ថ្លែងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនិងឥណ្ឌូប៉ាស៊ីហ្វិក ក្នុងប្រទេសស៊ុយអែត លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ប្រមុខការទូតជប៉ុន បាននិយាយថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យ «រង្គោះរង្គើមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ» ហើយវាត្រូវតែប្រឈមមុខនឹងការឆ្លើយតបស្រុះគ្នាពីសហគមន៍អន្តរជាតិ។
លោក ហាយ៉ាស៊ី បានសង្កត់ធ្ងន់ថា «បើមិនដូច្នេះទេ បញ្ហាប្រឈមស្រដៀងគ្នានឹងកើតឡើងនៅក្នុងតំបន់ផ្សេងទៀត ហើយសណ្តាប់ធ្នាប់មានស្រាប់ដែលបានគាំទ្រដល់សន្តិភាពនិងវិបុលភាពរបស់យើង អាចនឹងត្រូវរំលំចោលដល់ឫសគល់»។
ជប៉ុនគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំក្នុងសង្រ្គាម ប៉ុន្តែចិននិយាយថាខ្លួននៅអព្យាក្រឹត ខណៈទីក្រុងប៉េកាំងបានប្រកាសអំពីទំនាក់ទំនង«គ្មានដែនកំណត់» ជាមួយទីក្រុងម៉ូស្គូ ហើយបានបន្ទោសអាមេរិក និងអង្គការណាតូថាជាអ្នកអុជអាលជម្លោះនេះឱ្យផ្ទុះឡើងថែមទៀត។ កាលពីខែមីនា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ។
លោក ហាយ៉ាស៊ី បានចោទប្រកាន់ទីក្រុងប៉េកាំងថា«បន្តនិងបង្កើនការប៉ុនប៉ងដោយឯកតោភាគី» ដើម្បីផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើតនិងខាងត្បូងដោយកម្លាំងនិងការបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់។ លោកបានបន្ថែមថា លើសពីនេះ ប្រទេសចិននិងរុស្ស៊ីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ រួមទាំងការហោះហើររួមគ្នានៃយន្តហោះទម្លាក់គ្រាប់បែក និងសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងតំបន់ជុំវិញប្រទេសជប៉ុនទៀតផង។
ប្រមុខការទូតជប៉ុនក៏បានព្រមានដែរថា កូរ៉េខាងជើងកំពុង«បង្កើនការបង្កហេតុ»នៅក្នុងតំបន់ ដោយបាញ់កាំជ្រួចផ្លោង«កាន់តែញឹកញាប់ និងក្នុងលក្ខណៈដែលមិនធ្លាប់មានពីមុនមក»។
ប្រទេសមួយចំនួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងឥណ្ឌានិងប៉ាគីស្ថានផង បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានថ្កោលទោសរុស្ស៊ីនោះទេ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ហីណា រ៉ាបានី ខា បាននិយាយថា «យើងទាំងអស់គ្នាព្យាយាមនិងដោះស្រាយបញ្ហាតាមវិធីផ្សេងគ្នារបស់យើង»។ ប្រមុខការទូតប៉ាគីស្ថានរូបនេះបន្តថា «ខ្ញុំគិតថាមេរៀនដែលប្រទេសមួយដូចជាប៉ាគីស្ថានបានរៀននោះគឺថា ការពង្រីកជម្លោះមិនមែនជាចម្លើយទេ គឺថាយើងចង់បានការបញ្ចប់អរិភាព ការបញ្ចប់ជម្លោះ ដូច្នេះមនុស្សអាចវិលទៅកសាងជីវិតជាជាងការបំផ្លាញជីវិតបន្ថែមទៀត»។
ប្រទេសភាគច្រើនក្នុងសហភាពអឺរ៉ុបបានផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ហើយសហគមន៍ដែលមាន២៧ប្រទេសនេះបានដាក់ទណ្ឌកម្មលើរុស្ស៊ីស្ទើរដកដង្ហើមពុំរួចទៅហើយ។ នៅពេលសួរថាតើសហភាពអឺរ៉ុបសង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកឱ្យស្របតាមគោលជំហររបស់អឺរ៉ុបនេះឬយ៉ាងណា? ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប ប៉ូរែល បាននិយាយថា «យើងមិនចង់បញ្ចុះបញ្ចូលនរណាម្នាក់ទេ។ យើងគ្រាន់តែចង់ចែករំលែកការវិភាគរបស់យើងអំពីបុព្វហេតុនិងផលវិបាកនៃសង្រ្គាមប៉ុណ្ណោះ»។
ប្រមុខការទូតសហភាពអឺរ៉ុបបានច្រានចោលសំណួរមួយដែលថាតើវាអាចទៅរួចដែរឬទេក្នុងការសន្ទនាប្រកបដោយអត្ថន័យជាមួយបណ្តាប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកដោយគ្មានប្រទេសចិន។ លោក បូរែល និយាយថា សហភាពអឺរ៉ុបមានឱកាសជាច្រើនទៀតដើម្បីពិភាក្សាជាមួយទីក្រុងប៉េកាំង។
លោក បូរែល បានថ្លែងថា «យើងអាចពិភាក្សាយ៉ាងល្អឥតខ្ចោះអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយគ្មានប្រទេសចិន»។ លោកបានគូសបញ្ជាក់ថា «វាមិនមានន័យថាយើងធ្វេសប្រហែសនឹងចិនទេ វាមិនមែនមានន័យថាយើងចង់ជំនួសចិនទេ។ ខ្ញុំមិនឃើញថាមានបញ្ហាមកពីណាទេ»។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសនៅអឺរ៉ុបនិងនៅឥណ្ឌូប៉ាស៊ិហ្វិក ក្នុងទីក្រុងស្តុកខុំ ប្រទេសស៊ុយអែតនោះ ប្រទេសចិនមិនត្រូវបានគេអញ្ជើញឱ្យចូលរួមប្រជុំទេ។
ប្រទេសចិនដែលទាមទារយកភាគច្រើននៃសមុទ្រចិនខាងត្បូង ក៏ដូចជាកោះដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត និយាយថា ខ្លួនមានសិទ្ធិការពារអធិបតេយ្យភាពនិងផលប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់ខ្លួន៕