យ៉ាងណាមិញ នៅថ្ងៃពុធសប្តាហ៍នេះជប៉ុន ក៏បានស្នើទៅរដ្ឋាភិបាលក្រុងហ្សាកាតា ឲ្យលុបចោលវិញនូវការហាមប្រាមការនាំចេញធ្យូងថ្មបណ្តោះអាសន្ន ដោយសារបារម្ភថាអាចប៉ះពាល់ដល់តម្រូវការក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កាលពីសប្តាហ៍មុន ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា ខ្លួននឹងផ្អាកការនាំចេញធ្យូងថ្មទៅក្រៅប្រទេសសម្រាប់ខែមករានេះសិន ដើម្បីធានាបានថាខ្លួននឹងមានថាមពលប្រើប្រាស់គ្រប់គ្រាន់នៅក្នុងប្រទេស។
ក្នុងនោះចិនដែលជាប្រទេសនាំចូលធ្យូងថ្មដ៏ធំពីឥណ្ឌូនេស៊ី មិនសូវបង្ហាញការព្រួយបារម្ភប៉ុន្មានទេ ដោយសារតែអំឡុងចុងខែមករា និងដើមខែកុម្ភៈនេះ ជារយៈពេលឈប់សម្រាកនៅប្រទេសចិន ដែលធ្វើឲ្យតម្រូវការថាមពលមានតិចតួចប៉ុណ្ណោះ។
ផ្ទុយទៅវិញ ជប៉ុនដែលជាប្រទេសនាំចូលធ្យូងថ្មពីឥណ្ឌូនេស៊ីដែរនោះ ហាក់បង្ហាញក្តីបារម្ភខ្លាំង ចំពោះការផ្អាកនាំចេញធ្យូងថ្មរបស់ឥណ្ឌូនេស៊ីនេះ។ ជាក់ស្តែង ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងហ្សាកាតា នៅថ្ងៃពុធសប្តាហ៍នេះបានផ្ញើលិខិត ជូនរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី សុំការអនុញ្ញាតនាំចូលធ្យូងថ្មជាធម្មតា ដោយបានអះអាងថាបច្ចុប្បន្នមាននាវារបស់ជប៉ុន៥គ្រឿង កំពុងរង់ចាំដឹកជញ្ជូនធ្យូងថ្មចេញពីដែនទឹកឥណ្ឌូនេស៊ី។
គួរជម្រាបថា ឥណ្ឌូនេស៊ីជាប្រទេសនាំចេញធ្យូងថ្មដ៏ធំបំផុតមួយនៅក្នុងតំបន់ ខណៈប្រទេសដៃគូទទួលទិញធ្យូងថ្មដ៏សំខាន់របស់ខ្លួនគឺចិន ដែលក្នុង១១ខែឆ្នាំ២០២១ ចិនបញ្ជាទិញធ្យូងថ្មប្រមាណ ១៨០លានតោនឯណោះ ស្មើនឹង៧៥%នៃការនាំចូលធ្យូងថ្មសរុបេបស់ចិន។ រីឯប្រទេសជប៉ុនវិញ បាននឹងកំពុងនាំចូលធ្យូងថ្មប្រហែល ២លានតោនប៉ុណ្ណោះពីប្រទេសឥណ្ឌូនេស៊ីក្នុងមួយខែៗសម្រាប់ផលិតជាថាមពល ដែលបម្រើឲ្យសកម្មភាពឧស្សាហកម្មមួយចំនួននៅក្នុងប្រទេស។
សូមបញ្ជាក់ថា ការផ្អាកការនាំចេញធ្យូងថ្មបណ្តោះអាសន្នរបស់ឥណ្ឌូនេស៊ី ដើម្បីធានាបានការប្រើប្រាស់ក្នុងស្រុក ធ្វើឡើងក្រោយពេលនៅពេញមួយឆ្នាំ២០២១ ឥណ្ឌូនេស៊ីផលិតធ្យូងថ្មមិនបានគ្រប់តាមផែនការកំណត់ ពោលគឺផលិតបានតែជាងជាង៦១០លានតោនប៉ុណ្ណោះ ខណៈគោលដៅមានដល់ជិត៦៣០លានតោន។ មូលហេតុដែលផលិតមិនគ្រប់គោលគៅ គឺបណ្តាលមកពីបញ្ហាអាកាសធាតុ និងកង្វះខាតគ្រឿងចក្រធំៗ៕