ទេសចរណ៍​ធម្មជាតិ

ចង់អុំទូក ងូត​ទឹក​ជ្រោះ បោះតង់​និង​គយគន់​ធម្មជាតិ សាក​ទៅ​លេង"ក្ដាតសាណាកា"ម្ដង​មើល៍!


ការ​ដើរ​លេង​កម្សាន្ត​នៅ​កន្លែង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង ដែល​មាន​ព្រែក​ទឹក​ថ្លា​ឆ្វង់​សម្រាប់​អុំ​ទូក​លេង ងូត​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ​យ៉ាង​ត្រជាក់ គយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត ញ៉ាំ​អាហារ​សមុទ្រ​ស្រស់ៗ និង គេង​នៅ​ក្នុង​តង់​អម​ដោយ​ព្រៃ​កោងកាង​ប្រកប​ដោយ​ផាសុកភាព គឺ​ជា​បំណង​ប្រាថ្នា​របស់​អ្នក​ទេសចរ​ទាំង​ឡាយ។ បើ​លោក​អ្នក​ចូលចិត្ត​ការកម្សាន្ត​បែប​ធម្មជាតិ​ដូចនេះ មាន​កន្លែង​ថ្មី​មួយ​ដែល​អ្នក​គួរតែ​សាកល្បង​ទៅ​លេង!
នៅរមណីយដ្ឋាន ក្ដាត សាកាណា អ្នក​អាច​អុំ​ទូក​កាយ៉ាក់ លេង​កម្សាន្ត​នៅតាម​ដង​ព្រែក ដែលមាន​ទេសភាព​ខៀវ​ស្រងាត់។
ដោយ

រមណីយដ្ឋាន​ធម្មជាតិ ក្ដាតសាណាកា បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យ​ក្មេង​មួយ​រូប សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចូលចិត្ត​​ការ​ដើរ​លេង​កម្សាន្ត​បែប​ធម្មជាតិ ដែល​មាន​ខ្យល់​​បរិសុទ្ធ និង​ជា​ទីកន្លែង​ដ៏​ស្រស់​ស្អាត ស្ថិត​នៅ​ជើង​ភ្នំ​បូកគោ ក្នុង​ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត ចម្ងាយ​តែ​ប្រមាណ ១៩​គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កំពត។

លោក អឿន រស់នៅអមរើន អ្នក​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ Kdat Sanaka (ក្ដាត សាកាណា) ថ្លែង​ប្រាប់ ខេមបូណូមីស ថា នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ថ្មី​បំផុត​នេះ អ្នក​ទេសចរ​អាច​រីករាយ​នឹង​ជម្រើស​នៃ​ការ​កម្សាន្ត​ជាច្រើន ដូចជា អុំ​ទូក​កៃយ៉ាក់​លេង ងូត​ទឹក​ជ្រោះ ឡើង​ភ្នំ មើល​អំពិលអំពែក និង​មាន​កន្លែង​បោះតង់​បែប​ធម្មជាតិ​ដ៏​មនោរម្យ​ទៀត​ផង។

តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី ឈ្មោះ ក្ដាត សាកាណា ទើប​បង្កើត​ឡើង​នៅ​ខេត្ត​កំពត។

តាម​ពិត​ទៅ ភូមិ ក្ដាត​សាណាកា ជា​តំបន់​ទេសភាព​ធម្មជាតិ ដែល​សម្បូរ​ព្រែក ព្រៃ​កោងកាង និង​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង ព្រមទាំង​ជា​តំបន់​ដែល​សម្បូរ​អាហារ​សមុទ្រ​ស្រស់ៗ​ទៀត​ផង។

លោក​ រស់នៅអមរើន ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់ ប៉ុន្តែ មាន​ចំណូលចិត្ត​ក្នុង​ការ​រកស៊ី បាន​បញ្ជាក់​​យ៉ាង​ដូច្នេះ៖ «មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​ភូមិ​នេះ មក​ធ្វើ Resort ព្រោះ ទីនេះ វា​មាន​ចម្ងាយ​ជិត​ទី​រួម​ខេត្ត​កំពត បើ​ប្រៀបធៀប​នឹង​រមណីយដ្ឋាន​ដទៃ​ទៀត។ លើស​ពី​នេះ ភូមិ​នេះ មាន​សក្ដានុពល​ច្រើន ដូចជា ព្រៃ​ភ្នំ ទឹក​ជ្រោះ​ជាច្រើន​កន្លែង ព្រែក ព្រៃ​កោងកាង អាហារ​សមុទ្រ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត។ ហើយ​ភ្ញៀវ​ទេសចរ ដែល​មក​ទីនេះ មាន​គ្រប់​ប្រភេទ ប៉ុន្តែ ផ្តោត​សំខាន់​លើ​ភ្ញៀវ​ដែល​ចូល​ចិត្ត​ធម្មជាតិ និង​ភាព​ស្ងប់​ស្ងាត់»។  

អ្នកទេសចរ​អាច​បោះតង់​សម្រាក​នៅ​ពេល​រាត្រី​នៅ​កណ្ដាល​ព្រៃធម្មជាតិ។

ដោយ​បោះទុន​ជាង ២០​ម៉ឺន​ដុល្លារ​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ បាន​ធ្វើ​ឲ្យ​លោក អឿន រស់នៅអមរើន មាន​មោទនភាព​យ៉ាង​ខ្លាំង ដោយសារ​លោក​បាន​សាងសង់​ទីកន្លែង​ធម្មជាតិ ដែល​អាច​ផ្តល់​មុខរបរ​ជាច្រើន​ដល់​អ្នក​ភូមិ និង​បាន​បង្កើត​ទីកន្លែង​បែប​ធម្មជាតិ ផ្តល់​សេវាកម្ម​ទេសចរណ៍​ក្នុង​តម្លៃ​មួយ​សមរម្យ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ដល់​ទឹកដី​ខេត្ត​ភាគនិរតី​មួយ​នេះ។

លោក​​បញ្ជាក់​​បែប​​នេះ​ថា៖ «នៅ​ទី​នេះ យើង​អាច​គេង​ក្នុង​តង់​ក្នុង​មួយ​យប់​១២​ដុល្លារ តែ​បើ​គេង​ក្នុង​បន្ទប់ គឺ​មួយ​យប់​ពី ១៥ ទៅ ២០​ដុល្លារ។ កន្លែង​យើង ទាំង​កន្លែង​ស្នាក់នៅ សេវាកម្ម និង​ម្ហូប​អាហារ គឺ​មាន​តម្លៃ​សមរម្យ»។    

សម្រាប់​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​បែប​ធម្មជាតិ ក្ដាត សាកាណា ជាកន្លែង​ថ្មី​ដែល​គួរតែ​សាកល្បង។

បើ​តាម​គម្រោង ម្ចាស់​រមណីយដ្ឋាន​ធម្មជាតិ​រូប​នេះ នឹង​ពង្រីក​ការ​សាងសង់​និង​កែច្នៃ​តំបន់​នេះ ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត សម្រាប់​បម្រើ​ដល់​អ្នក​ទេសចរ ឲ្យ​បន្ត​គាំទ្រ​និង​មក​លេង​កម្សាន្ត​នៅ​ទីនេះ ដើម្បី​លើក​កម្ពស់​ទេសចរណ៍​ក្នុង​ស្រុក បង្កើត​ការងារ​ជូន​ពលរដ្ឋ និង​ថែ​រក្សា​បរិស្ថាន​នៅ​កម្ពុជា​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនួញពីររូបនេះបង្ហើបគន្លឹះចាប់ផ្តើមអាជីវកម្មកុំឲ្យដួលបះ​ជើង

ព័ត៌មាន
អ្នកបង្កើតអាជីវកម្មថ្មីថ្មោង (Startup) តែងតែប្រឈមនឹងការខាតឡុងចុង រហូតសហគ្រិនមួយចំនួន បានសម្រេចចិត្តបិទទ្វារអាជីវកម្ម ដែលធ្វើឲ្យពួកគេបាក់ទ…

អ្នកជំនាញ៖ ចរន្ដ​ពុះ​ដី​ឡូតិ៍​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ថយ​ចុះ​ជាង​ឆ្នាំ​មុន

ព័ត៌មាន
ចរន្ត​នៃ​ការ​អភិវឌ្ឍ​ពុះ​ដីឡូតិ៍​លក់​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​អះអាង​ថា នឹង​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ