ក្រុមហ៊ុនជប៉ុន អេហ្គ្រីបាឌី (Agribuddy) ដែលធ្វើប្រតិបត្តិការក្នុងបំណងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច និងគុណភាពជីវិតរបស់កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា និងឥណ្ឌា បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួនពីរ ដែលទទួលបានការវិនិយោគច្រើនជាងគេបំផុតពីមូលនិធិអ្នកវិនិយោគ KSK ជាមូលនិធិវិនិយោគមួយដែលបង្កើតឡើងដោយកីឡាករបាល់ទាត់អាជីពល្បីឈ្មោះរបស់ប្រទេសជប៉ុន គឺលោក កេស៊ូកិ ហុងដា (Keisuke Honda)។
មូលនិធិវិនិយោគ KSK Angel Fund ត្រូវបានបង្កើតឡើងក្នុងបំណងធ្វើឲ្យពិភពលោកក្លាយជាទីមនោរម្យសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈបេសកកម្មក្នុងការបង្កើតឲ្យបាននូវសង្គមមួយដែលគ្មានភាព ក្រីក្រ និងមនុស្សគ្រប់គ្នាទទួលបានការអប់រំដោយស្មើភាពគ្នា។
លោក កេស៊ូកិ ហុងដា បានមានប្រសាសន៍ថា៖ “យើងបានមើលឃើញនូវសក្ដានុពលជាច្រើនរបស់អេហ្គ្រីបាឌី ក្នុងការផ្ដល់សេវាដល់កសិករឲ្យបានកាន់តែប្រសើរ តាមរយៈប្រតិបត្តិការសម្របសម្រួលហិរញ្ញប្បទានកសិកម្ម និងការស្វែងរកទីផ្សារឲ្យបានច្រើនសម្រាប់កសិផលរបស់កសិករ។ ទាំងអស់នេះមានភាពស៊ីគ្នានឹងសេចក្តីថ្លែងបេសកកម្មរបស់យើង។”
នាយកប្រតិបត្តិ និងជាស្ថាបនិករបស់អេហ្គ្រីបាឌី លោក ខេងហ្គោ គីតួរ៉ា (Kengo Kitaura) បានស្វាគមន៍ចំពោះដំណឹងនេះ ដែលនឹងជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែរឹងមាំថែមទៀតក្នុងនាមជាមិត្តដៃគូរបស់កសិករ។
លោក ខេងហ្គោ បានមានប្រសាសន៍ថា៖ “នេះជាដំណឹងដ៏គួរឲ្យរំភើបចិត្តសម្រាប់ពួកយើង ស្របពេលដែលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍កសិករ ឲ្យបានរឹងមាំ និងលូតលាស់រីកចម្រើន តាមរយៈការជួយសម្របសម្រួលសកម្មភាពផលិតកម្មកសិករ និងការគ្រប់គ្រងចង្វាក់តម្លៃកសិកម្ម”។
លោកបានបន្ថែមទៀតថា៖ “យើងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា កសិកររបស់យើងនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេបំផុតពីការជួយគាំទ្រ និងការវិនិយោគពីលោក ហុងដានេះ”។
លោក កេស៊ូកិ ហុងដា ជាជនគំរូម្នាក់ មិនថាក្នុងនាមជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឥស្សរជនដែលចួលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ និង ជាសហគ្រិន ក៏ដូចជាអ្នកបោះទុនវិនិយោគក្នុងអាជីវកម្មបង្កើតថ្មីៗផងដែរ។
ទន្ទឹមនឹងនេះ លោក កេស៊ូកិ បានបង្កើតសាលាហ្វឹកហាត់បាល់ទាត់ចំនួន ៨០ កន្លែងទូទាំងសកលលោក ហើយក៏ជាអ្នកវិនិយោគដ៏មានឥទ្ធិពលម្នាក់នៅក្នុងវិស័យអាជីវកម្មបង្កើតថ្មីៗផងដែរ។
ក្រៅពីនេះ លោក កេស៊ូកិ ហុងដា ក៏បានចូលរួមជាមួយនឹងក្រុមហ៊ុនអេហ្គ្រីបាឌីក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនថែមទៀតផង។
សម្រាប់ក្រុមហ៊ុន អេហ្គ្រីបាឌី មកទល់នឹងពេលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមួយចំនួនរួមមាន Mistletoe លោកកេស៊ូកិ ហុងដា មូលនិធិអាជីវកម្មឌីជីថល (SADIF) និង ក្រុមហ៊ុន Forte Investment Holdings ជាដើម។
លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុនអេហ្គ្រីបាឌីប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមូលនិធិ KSK នៅទីក្រុងតូក្យូ បានមានប្រសាសន៍ថា ការក្លាយជាក្រុមហ៊ុនកំពូលចំនួនពីរលើបញ្ជីវិនិយោគរបស់ឥស្សរជនល្បីឈ្មោះលំដាប់ពិភពលោកដូច្នេះ គឺជាសមិទ្ធផលមួយដ៏ធំធេងសម្រាប់អេហ្គ្រីបាឌី ស្របពេលដែលក្រុមហ៊ុនកំពុងតែពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញសមត្ថភាពផលិតកម្មកសិកម្ម។
លោក យ៉ង់ ប៉ាក់ មានប្រសាសន៍ថា៖ “នេះជាជោគជ័យមួយដ៏ធំធេងរបស់ក្រុមការងារអេហ្គ្រីបាឌីទាំងមូលដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារដើម្បីបម្រើដល់កសិករ។ ហើយដំណឹងនេះ នឹងកាន់តែលើកទឹកចិត្តដល់យើងទាំងអស់គ្នាថែមទៀតឲ្យប្រឹងប្រែងកាន់តែខ្លាំង និងធ្វើការងារកាន់តែប្រសើរជាងមុនដើម្បីជាប្រយោជន៍ដល់វិស័យកសិកម្មរបស់យើង”។
អេហ្គ្រីបាឌីគឺជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម មួយដែល គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ បានធ្វើការងារជាមួយនឹងកសិកររាប់ពាន់នាក់ ដែលដាំដណាំស្រូវ ដំឡូង និងពោត នៅក្នុងខេត្តចំនួនប្រាំពីរ គឺខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ធំ ដើម្បីជំរុញការដាំដុះ និងលើកកម្ពស់ជីវភាពរបស់កសិករ៕