
ថ្លែងក្នុងអំឡុងពេលជជែកដេញដោលក្នុងសភាជាមួយក្រុមមេដឹកនាំគណបក្សប្រឆាំង លោក អ៊ីស៊ីបា បានអះអាងថា លោកនឹងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះក្រោម២៨ដុល្លារ ក្នុងអង្ករ៥គីឡូក្រាម ខណៈតម្លៃបច្ចុប្បន្នត្រូវបានលក់ចេញជិត៣០ដុល្លារ ក្នុងបរិមាណដូចគ្នានេះ។ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើខ្លួន នាយករដ្ឋមន្ត្រីជប៉ុន រូបនេះ បានយកតួនាទីរបស់ខ្លួនមកដាក់ធានាចំពោះផែនការធ្វើឱ្យតម្លៃអង្ករមានការធ្លាក់ចុះនេះ។
នៅ១ឆ្នាំចុងក្រោយនេះ តម្លៃអង្ករនៅជប៉ុន បានហក់ឡើងទ្វេដងបើធៀបនឹង១ឆ្នាំមុនដោយសារការផ្គត់ផ្គង់អង្ករនៅលើទីផ្សារមានការខ្វះខាត ក្រោយទិន្នផលស្រូវមានការធ្លាក់ចុះខ្លាំង ខណៈតម្រូវការមានការកើនឡើងខ្ពស់ ដែលជំរុញខ្លាំងដោយវិស័យទេសចរណ៍ ក្រោយភ្ញៀវបរទេសទៅកម្សាន្តនៅប្រទេសជប៉ុន កាន់តែច្រើនចូលចិត្តហូបអាហារនៅតាមភោជនីយដ្ឋាន។
លោក អ៊ីស៊ីបា បានលើកឡើងថា តម្លៃអង្ករនៅជប៉ុន គួរតែស្ថិតក្នុងចន្លោះពីជិត២១ដុល្លារទៅ២៨ដុល្លារ ក្នុង៥គីឡូក្រាម ហើយលោកនឹងចាត់វិធានការ ដើម្បីនាំយកតម្លៃអង្ករទៅកាន់គោលដៅនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយលោកនឹងទទួលខុសត្រូវចំពោះរឿងនេះ បើមិនអាចសម្រេចបានទេនោះ។
កន្លងមកគណបក្សប្រឆាំងដ៏ធំជាងគេនៅជប៉ុន តែងតែស្វែងរកការដកពន្ធលើទំនិញប្រើប្រាស់សម្រាប់រយៈពេលមួយឆ្នាំ ដើម្បីជួយគ្រួសារ ដែលជួបការលំបាក ដោយប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាលដែលទុកចោល ដើម្បីយកទៅទូទាត់នឹងការខ្វះខាតនោះ ខណៈពន្ធបច្ចុប្បន្នត្រូវបានកំណត់៨% សម្រាប់អាហារ និងភេសជ្ជៈ និង១០% សម្រាប់ទំនិញផ្សេងៗ។
ប៉ុន្តែលោក អ៊ីស៊ីដា បានច្រានចោល និងរិះគន់សំណើរបស់គណបក្សប្រឆាំងនេះថា គ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកបោះឆ្នោតមុនការបោះឆ្នោតសភានៅរដូវក្តៅឆ្នាំនេះតែប៉ុណ្ណោះ ព្រោះវាជាឱកាសមួយសម្រាប់សាធារណជនក្នុងការកាត់សេចក្ដីចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក អ៊ីស៊ីបា៕
ដោយ៖ សុខ មង្គល