លោក កេស៊ូកិ ហុងដា គឺជាវិនិយោគិនមួយរូប ហើយក៏ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនអេហ្គ្រីបាឌី ជាក្រុមហ៊ុនជប៉ុន ដែលធ្វើប្រតិបត្តិការក្នុងបំណងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងកម្រិតជីវភាពរស់នៅរបស់កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា និងឥណ្ឌា។
បច្ចុប្បន្ន អេហ្គ្រីបាឌី ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួនពីរ ដែលទទួលបានការវិនិយោគច្រើនជាងគេបំផុតពីមូលនិធិអ្នកវិនិយោគ KSK ដែលជាមូលនិធិវិនិយោគមួយបង្កើតឡើងដោយ លោក កេស៊ូកិ ហុងដា (Keisuke Honda) ផ្ទាល់។
នៅក្នុងដំណើរទស្សនកិច្ចនៅឯការិយាល័យក្រុមហ៊ុនអេហ្គ្រីបាឌី ប្រចាំប្រទេសកម្ពុជា លោក កេស៊ូកិ ហុងដា បានផ្ដល់ពានរង្វាន់ដល់កសិករឆ្នើម និងសហគ្រិន (បាឌី) ឆ្នើម ក្រោមគម្រោងអេហ្គ្រីបាឌី ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងបណ្ដាខេត្តចំនួន ៧ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ដោយផ្ដោតលើដំណាំស្រូវ ពោត និងដំឡូងមី។
លោក ស៊ិន សេរីវុឌ្ឍ ដែលជាកសិករឆ្នើមមួយរូប បាននិយាយថា៖ “ខ្ញុំពិតជាត្រេកអរណាស់ ដែលត្រូវបានជ្រើសរើសជាកសិករឆ្នើមនៅក្នុងគម្រោងអេហ្គ្រីបាឌីនេះ ហើយទន្ទឹមនឹងនេះ ក៏ជួយផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំប្រឹងប្រែងធ្វើកសិកម្មបន្តទៅទៀត”។
ចំណែកឯលោក អួង នូច ដែលជាសហគ្រិន (បាឌី) វិញ បាននិយាយថា៖ “ការដែលលោកទទួលបានការទទួលស្គាល់ដូច្នេះ ក៏ដោយសារតែបានចូលរួមជាមួយនឹងគម្រោងរបស់ក្រុមហ៊ុន អេហ្គ្រីបាឌី ដែលបានផ្ដល់ជាការណែនាំផ្នែកបច្ចេកទេសក៏ដូចជា សម្របសម្រួលទុន ដើម្បីឲ្យខ្លួនគាត់ និងកសិករនៅក្នុងក្រុមរបស់គាត់ មានលទ្ធភាពយកទៅប្រើប្រាស់ក្នុងការប្រកបរបរកសិកម្មនេះ”។
លោក កេស៊ូកិ ហុងដា ជាជនគំរូម្នាក់ មិនថាក្នុងនាមជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឥស្សរជនដែលចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ និងជាសហគ្រិន ក៏ដូចជា អ្នកបោះទុនវិនិយោគក្នុងអាជីវកម្មបង្កើតថ្មីៗ (start-up) ផងដែរ។
ទន្ទឹមនឹងនេះ លោក កេស៊ូកិ បានបង្កើតសាលាហ្វឹកហាត់បាល់ទាត់ចំនួន ៨០ កន្លែងទូទាំងសកលលោក ហើយក៏ជាអ្នកវិនិយោគដ៏មានឥទ្ធិពលម្នាក់នៅក្នុងវិស័យអាជីវកម្មបង្កើតថ្មីៗផងដែរ។
គួរជម្រាបថា អេហ្គ្រីបាឌី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មមួយ ដែលគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ បានធ្វើការងារជាមួយនឹងកសិកររាប់ពាន់នាក់ ដោយបានសម្របសម្រួលទុនដល់កសិករដែលត្រូវការទុន សម្រាប់ការងារផលិតកម្មកសិកម្ម និងសម្របសម្រួលទីផ្សារសម្រាប់កសិផលរបស់ពួកគាត់ តាមរយៈការសហការជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ និងអ្នកទិញកសិផលនានា៕