ទោះយ៉ាងណា សម្រាប់ក្រុមសេដ្ឋវិទូ បានរិះគន់ ជាមួយក្ដីបារម្ភថា វិធានការនេះអាចនឹងជំរុញឲ្យអតិផរណាដែលកំពុងកើនឡើងនោះ នឹងបន្ដកើនខ្ពស់ថែមទៀត។
វិធានការនៃការលើកលែងប្រាក់កម្ចីសិក្សាសម្រាប់និស្សិតមហាវិទ្យាល័យរបស់ប្រធានាធិបតីលោក Joe Biden នេះ អាចជំរុញឱ្យមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសភាខែវិច្ឆិកា ប៉ុន្តែអ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា វាអាចជំរុញឱ្យមានការកើនឡើងអតិផរណា ខណៈសមាជិកគណបក្សសាធារណរដ្ឋមួយចំនួននៅក្នុងសភាសហរដ្ឋអាមេរិក បានចោទសួរថា តើប្រធានាធិបតីអាមេរិកមានសិទ្ធិអំណាចលើផ្លូវច្បាប់ក្នុងការលុបចោលបំណុល ដែរឬយ៉ាងណា?
បើយោងតាមអ្នកសេដ្ឋកិច្ចបានអះអាងថា ការលើកលែងបំណុលសម្រាប់និស្សិត ដែលបានខ្ចីសម្រាប់ការសិក្សានោះ នឹងធ្វើឱ្យទឹកប្រាក់រាប់រយពាន់លានដុល្លារមានការបន្តចរាចរណ៍លើទីផ្សារ ហើយវានឹងបន្ថែមបញ្ហាថ្មីមួយទៀត ដល់ការប្រយុទ្ធនឹងអតិផរណា ដែលកំពុងកើនឡើងក្នុងមហាយក្សសេដ្ឋកិច្ចលេខមួយនៅក្នុងលោកមួយនេះ។
យ៉ាងណាក៏ដោយចុះ លោក Biden បាននិយាយអះអាងក្នុងអំឡុងពេលធ្វើសុន្ទរកថា នៅឯសេតវិមានថា សកម្មភាពនេះគឺសម្រាប់គ្រួសារក្រីក្រ និងក្រុមពលរដ្ឋវណ្ណៈកណ្តាល ដែលរងគ្រោះខ្លាំង ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត។ លោក Biden បានសន្យាថា នឹងមិនមានគ្រួសារដែលមានប្រាក់ចំណូលខ្ពស់នឹងទទួលបានផលប្រយោជន៍នេះនោះទេ។ ទន្ទឹមនឹងនោះ លេខាធិការសារព័ត៌មានសេតវិមានលោក Karine Jean-Pierre បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលលោក Biden មានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការលើកលែងបំណុលក្រោមច្បាប់ ដែលអនុញ្ញាតឱ្យមានសកម្មភាពបែបនេះ ក្នុងអំឡុងពេលមានអាសន្នជាតិ ដូចជាជំងឺរាតត្បាតនៃកូវីដ១៩ ជាដើម។
មែនទែនទៅ ក្រុមប្រជាធិបតេយ្យជាច្រើនបានជំរុញឱ្យលោក Biden លើកលែងប្រាក់កម្ចីដល់ ៥ ម៉ឺនដុល្លារក្នុងអ្នកខ្ចីម្នាក់ ប៉ុន្តែ គណបក្សសាធារណរដ្ឋភាគច្រើនប្រឆាំងនឹងការលើកលែងប្រាក់កម្ចីរបស់និស្សិត ដោយហៅវាថា អយុត្តិធម៌ ព្រោះការជួយនេះ វានឹងមិនសមាមាត្រគ្នា ចំពោះពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់នោះឡើយ។
លោក Mitch McConnell មេដឹកនាំសមាជិកព្រឹទ្ធសភាសំឡេងភាគតិច បាននិយាយកាលពីថ្ងៃពុធថា វិធានការលុបចោលប្រាក់កម្ចីនិស្សិតរបស់ប្រធានាធិបតីលោក Biden គឺនឹងធ្វើឱ្យមានការមិនពេញចិត្ត សម្រាប់ក្រុមនិស្សិតសន្សំប្រាក់ផ្ទាល់ខ្លួនចូលមហាវិទ្យាល័យ និង រាល់និស្សិតបញ្ចប់ការសិក្សា ដែលបានសងបំណុលរបស់ពួកគេរួចរាល់ និង និស្សិតអាមេរិកគ្រប់រូប ដែលបានខិតខំធ្វើការក្រៅម៉ោង ដើម្បីសន្សំប្រាក់បង់សាលា ពិសេសក្រុមនិស្សិតដែលស្ម័គ្រចិត្តបម្រើក្នុងកងកម្លាំងប្រដាប់អាវុធ ដើម្បីជៀសវាងការជំពាក់បំណុលសម្រាប់ចំណាយលើការសិក្សា។
ទោះយ៉ាងណា ទីប្រឹក្សាគោលនយោបាយក្នុងស្រុករបស់សេតវិមានលោកស្រី Susan Rice បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលលោក Biden មិនទាន់បានកំណត់តម្លៃ សម្រាប់កញ្ចប់ប្រាក់កម្ចីសិក្សា ដែលត្រូវបានលើកលែង សម្រាប់ការទទួលការដាក់ពាក្យស្នើសុំនៅឡើយទេ ។
ទោះយ៉ាងណា អ្នកស្រីបានបន្តថា កម្ចីនិស្សិតដែលទទួលបានការលើកលែង គឺត្រូវតែជាកម្ចីក្រោយថ្ងៃទី ៣០ ខែមិថុនាឆ្នាំនេះ ខណៈប្រសិនបើហួសពីពេលវេលានេះ នឹងមិនមានសិទ្ធិទទួលបាននោះទេ។
គួរជម្រាបថា ថ្លៃសិក្សានៅតាមសាកលវិទ្យាល័យអាមេរិក គឺមានតម្លៃខ្ពស់ជាងឆ្ងាយណាស់ បើធៀបប្រទេសអ្នកមានផ្សេងៗទៀត ហើយនិស្សិតដែលបានប្រើប្រាស់បំណុលកម្ចីសិក្សានៅសហរដ្ឋអាមេរិកមានចំនួន ១,៧៥ ទ្រីលានដុល្លារ ដែលភាគច្រើននៃបំណុលនេះ គឺកាន់កាប់ដោយរដ្ឋាភិបាលសហព័ន្ធអាមេរិក៕