ខេមបូណូមីស សូមលើកយកនូវចំណុចគោលសំខាន់ៗមួយចំនួននៃ គន្លឹះដឹកនាំរបស់ជនជាតិជប៉ុន មកចែករំលែកលោកអ្នកដើម្បីជាចំណីគំនិតបន្ថែមទាក់ទងនឹងគន្លឹះនៃការដឹកនាំ។
១, ជប៉ុនប្រកាន់ខ្ជាប់នូវសម្រេចចិត្តជាឯកច្ឆន្ទ (Consensus)
ការសម្រេចចិត្តបែបមូលមតិជាឯកច្ឆន្ទ គឺជាវប្បធម៌ធ្វើការមួយរបស់ជនជាតិជប៉ុន ទាំងក្នុងការគ្រប់គ្រងអាជីវកម្ម ស្ថាប័ននានា និងជួររដ្ឋាភិបាល។ មុននឹងឈានដល់ការសម្រេចចិត្ត ពួកគេតែងស្នើឲ្យមានការចូលរួមបញ្ចេញមតិពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗក្នុងស្ថាប័ន ទាំងមតិស្រប និងបដិសេធ ដើម្បីធ្វើការថ្លឹងថ្លែងពីភាពវិជ្ជមាន និងអវិជ្ជមាន នៅពីក្រោយការសម្រេចចិត្ត។ ទោះយ៉ាងណា គេបានរកឃើញថា មានផ្នត់គំនិត និងឥរិយាបថគ្រប់គ្រងមួយចំនួនដែលជនជាតិជប៉ុន តែងយកមកអនុវត្តមុននឹងធ្វើការសម្រេចចិត្ត ដើម្បីឈានទៅរកការផ្លាស់ប្តូរប្រកបដោយវឌ្ឍនភាព រួមមាន៖
- ផ្តោតការយកចិត្តទុកដាក់លើឫសគល់បញ្ហាជាចម្បង៖ នេះជាចំណុចមួយដែលគេចាត់ទុកថា ជាភាពខុសគ្នាស្រឡះរវាងប្រទេសលោកខាងលិច និងជប៉ុន ក្នុងពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្ត។ ពោលគឺ នៅពេលជួបបញ្ហាធំៗ និងដើម្បីឈានទៅធ្វើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត នៅប្រទេសលោកខាងលិចនិយមសង្កត់ធ្ងន់ទៅលើការស្វែងរកចម្លើយសម្រាប់សំណួរ មានន័យថា គិតទៅលើដំណោះស្រាយជាចម្បង។ ប៉ុន្ដែ ក្នុងការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ជនជាតិជប៉ុន គឺដឹងពីសំណួរឲ្យបានច្បាស់សិន ពោលគឺស្គាល់ពី ឫសគល់នៃបញ្ហា ហើយជំហានបន្ទាប់ដែលសំខាន់ និងចាំបាច់បំផុតនោះគឺ ការសម្រេចចិត្ត ដែលត្រឹមត្រូវ និងប្រកបដោយសុក្រិតភាព ដោយប្រើប្រាស់នូវវិធីសាស្ត្រមូលមតិជាឯកច្ឆន្ទ (កុងសង់សីស)។ មានការលើកឡើងថា រាល់ការចរចានានាជាមួយជនជាតិជប៉ុន គឺប្រហែលជាអាចត្រូវចំណាយពេលយូរ ព្រោះជនជាតិជប៉ុនរមែងមានការគិតស៊ីជម្រៅ និងល្អិតល្អន់បំផុត ប៉ុន្ដែពួកគេនឹងបន្ថែមល្បឿនការងារយ៉ាងរហ័សក្រោយពីសម្រេចចិត្តបានបញ្ចប់រួចរាល់។ លើសពីនេះទៀត សម្រាប់ការគ្រប់គ្រងរបស់ជប៉ុនគ្មានឡើយការសម្រេចចិត្តធំៗណាមួយធ្វើឡើងជាអត្តនោម័ត ទោះបីបុគ្គលនោះ ជាអ្នកគ្រប់គ្រងកំពូលក៏ដោយ។
- ចាប់ផ្ដើមធ្វើយុទ្ធនាការ៖ ក្រោយពីបានបញ្ចប់ការសម្រេចចិត្តរួចរាល់ ជាជំហានសំខាន់បន្ទាប់ក្នុងការឈានទៅរកការសម្រេចគោលដៅ គឺជាដំណាក់កាលនៃសកម្មភាព (Action Stage)។ ទោះយ៉ាងណា នៅក្នុងដំណាក់កាលនេះ ក៏ត្រូវឆ្លងកាត់នូវការសម្រេចចិត្តមួយទៀត ហើយវាក៏ជាការសម្រេចចិត្តសំខាន់មួយផងដែរ នោះគឺការជ្រើសរើសនូវបុគ្គល ដែលមានសមត្ថភាពត្រូវនឹងកិច្ចការ (Appropriate People) ដោយការសម្រេចចិត្តនេះ គឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័នត្រូវធ្វើតាមរយៈការធ្វើកុងសង់សីសដដែល (មូលមតិជាឯកច្ឆន្ទ)។ ការរើសចាត់តាំងមនុស្សឲ្យត្រូវនឹងភារកិច្ច គឺជាវិធីសាស្ត្រមួយដែលវប្បធម៌ការងាររបស់ជប៉ុនជឿជាក់ថា វានឹងធ្វើឲ្យការងារទៅមុខបានរលូន រហ័ស មានគុណភាព និងតម្លាភាព។
- បន្ថែមការយកចិត្តទុកដាក់៖ បើតាមគេហទំព័រ HBR បានលើកឡើងថា ភាគច្រើនក្រុមហ៊ុនអាមេរិកដែលមានទំនាងទំនងការងារជាមួយក្រុមហ៊ុនជប៉ុន តែងប្រើយុទ្ធសាស្ត្រជំរុញ តម្រូវតាមរយៈផែនការរយៈពេលវែង ឬការណែនាំបញ្ចុះបញ្ជូលនានា ដើម្បីបង្ហាញថាខ្លួនជាជម្រើសតែមួយគត់សម្រាប់ភាពជាដៃគូជាមួយក្រុមហ៊ុនជប៉ុន ហើយបន្តធ្វើយ៉ាងណាឲ្យមានការសម្រេចចិត្តលើកិច្ចការងារដែលពួកគេចង់បានឲ្យបានលឿន។ ទោះជាបែបនេះក្ដី ភាគីខាងជប៉ុន នៅតែពិចារណារាល់ចម្លើយនឹងការផ្គូរផ្គង់របស់ភាគីអាមេរិក និងប្រមូលទុកគំនិតទាំងនោះសម្រាប់វិភាគ ដោយមិនធ្វើការសម្រេចចិត្តភ្លាមៗនោះឡើយ ព្រោះអ្វីដែលសំខាន់សម្រាប់ពួកគេ គឺស្វែងយល់ពីជម្រើសជំនួសនៅសល់ ដែលពួកគេអាចរើសយកមកប្រើបាន ដោយមិនរើសយកជម្រើសដែលគេផ្ដល់ឲ្យនោះឡើយ។ មិនតែប៉ុណ្ណោះ ដាក់គោលការណ៍មួយដែលពួកគេដាក់ជាប់ខ្លួនពេលកំពុងចរចា គឺមិនទទួលយកអនុសាសន៍ពីអ្នកដទៃមកប្រើឡើយ ដរាបណាពួកគេមានហេតុផលច្បាស់លាស់ផ្ទាល់ខ្លួន ទៅនឹងបញ្ហា ដោយឆ្លងតាមការធ្វើឯកច្ឆន្ទភាពនៃក្រុមរបស់ពួកគេ។ ដូច្នេះហើយ ទើបពួកគេតែងមានប្រៀបឈ្នះរាល់ការសម្រេចចិត្ត ខណៈដែលក្រុមហ៊ុនបរទេសចំនួនធ្លាក់ខ្លួនក្លាយជាអ្នកទោសសម្រេចចិត្ត។
២, សុវត្ថិភាព និងផលិតផលភាពការងារ
បើនិយាយពីគោលការណ៍នៃជីវិតការងាររបស់ជប៉ុនវិញ (Lifetime employment) គឺហាក់មានការយកចិត្តទុកដាក់ខ្ពស់សម្រាប់សុវត្ថិភាព និងផលិតផលភាពការងាររបស់បុគ្គលិកលើសពីក្រុមហ៊ុននានានៅបណ្ដាប្រទេសមួយចំនួន។ តួយ៉ាង ដើម្បីឲ្យប្រាកដថា បុគ្គលិកទាំងអស់មានការវិវឌ្ឍខ្លួនទៅតាមភាពទំនើបកម្ម (Modern) ក្រុមហ៊ុនជប៉ុនបានធានាលើសុវត្ថិភាពការងារនៅពេលដែលបុគ្គលិកនោះក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន។ ជាក់ស្ដែង នៅអំឡុងពេលធ្វើការរបស់ពួកគេ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចកើតឡើង ឬក្រុមហ៊ុនត្រូវក្ស័យធនក៏ដោយ ក៏ពួកគេត្រូវទទួលបានការធានាទំនុកបម្រុងដែរ។
មានធាតុផ្សំពីរយ៉ាងដែលសិល្បៈនៃការគ្រប់គ្រងបែបជប៉ុនតែងយកមកប្រើប្រាស់ដើម្បីបង្កើតនូវផលិតភាព និងគុណភាពការងាររបស់ខ្លួន នោះគឺ ទ្រឹស្ដី Kaizen (បន្តនូវភាពប្រសើរឡើង) និង Consensus (ឯកច្ឆន្ទភាព)។ Kaizen គឺជាទ្រឹស្ដីមួយដែលស្ថិតនៅក្នុងផ្នត់គំនិតរបស់អ្នកដឹកជប៉ុន ជាពិសេសអ្នកដឹកនាំក្រុមហ៊ុនធំៗ ដូចជាតូយ៉ូតាជាដើម។ ទ្រឹស្ដីមួយនេះ គឺជាផ្នត់គំនិតបន្ថែមនៃការរុករកនូវអ្វីដែលថ្មី និងជាតម្រូវការរបស់អតិថិជនគ្មានទីបញ្ចប់។
-បំពេញឲ្យបាននូវអ្វីដែលជាតម្រូវការរបស់បុគ្គលិក៖ ការគ្រប់គ្រងបែបជប៉ុន គឺដឹងច្បាស់ពីតម្រូវការចាំបាច់របស់បុគ្គលិកក្នុងបរិបថការងារ តួយ៉ាងដឹងពីអ្វីជាផលវិបាក និងផ្ដល់នូវដំណោះស្រាយសម្រាប់បុគ្គលិកទាន់ពេលវេលា ហើយអ្វីដែលក្រុមហ៊ុនបានសន្យាជាមួយបុគ្គលិក គឺថ្នាក់ដឹកនាំរមែងតែងសម្រេចបានដល់គោលដៅជានិច្ច។
-មានឆន្ទៈដើម្បីការផ្លាស់ប្តូរ៖ “បន្តការរៀនសូត្រជានិច្ច” (Continuous Training) គឺជាទ្រឹស្ដីមួយដែលក្រុមហ៊ុនជប៉ុនជាច្រើនតែងប្រើប្រាស់ដើម្បីបញ្ជ្រាបទៅកាន់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ ការរក្សានូវគោលការណ៍អភិវឌ្ឍន៍ចំណេះដឹងបន្ថែមនេះ គឺធ្វើឡើងជាទៀងទាត់ ចាប់តាំងពីបុគ្គលិកចូលបម្រើការ រហូតដល់អាយុចូលនិវត្តន៍។
៣, ថែរក្សា និងបណ្ដុះមនុស្សជំនាន់ក្រោយ
ភាគច្រើននៅក្នុងបរិបថការងារនៃការធ្វើការងាររបស់ជប៉ុន ហាក់ឲ្យតម្លៃលើឱកាស និងស្នាដៃរបស់យុវជន។ ពួកគេជឿថា មនុស្សវ័យក្មេងមានគំនិតថ្មីៗច្រើន ក្នុងការអភិវឌ្ឍ និងដឹកនាំទៅរកភាពរុងរឿង តួយ៉ាង អ្នកដែលមានអាយុល្បាក់៣០ឆ្នាំ គឺមានឱកាសអាចក្លាយជាអ្នកដឹកនាំកំពូលក្នុងស្ថាប័នបាន តែទាមទារឲ្យគាត់មានការដកពិសោធន៍ និងអភវិឌ្ឍជំនាញរបស់ខ្លួនដែលចាំបាច់បន្ថែម តាមរយៈការផ្ដល់ឱកាសក្នុងការសាកល្បងដឹកនាំពីអ្នកដឹកនាំកំពូល។ជាមួយគ្នានេះ ប្រព័ន្ធអប់រំរបស់ជប៉ុន គឺបានផ្សាភ្ជាប់ជាមួយនឹងវិស័យការងារក្នុងប្រទេសរួចជាស្រេច ពោលគឺយុវជនវ័យក្មេងអាចមានឱកាសបានចូលបម្រើការងារក្នុងក្រុមហ៊ុននានាដោយផ្ទាល់ ខណៈដែលពួកគេកំពុងសិក្សានៅតាមសាកលវិទ្យាល័យនៅឡើយ។
សូមបញ្ជាក់ថា អត្ថបទខាងលើនេះ គឺផ្អែកលើការស្រាវជ្រាវពីបណ្ដាញសារព័ត៌មាន និងស្ថាប័នអប់រំមួយចំនួនដែលបានចងក្រងនឹងចែករំលែកនៅលើបណ្ដាញអ៊ិនធើណែតប៉ុណ្ណោះ។ ទោះយ៉ាងណាខេមបូណូមីសសង្ឃឹមថា អត្ថបទនេះ នឹងក្លាយជាចំណីគំនិតបន្ថែមទៀតសម្រាប់លោកអ្នកក្នុងការអាន និងស្វែងយល់ពីការដឹកនាំ។ សូមអរគុណសម្រាប់ការចំណាយពេលអានអត្ថបទនេះតាំងពីដើម ដល់ចប់ ខេមបូណូមីសនឹងខិតខំស្វែងរកអត្ថបទគន្លឹះល្អៗបន្ថែមទៀត ដើម្បីយកមកចែករំលែកលោកអ្នកអាន នៅពេលក្រោយៗទៀត៕