ជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ស៊ីឌីស៊ី) បានឲ្យដឹងថា គម្រោងវិនិយោគដែលឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០១៦ បង្ហាញថា ជប៉ុនក្លាយជាវិនិយោគិនផ្ទាល់ធំជាងគេនៅកម្ពុជា។ តម្លៃ ទុនវិនិយោគសរុបរបស់ជប៉ុន មានប្រមាណ ៨២២លានដុល្លារអាមេរិក គិតពេញមួយឆ្នាំ២០១៦។
ក្រៅពីរកស៊ីលើមុខជំនួញធំៗ ដូចជា ផ្សារទំនើប រោងចក្រផលិតគ្រឿងអេឡិចត្រូនិកទំនើបៗ ។ល។ វិនិយោគិនជប៉ុនក៏ចាប់អារម្មណ៍ខ្លាំងទៅលើការវិនិយោគលើភោជនីយដ្ឋានអាហារជប៉ុនផងដែរ។
យោងតាមរបាយការណ៍ ស៊ីឌីស៊ី ចំនួនភោជនីយដ្ឋានជប៉ុនមានរហូតដល់ ២៥០កន្លែង គឺ ២០០កន្លែង នៅរាជធានីភ្នំពេញ និងជាង៥០កន្លែងនៅខេត្តសៀមរាប។
ការវិនិយោគផ្ទាល់របស់ជប៉ុននៅកម្ពុជាដ៏ច្រើនគឺជាការឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចកម្ពុជា រួមជាមួយចំនួនប្រជាជនដែលមានចំណូលមធ្យមបានកើនឡើងផងដែរ។
វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែបានចូលរួមបង្កើនការងារជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន មានការដាំដើមឈើ ការជួយដល់ជនពិការ ការចូលរួមក្នុងការកម្ចាត់មីន និងសាងសង់សាលាជាដើម។
ដើម្បីជំរុញការវិនិយោគកាន់តែច្រើនដូចដែលបានបង្ហាញក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ នៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើដល់ភាគីជប៉ុន លោក ណូបឹអូ គីស៊ី អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសក្នុងការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាផងដែរ៕