លោក ស៊ូហ្គា នាយករដ្ឋមន្ត្រីជប៉ុននឹងមានកិច្ចប្រជុំកំពូលតាមអនឡាញមួយជាមួយកម្មវិធី Covax នៅក្នុងសប្ដាហ៍នេះ ហើយក្នុងនោះក៏នឹងវត្តមានចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិក, លោក Bill Gatesដែលចូលរួមជាសប្បុរសជន និង តំណាងប្រទេសរីកចម្រើន G7ផងដែរ។
កិច្ចប្រជុំរបស់ COVAX នេះ នឹងស្វែងរកការផ្ដល់មូលនិធិបន្ថែមដល់ប្រមាណ ១ពាន់៧រយលានដុល្លារ ដែលកំពុងខ្វះខាត ហើយក៏សង្ឃឹមថា ប្រទេស និងអង្គការជាដៃគូ នឹងជួយជំរុញការផ្ដល់មូលនិធិបន្ថែម ក៏ដូចជាការផ្ដល់វ៉ាក់សាំងបន្ថែមផងដែរ។ ក្នុងនោះ ប្រទេសជប៉ុនគ្រោងនឹងផ្ដល់ថវិកា៨០០លានដុល្លារអាមេរិក ទៅដល់កម្មវិធី Covaxនេះ។
តាមការរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo កម្មវិធី Covax របស់អង្គការសុខភាពពិភពលោក បានប្រមូល មូលនិធិបានប្រមាណ ៧ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣០ខែឧសភា ខណៈដែលតាមផែនការកម្មវិធីនេះ គ្រោងនឹងប្រមូលឲ្យបានដល់ទៅ ៨ពាន់៣រយលានដុល្លារ។
សហរដ្ឋអាមេរិកមកទល់ពេលនេះ មានការចូលរួមចំណែកច្រើនជាងគេ សម្រាប់កម្មវិធីកូវ៉ាក់នេះ ដោយបានផ្ដល់ថវិកា២ពាន់៥រយលានដុល្លារ ក៏ដូចជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៨០លានដូសផងដែរ។ អឺរ៉ុបក៏បានផ្ដល់ថវិកាខ្ទង់ពាន់លានដុល្លារដែរសម្រាប់កម្មវិធីរបស់អង្គការសុខភាពពិភពលោកមួយនេះ រួមជាមួយវ៉ាក់សាំង១០០លានដូស។ ជាគោលដៅ របស់Covax គឺកំពុងស្វែងរកការទទួលបានវ៉ាក់សាំង១ពាន់៨រយលានដូស ស្មើនឹង៣០%នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឲ្យបាននៅត្រឹមដើមឆ្នាំ២០២២។
ជុំវិញនឹងការចាក់វ៉ាក់សាំងនេះដែរ បើមើលទៅលើប្រទេសជប៉ុន ឃើញថាថ្មីៗនេះ ល្បឿននៃការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ មានការសម្រុកលឿនមែនទែន ដោយមកទល់ពេលនេះ ប្រជាជនជប៉ុនជាង១០លាននាក់ហើយ បានចាក់វ៉ាក់សាំង ឬស្មើនឹងប្រមាណ៨% នៃចំនួនប្រជាជនសរុប១២៦លាននាក់។ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ថា ប្រទេសជប៉ុនមានការចាក់វ៉ាក់យឺត នាយករដ្ឋមន្ត្រីជប៉ុន បានជំរុញធ្វើយ៉ាងណាឲ្យមានការចាក់វ៉ាក់សាំងឲ្យបានដល់១លានដូសក្នុងមួយថ្ងៃ បន្ទាប់ពីពាក់កណ្ដាលខែមិថុនានេះតទៅ ហើយគ្រោងនឹងបញ្ចប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅនៅត្រឹមចុងខែកក្កដា៕