លោក ចូ បៃឌិន

លោក ចូ បៃឌិន រកបានអ្នកស័ក្ដិសមតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនហើយ ក្រោយតំណែងនេះទំនេរជិត១ឆ្នាំ!


នៅទីបំផុតលោកចូ បៃឌិន ប្រធានាធិបតីអាមេរិក រកបានបុគ្គលដែលស័ក្ដិសមនឹងតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិនហើយ ក្រោយពីតំណែងនេះ ត្រូវបាននៅទំនេរអស់រយៈពេលជិត១ឆ្នាំមកហើយ។ អ្នកដែលត្រូវបានលោកចូ បៃឌិនជ្រើសរើសឲ្យទៅធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិននេះ គឺ លោក Nicholas Burns ដែលជាអ្នកការទូតជើងចាស់មួយរូបរបស់អាមេរិក។ នេះបើតាមការអះអាងចេញពីសេតវិមានអាមេរិកកាលពីថ្ងសុក្រ ទី២០ខែសីហា។
លោក ចូ បៃឌិន រកបានអ្នកស័ក្ដិសមតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនហើយ ក្រោយតំណែងនេះទំនេរជិត១ឆ្នាំ! (រូបភាព៖https://securityconference.org/)

បើតាម​ការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ការជ្រើសរើស​ឯកអគ្គរដ្ឋទូតថ្មី​របស់អាមេរិក​ប្រចាំប្រទេសចិន​នាពេលនេះ គឺជាសញ្ញាមួយ​បង្ហាញថា រដ្ឋបាលលោកចូបៃឌិន នឹងស្វែងរក​បេសកជន​ ដើម្បីដើរតួនាទីស្នូល​បន្ថែម ក្នុងទំនាក់ទំនង​រវាងប្រទេស​អាមេរិក និងចិន​ខណៈបច្ចុប្បន្ន​ភាគីទាំងពីរ​កំពុង​មានទំនាក់ទំនង​ប្រះឆាកាន់តែខ្លាំងឡើង។

លោក Nicholas Burns ធ្លាប់​បម្រើ​ការ​ជា​អនុរដ្ឋលេខាធិការ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ​George W. Bush និង​ធ្លាប់ជា​ប្រេសិត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ក្រិក និង​អង្គការ​ណាតូផងដែរ។ លោក Burns នឹងចូលមក​កាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំទីក្រុងប៉េកាំង បន្ទាប់ពី​មួយទសវត្សរ៍មុន អ្នកដែលកាន់​តំណែងនេះ គឺសុទ្ធសឹង​ជា​ក្រុមអតីត​អ្នកនយោបាយ​របស់អាមេរិក។

ប្រសិនបើ​ព្រឹទ្ធសភាអាមេរិក​យល់ព្រម លោក Burns នឹង​ធ្វើដំណើរ​ទៅកាន់ប្រទេសចិន​កាន់តំណែងជាឯអគ្គរដ្ឋទូត នៅគ្រាដែលប្រទេស​ទាំងពីរកំពុងតែមាន​ទំនាក់ទំនង​ធ្លាក់ចុះដុនដាប​ដល់កម្រិតទាបបំផុត​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ហើយលោក​នឹងជំនួស​តំណែង​ បន្ទាប់ពីលោក Terry Branstad ជា​អតីត​ប្រសិតពិសេស​របស់​លោក​ដូណាល់ត្រាំ ដែលបាន​លាលែង​តាំងពីខែតុលា​ឆ្នាំ២០២០មក។

ប្រទេស​អាមេរិក និងចិន ដែលជាមហាអំណាចលេខ១ និងលេខ២ក្នុងពិភពលោក កំពុង​ស្ថិត​នៅក្នុងជម្លោះជាច្រើន រួមទាំង​ផ្នែក​ពាណិជ្ជកម្ម, បច្ចេកវិទ្យា, បញ្ហា​មេរោគកូវីដ-១៩, បញ្ហានៅកោះតៃវ៉ាន់ និងសកម្មភាពយោធាចិន​នៅក្នុង​ដែនជម្លោះសមុទ្រចិនខាងត្បូងជាដើម។ ដោយភាគីម្ខាងៗ​តែងតែចោទ​ដាក់គ្នា​ទៅវិញទៅមកថា មានអាកប្បកិរិយា​បង្កហេតុដោយចេតនា។

ឯកអគ្គរដ្ឋទូតថ្មីរបស់​អាមេរិករូបនេះ ក៏នឹង​ត្រូវ​ឈឺក្បាល​នឹង​ការដោះស្រាយ​បញ្ហា​ដួលរលំ​នៃរដ្ឋាភិបាល​ប្រទេស​អាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្ន​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមតាលីបង់ និងស្ថានភាព​ចលាចល​នៅក្នុង​ការភៀសខ្លួន​របស់ជនជាតិអាមេរិក​ចេញពីទីក្រុង​កាបុលផងដែរ ដោយបញ្ហានេះ កំពុង​ចោទជាសំណួរ​ជាច្រើន​ទាក់ទង​នឹង​សមត្ថភាព​របស់​រដ្ឋបាល​លោក​ចូបៃឌិន ក្នុងការ​ផ្លាស់ប្ដូរ​នូវការ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការប្រឆាំង​ទប់ទល់​នឹង​ប្រទេសចិន។

ចិននៅមិនទាន់​ទទួលស្គាល់ជាផ្លូវការ​ក្រុមតាលីបង់ ចំពោះការដឹកនាំប្រទេស​អាហ្វហ្កានីស្ថាន​នៅឡើយទេ ប៉ុន្ដែ រដ្ឋមន្ត្រីការបរទេសចិន​លោក វ៉ាង យី កាលពីខែមុន បាន​ជួបជាមួយនឹង​លោក Mullah Baradar ប្រធាន​នៃក្រុមការិយាល័យ​នយោបាយ​របស់​ក្រុមតាលីបង់រួចហើយ។ លោក វ៉ាង យី បាន​និយាយថា ពិភពលោក​គួរតែបង្ហាញផ្លូវ និងគាំទ្រ​ប្រទេសអាហ្វហ្កានីស្ថាន នៅពេល​ដែលមានការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាលថ្មី ជំនួស​ឲ្យការ​ដាក់សម្ពាធបន្ថែមទៀត៕

None



អត្ថបទបន្ទាប់


កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណីហើយ!

យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី១៩ ខ…

រដ្ឋត្រូវចំណាយថវិកាជិត ៥០លានដុល្លារ ដើម្បីប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ

តាមការវាយតម្លៃរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋាភិបាលអាចចំណាយថវិកាប្រមាណ ៤៩លានដុល្លារ ក្នុងការប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ