លោកសាស្ត្រា ជេហ្វ្រី ស៊ែក នឹងមកចែករំលែកបទពិសោធន៍លើជំនាញការអភិវឌ្ឍប្រកបដោយចីរភាព និង ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសិក្ខាសាលាស្តីអំពី « ភាពធន់នឹងអាកាសធាតុ និងការផ្លាស់ប្តូរថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែ មករាឆ្នាំ២០២៤។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការរៀបចំឡើងដោយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការមកពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ អ្នកជំនាញ សិស្ស និស្សិត និង សិក្ខាកាមជាច្រើនរូបទៀត។
តើលោក ជេហ្វ្រី ស៊ែក ជានរណា?
លោក ជេហ្វ្រី ស៊ែក ជាសេដ្ឋវិទូ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សកលដែលមានកេរ្តិ៍ឈ្មោះល្បីសុសសាយក្នុងពិភពលោក។ បច្ចុប្បន្នលោក រស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកមានវ័យ៧០ឆ្នាំ គិតមកទល់នឹងឆ្នាំ២០២៤ នេះ។ មិនត្រឹតែជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញប៉ុណ្ណោះទេ លោក ជេហ្វ្រី ក៏ជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់ជាងគេបំផុត និងជាអ្នកអប់រំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងជាអ្នកឈានមុខគេក្នុងពិភពលោកខាងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។
លោក ជេហ្វ្រី ស៊ែក ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាបុគ្គលដែលមានទេពកោសល្យខ្ពស់ ពូកែខាងរៀបចំយុទ្ធសាស្រ្តច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនានារួមទាំងវិបត្តិបំណុល អតិផរណាធ្ងន់ធ្ងរ ការផ្លាស់ប្តូរពីការធ្វើផែនការរបស់រដ្ឋាភិបាលថ្នាក់កណ្តាលឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសេរី ការគ្រប់គ្រងជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត ការគេចចេញពីភាពក្រីក្រខ្លាំង និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សផងដែរ។
លោក ជេហ្វ្រី ស៊ែក មានតួនាទីជានាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសកលវិទ្យាល័យកូឡុំប៊ី។ លោកក៏ជាប្រធានអង្គការបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ជាស្នងការនៃគណៈកម្មការផ្សព្វផ្សាយសម្រាប់ការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងជាអ្នកតស៊ូមតិផ្នែកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតេរេស ផងដែរ។
ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ លោក ស៊ែក បានធ្វើជាទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ (ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៧) លោក បានគីមូន (ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦) និង លោក អង់តូនីញ៉ូហ្គុយតេរេស (ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨)។
លោក ជែហ្វ្រី ស៊ែក បានទទួលពានរង្វាន់ Blue Planet Prize នៅឆ្នាំ២០១៥ ដែលជាពានរង្វាន់ពិភពលោកឈានមុខគេសម្រាប់ភាពជាអ្នកដឹកនាំខាងបរិស្ថាន ហើយលោកបានជាប់ឈ្មោះពីរដងក្នុងចំណោមមេដឹកនាំពិភពលោក ដែលមានឥទ្ធិពលបំផុតទាំង១០០រូបរបស់ទស្សនាវដ្តី Time និងបានទទួលសញ្ញាបត្រកិត្តិយសចំនួន៣៤ផងដែរ។ សារព័ត៌មាន The New York Times បានផ្ដល់ប្រសិទ្ធនាមដល់ លោក Jeffrey Sachs ថាជា “សេដ្ឋវិទូដ៏សំខាន់បំផុតក្នុងពិភពលោក” ខណៈទស្សនាវដ្តីដ៏ល្បីល្បាញដែលមានឈ្មោះថា Time បានហៅលោក ស៊ែក ថាជា “សេដ្ឋកិច្ចវិទូដ៏ល្បីបំផុតរបស់ពិភពលោក”។ ទន្ទឹមនឹងនេះដែរ ការស្ទង់មតិរបស់កាសែតដ៏ល្បីល្បាញរបស់អង់គ្លេស The Economist បានដាក់ចំណាត់ថ្នាក់លោក Jeffrey Sachs ថាស្ថិតក្នុងចំណោមសេដ្ឋវិទូ ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក។
នៅមុនពេលចូលបម្រើការងារនៅសកលវិទ្យាល័យកូឡុំប៊ី លោក ស៊ែក បានចំណាយពេលជាង ២០ឆ្នាំធ្វើជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យហាវើដ (Harvard University) ហើយថ្មីៗនេះលោកទទួលបានងារជាសាស្រ្តាចារ្យ Galen L. Stone ផ្នែកពាណិជ្ជកម្មអន្តរជាតិ។ លោក ស៊ែក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យហាវើដ៕