
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន នឹងផ្តល់មូលនិធិដល់គម្រោងបច្ចេកវិទ្យារបស់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីៗ ឬ Start Up និងសាកលវិទ្យាល័យ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យ ស្ថានីយមូលដ្ឋានឥតខ្សែ យានជំនិះបើកបរដោយស្វ័យប្រវត្តិ និងមនុស្សយន្តថែទាំ ក៏ដូចជាការរចនាសន្សំសំចៃថាមពលជាដើម។
បើតាមការអះអាងរបស់ក្រសួងនេះ រដ្ឋាភិបាលជប៉ុន បានត្រៀមថវិកាចំនួន១ពាន់លានដុល្លារពីលើថវិកាក្នុងឆ្នាំសារពើពន្ធ២០២៤ និងឆ្នាំ២០២៥ សម្រាប់រយៈពេល៣ឆ្នាំ ដើម្បីឱ្យអ្នកទទួលបានថវិកានេះ អាចយកទៅចំណាយលើការរចនាឧបករណ៍ស្វ័យប្រវត្តិ និងឧបករណ៍អេឡិចត្រូនិចថ្លៃៗ ការចំណាយលើបុគ្គលិកសម្រាប់អ្នកស្រាវជ្រាវ និងការបង្កើតគំរូ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មរបស់ជប៉ុន ក៏បានអនុម័តជំនួយប្រហែលជិត៣១៨លានដុល្លារ សម្រាប់ចំណាយលើការរចនា និងការអភិវឌ្ឍបន្ទះឈីបចាប់តាំងពីឆ្នាំ២០២៣ មកផងដែរ ខណៈក្រសួងនេះកំពុងបង្កើនការគាំទ្រស្របពេលជំហាន នៃដំណើរការអភិវឌ្ឍន៍ និងផលិតកម្មរបស់ក្រុមហ៊ុនផ្សេងៗ។
គោលបំណងនៃការត្រៀមទុកថវិកាសម្រាប់ទំនុកបម្រុងដល់អ្នករចនាបន្ទះឈីបរបស់ជប៉ុននេះ គឺដើម្បីស្វែងរកការចាប់ដៃគូជាមួយសហរដ្ឋអាម៉េរិក និងចិន ឬតាមឱ្យទាន់ប្រទេសមហាអំណាចទាំងពីរនេះ។
ជាក់ស្ដែង បើតាមការស្ទង់មតិមួយក្នុងឆ្នាំ២០២៤ របស់សមាគមឧស្សាហកម្មបន្ទះឈីបមានមូលដ្ឋាននៅអាម៉េរិក និងក្រុមហ៊ុន Boston Consulting Group បានបង្ហាញថា ចំណែកទីផ្សារសរុបនៃអាជីវកម្មបន្ទះឈីបអាម៉េរិកមានចំនួន៥១% ខណៈទីផ្សាររបស់ជប៉ុន មានត្រឹមតែ៩% ប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងឧបករណ៍ស្វ័យប្រវត្តិនៃការរចនាបន្ទះឈីប និងកម្មសិទ្ធិបញ្ញាស្នូលវិញ ប្រទេសជប៉ុនទទួលបានកម្រិតនៅក្រោមចិនទៅទៀត បើទោះជាចិន មានចំណែកត្រឹម៣% ក៏ដោយ៕
អត្ថបទ៖ សុខ មង្គល