តម្លៃមាសបានហក់ឡើងខ្ពស់ហួសពីកំណត់ត្រា ដែលបានកត់កន្លងនាពេលកន្លងមកខណៈអ្នកសេដ្ឋកិច្ចជប៉ុន បានលើកឡើងថា កំណើននៃតម្លៃមាសនេះ គឺអាចបណ្តាល មក ពីតម្រូវការនិងការប្រមូលទិញដោយអ្នកលក់រាយនៅក្នុងប្រទេសចិន រួមទាំងបញ្ហារឹតត្បិតទ្រព្យសកម្ម និង ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ។
លោក ធីស៊ូតូមូ កូស៊ូ (Tsutomu Kosuge) ប្រធានក្រុមហ៊ុនស្រាវជ្រាវទំនិញដែលមានទីស្នាក់ការកណ្តាលទីក្រុងតូក្យូ បាននិយាយប្រាប់សារព័ត៌មាន Nikkei ថា អ្នកវិនិយោគទិញមាសរង់ចាំឱកាសលក់យកចំណេញក្នុងរយៈពេលខ្លី គឺជាក្រុមអ្នកទិញមាសច្រើនជាងគេនាពេលកន្លងមក ។
លោកបានបន្តថា ការប្រមូលទិញមាសដោយក្រុមអ្នកវិនិយោគទាំងនេះ កាលពីមីនាដល់ខែមេសា គឺជាមូលហេតុ ធ្វើឲ្យតម្រូវការមាសជារូបវន្តពីប្រទេសចិនកើនឡើង ហើយវាក្លាយជាចលករមួយជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ កើនឡើងដែរ ។
កាលពីចុងខែកុម្ភៈតម្លៃនៃការជូញដូរមាសនៅទីក្រុងញូវយ៉កជាមធ្យម តែត្រឹមជាង២ពាន់៧រយដុល្លារនៅក្នុង១តម្លឹង ប៉ុន្តែវាបានស្ទុះឡើងដល់ជាង ៣ពាន់១រយដុល្លារ នៅខែមេសា ។
ស្ថានភាពទីផ្សារនៅក្នុងអំឡុងពេលនោះ នៅពេលខ្លះតម្លៃមាសវាបានកញ្ជ្រោលឡើងដល់កម្រិតខ្ពស់បំផុតគឺរហូតដល់ ៣ពាន់៣រយដុល្លារនៅក្នុងមួយតម្លឹង ។
លោក ជេហ្វ តូស៊ីម៉ា (Jeff Toshima) អ្នកវិភាគទីផ្សារមាសមួយរូប បាននិយាយថា ចរាចរមាសដែលស្ទុះឡើងនៅខែមីនា និង មេសា វាកើតឡើងចំពេលមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការរឹតត្បិតលើទ្រព្យសកម្មគ្រីបតូ និងទ្រព្យបញ្ចាំជាប្រាក់ដុល្លារជាដើម៕
ដោយៈ សរ សុជាតិ