តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមទុនវិនិយោគសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣២ នៅកម្ពុជា ក្រុមហ៊ុនជប៉ុនមានប្រមាណ២៦% ឈរក្នុងលំដាប់លេខ២ បន្ទាប់ពីក្រុមហ៊ុនចិន ដែលមាន២៩%។
លោក ជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានលើកឡើងថា គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានចំនួន ៥៨រោងចក្រហើយ ដែលក្នុងនោះ ភាគច្រើនពួកគេវិនិយោគលើរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក។ លោកជំទាវ បន្ថែមថា ការហូរចូលនូវវិនិយោគិនជប៉ុនកាន់តែច្រើនមកកាន់កម្ពុជានាពេលនេះ គឺដោយសារតែពួកគេចាប់ផ្ដើមទទួលស្គាល់លើសមត្ថភាពរបស់កម្មករកម្ពុជាយើង និងទំនុកចិត្តមកលើបរិកាសពាណិជ្ជកម្មនៅកម្ពុជា។
ទោះបីជាឆ្នាំនេះ ជាការបោះឆ្នោតជាតិ ដែលកន្លងមកតែងតែធ្វើឲ្យវិនិយោគិនមួយចំនួនមានការមន្ទិលក្នុងចិត្ត រហូតមានអ្នកខ្លះបង្អង់ការវិនិយោគរបស់ខ្លួនក៏ដោយ ប៉ុន្ដែ លោកជំទាវ លឹម ឈីវហូ លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំយល់ថា មិនមានអីត្រូវព្រួយបារម្ភទេ! ជប៉ុនមកវិនិយោគច្រើនណាស់ឥឡូវ ដូចមុនចូលឆ្នាំខ្មែរនេះ ខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនជប៉ុន ២-៣ ក្រុមហ៊ុនហើយ ដែលសុទ្ធតែជាក្រុមហ៊ុនធំៗ និងបានមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផង និងប៉ោយប៉ែតផង។ ជប៉ុនមកច្រើន ព្រោះគេជឿជាក់លើសមត្ថភាពកូនខ្មែរយើងថា ធ្វើការងារបានល្អ ការចំណាយលើការវិនិយោគមានតម្លៃសមរម្យ និងទទួលបានគុណភាពខ្ពស់»។
គិតត្រឹមខែមេសាឆ្នាំនេះ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុន និងរោងចក្រចំនួន១០១ កំពុងដំណើរការផលិតទំនិញផ្សេងៗរបស់ខ្លួនសម្រាប់ធ្វើការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ជាមួយនឹងកម្លាំងពលកម្មសរុបមានជាង១,៥ ម៉ឺននាក់។ ជាមួយគ្នានេះ ប្រាក់ចំណេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅឆ្នាំ២០១៧កន្លងទៅនេះ មានប្រមាណជាង១,៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ១៦% ធៀបនឹងឆ្នាំកន្លងទៅ។