លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សន្ទស្សន៍នៃការទិញក្នុងវិស័យសេវាកម្មជប៉ុន ដែលកត់ត្រាដោយធនាគារ ជីប៊ុន (Jibun Bank) បានឃើញកំណើនដល់ ៥៥,៤ ពិន្ទុ នៅខែមេសា ដោយកើនឡើងពី ៥៥ ពិន្ទុ នៅខែមីនា។
ប្រភពដដែលបានអះអាងថា សន្ទស្សន៍នេះគឺខ្ពស់ជាងអ្វីដែលគេបានរំពឹងទុកថាមានត្រឹម ៥៤,៩ ពិន្ទុ ហើយវាក៏ជាសន្ទស្សន៍ដែលមានលើសពីកម្រិតព្រំដែន ៥០ ពិន្ទុ ដែលបែងចែងរវាងកំណើននិងឱនភាព ក្នុងរយៈពេល ៧ ខែ ជាប់ៗគ្នា។
លោក ធីម ម័រ (Tim Moore) នាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុនស៊ើអង្កេតហិរញ្ញវត្ថុ ស្ដែនដាតអ៊ែនភួ (S&P) បាននិយាយថា ការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើការធ្វើដំណើរ ការលំហែ និងទេសចរណ៍ បានជំរុញឱ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលមួយខែថែមទៀតសម្រាប់សេដ្ឋកិច្ចជប៉ុន នៅពេលដែលឥទ្ធិពលនៃមេរោគកូវីដ-១៩ បានថយចុះ។
លោកបានបន្តថា មានរបាយការណ៍ជាច្រើនទៀតដែលលើកឡើងអំពីកំណើននៃការលក់សេវាកម្មដោយសារមានការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ និងដោយសារមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីវកម្មថ្មីពីបរទេស។
ប្រទេសជប៉ុនបានបញ្ចប់វិធានការត្រួតពិនិត្យដ៏តឹងរ៉ឹងទាក់ទងនឹងកូវីដ ១៩ កាលពីថ្ងៃសៅរ៍ ក្នុងក្តីសង្ឃឹមថានឹងបន្ធូរបន្ថយការកកស្ទះនៅអាកាសយានដ្ឋាន មុនពេលចាប់ផ្តើមថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍។
បន្ទាប់ពីបញ្ចប់ការរឹតត្បិតនេះ ភ្ញៀវទេសចរដែលមកកាន់ប្រទេសជប៉ុនបានកើនឡើងដល់ជិត ២ លាននាក់ក្នុងខែមីនា។ នេះជាចំនួនខ្ពស់បំផុតចាប់តាំងពីមានមេរោគកូវីដ ១៩ រាតត្បាត។ លើសពីនេះទៀត ការស្ទង់មតិបានបង្ហាញថា ការបញ្ជាទិញថ្មីបានកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ដោយផ្អែកលើការវិលមកវិញដ៏គំហុកនៃការចំណាយសម្រាប់ការធ្វើដំណើរ និងទេសចរណ៍។
ជាទូទៅ ទំនុកចិត្តលើអាជីវកម្មសម្រាប់ឆ្នាំខាងមុខក៏នៅតែមានភាពរឹងមាំដែរ ដោយសន្ទស្សន៍តាមផ្នែក ដូចជាការងារជាដើម បានកើនឡើងដល់កម្រិតខ្ពស់បំផុត។ លោក ធីម ម័រ បាននិយាយថា មានប្រហែល ៤ ដង ដែលអ្នកផ្តល់សេវាជាច្រើនរំពឹងថានឹងមានការកើនឡើងនៃសកម្មភាពក្នុងវិស័យសេវាកម្ម បើធៀបនឹងអ្នកដែលព្យាករពីការធ្លាក់ចុះនៃវិស័យនេះ៕
អត្ថបទ ៖ សរ សុជាតិ