ទំនាក់ទំនង​កម្ពុជា-អាមេរិក

កម្ពុជា​ថា កឹម សុខា រស់​ក្នុង​ផ្ទះ​«យ៉ាង​សុខ​ស្រួល» ខណៈ​​អាមេរិក​ទាមទារ​ទម្លាក់​ការ​ចោទ​ប្រកាន់


អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ទៅនឹង​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ថា បច្ចុប្បន្ន​នេះ អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ គឺ​រស់នៅ​ក្នុង​ផ្ទះ​របស់​គាត់​ជាមួយ​គ្រួសារ «យ៉ាង​សុខ​ស្រួល» បើទោះបី​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ក្តី។
លោក កឹម សុខា ប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះជាតិ។
ដោយ

លោកស្រី Morgan Ortagus អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី១០ ខែ​កញ្ញា ថា ការចោទ​ប្រកាន់​មក​លើ​លោក កឹម សុខា គ្មាន​មូលដ្ឋាន​ទេ ហើយ​ក៏​បាន​អំពាវនាវ​​ឲ្យ​កម្ពុជា​ធ្វើ​ការផ្សះផ្សា​ដោយ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សង្គម​ស៊ីវិល​ដំណើរការ​​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច, គ្មាន​ការ​បំភិត​បំភ័យ ឬ​គ្មាន​ការ​សង​សឹក។

តាមរយៈ​ខ្សែ​វីដេអូ​ខ្លី​ចែកចាយ​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​​អាមេរិក​នៅ​កម្ពុជា, លោកស្រី Morgan Ortagus បាន​និយាយ​ដូច្នេះ​ថា «សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ម្តង​​ទៀត ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​លោក កឹម សុខា, ស្តារ​ឡើង​វិញ​នូវ​សិទ្ធិ​ស៊ីវិល​និង​នយោបាយ​របស់​គាត់, និង​ដោះលែង​អ្នក​ជាប់​ឃុំ​តាម​អំពើ​ចិត្ត​ផ្សេង​ទៀត។»

លោកស្រី Morgan Ortagus បាន​និយាយ​ផង​ដែរ​ថា «ថ្ងៃ​ទី៣ ខែ​កញ្ញា ជា​គម្រប់​ពេល​២​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​របស់​មេដឹកនាំ​ប្រឆាំង​លោក កឹម សុខា ពីបទ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។»

លោកស្រី Morgan Ortagus បាន​បន្ត​ថា «រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​កាត់​ទោស​គាត់​ ឬ​បង្ហាញ​អ្វី​ជា​ភ័ស្តុតាង​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​នេះ ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្រ្គោះ​ជាតិ។»

ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​ថា ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Morgan Ortagus។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​និយាយ​ដូច្នេះ​ថា «ចាប់តាំង​ពី​ថ្ងៃ​ទី0៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្អែក​លើ​ហេតុផល​មនុស្សធម៌ លោក កឹម​ សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​មក​រស់នៅ​ក្នុង​ផ្ទះ​របស់​គាត់ ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។»

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា អាមេរិក​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​នៅ​កម្ពុជា ហើយ​ថា កម្ពុជា​មាន​សិទ្ធិ​អធិបតេយ្យ​ពេញ​​លេញ ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​និង​អង្គភាព​ទាំង​ឡាយ​ណា ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​និង​នីតិ​រដ្ឋ​របស់​ខ្លួន។

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ទាមទារ​ឲ្យ​បរទេស​ទាំង​អស់ គោរព​អធិបតេយ្យ​របស់​កម្ពុជា និង​ជៀសវាង​ការជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។ 

លោក ចាន់ ចេន មេធាវី​មួយ​រូប​របស់​លោក កឹម សុខា បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី១១ ខែ​កញ្ញា​នេះ ផង​ដែរ ថា បើ​មេដឹកនាំ​ខ្មែរ​ពិត​ជា​ចង់​ការពារ​អធិបតេយ្យ​ជាតិ រក្សា​នូវ​ស្ថិរភាព អភិវឌ្ឍន៍​ដោយ​ចីរភាព​ពិត​មែន​នោះ គឺ​ត្រូវតែ​សន្ទនា​គ្នា​ដើម្បី​បញ្ឈប់​ការ​ប្រើ​វោហារ​សព្ទ​វាយ​ប្រហារ។

លោក ចាន់ ចេន បាន​និយាយ​ដូច្នេះ​ថា «ផ្ទុយ​ទៅ​​វិញ បើ​មេដឹកនាំ​ខ្មែរ​មិន​ព្រម​សន្ទនា​គ្នា​ទេ កម្ពុជា​ជៀស​មិនផុត​ពី​ការ​ប្រទាញ​ប្រទង់​ពី​មហា​អំណាច​ទេ ហើយ​ក៏​អាច​ឈាន​ទៅ​មាន​វិបត្តិ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​សង្គម​។ ទស្សនៈ​ដោយសុច្ឆន្ទៈ​របស់​មេដឹកនាំ មិនមែន​ភ្លើង​និង​មិន​មែន​សាំង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិ៖ កម្មករវៀតណាម ៨១ ភាគរយ ចង់ឲ្យកាត់បន្ថយម៉ោងធ្វើការតិចជាងមុន

ព័ត៌មាន
កម្មករចំនួន ៨១ ភាគរយ នៃចំនួនកម្មករដែលត្រូវបានស្ទង់មតិ បានបោះឆ្នោតឲ្យមានការកាត់បន្ថយម៉ោងការងារពី ៤៨ ម៉ោង មកនៅត្រឹម៤៤ម៉ោងក្នុងមួយសប្ដាហ៍…

តារាបាល់ទាត់​ល្បីឈ្មោះជប៉ុន លោក កេស៊ូកិ ហុងដា លើកទឹកចិត្តកសិករកម្ពុជា

ព័ត៌មាន
កីឡាករ​បាល់​ទាត់​អាជីព​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន គឺ​លោក កេស៊ូកិ ហុងដា (Keisuke Honda) ដែល​ជា​គ្រូ​បង្វឹក​កីឡាករ​​បាល់​ទាត់​ជម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ