម្រាប់ប្រើប្រាស់បាញ់បានក្នុងរយៈចម្ងាយតែពីរ ទៅបីរយគីឡូម៉ែត្រតែប៉ុណ្ណោះ។

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសំណើថវិការបស់ខ្លួនថា ប្រទេសចិននៅតែបន្តការគំរាមកំហែងប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី និងកំពុងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីផងដែរ។

ក្រសួងនេះក៏បាននិយាយដែរថា ប្រទេសចិនក៏កំពុងតែដាក់សម្ពាធនៅជុំវិញកោះតៃវ៉ាន់ជាមួយសមយុទ្ធយោធារបស់ចិន និងមិនព្រមបោះបង់ចោលនូវការប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយមួយរបស់ចិនក្នុងការបង្រួបបង្រួមតៃវ៉ាន់នោះឡើយ។

ការព្រមានពីមហិច្ឆតាក្នុងតំបន់របស់ចិននេះ បានកើនឡើងកាន់តែខ្លាំងនៅក្នុងខែសីហានេះបន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលផ្លោងចំនួន ៥ គ្រាប់ចូលទៅក្នុងដែនទឹកស្ថិតនៅចម្ងាយជិត ១៦០ គីឡូម៉ែត្រពីប្រទេសជប៉ុនដែលជាការបង្ហាញសាច់ដុំរបស់ចិនបន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។

ក្រសួងការពារជាតិជប៉ុនក៏បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់ប្រទេសជប៉ុនផងដែរ។

សំណើថវិកានេះគឺសម្រាប់ផ្តល់មូលនិធិដល់ការផលិតមីស៊ីលបាញ់ចេញពីលើគោកដើម្បីវាយប្រហារនាវា និងការផលិតមីស៊ីលផ្លោងមានល្បឿនលឿនថ្មីៗទៀត ដែលមានសមត្ថភាពបាញ់ដល់គោលដៅនៅលើគោកឆ្ងាយៗ ហើយការផលិតមីស៊ីលថ្មីៗនេះ គឺជាការអភិវឌ្ឍប្រព័ន្ធមីស៊ីលស៊េរីចាស់ៗទាំង១២ប្រភេទដែលរចនាឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industries ដែលជប៉ុនបានប្រើប្រាស់ជាយូរមកហើយ។

ទោះយ៉ាងណា រដ្ឋាភិបាលជប៉ុនមិនបានបញ្ជាក់ពីសមត្ថភាពរយៈចម្ងាយរបស់មីស៊ីលដែលខ្លួនគ្រោងផលិតឡើងនោះទេ ហើយក៏មិនបានបញ្ជាក់ពីចំនួនដែលខ្លួនគ្រោងនឹងដាក់ពង្រាយនោះដែរ ប៉ុន្តែសព្វាវុធទាំងនេះទំនងជាអាចបាញ់ទៅដល់គោលដៅនៅប្រទេសចិន ប្រសិនបើជប៉ុនដាក់ពង្រាយសព្វាវុធទាំងនេះនៅលើកោះអូគីណាវ៉ានៅភាគនិរតីប្រទេសជប៉ុននៅជិតប្រទេសចិន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ទីតាំងទៀត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍

រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ស្ពានឆ្លងទន្លេចំនួន ៣ទីតាំងបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងបំពេញតម្រូវក…

នាយករដ្ឋមន្ត្រីស្ដីទី លោក ប្រាវីត ត្រូវបានគណៈរដ្ឋមន្ត្រីផ្ដល់សិទ្ធិអំណាចស្មើនឹងនាយករដ្ឋមន្ត្រីពេញសិទ្ធិ

គណៈរដ្ឋមន្ត្រីថៃកាលថ្ងៃទី ៣០ខែសីហា បានចេញសេចក្តីសម្រេចមួយដោយបានផ្ដល់ទំនុកចិត្តចំពោះឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon នូវតួនាទីជាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ