លោកលោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពីថ្ងៃចន្ទថា ការវាយប្រហារនៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននេះបានធ្វើកាលពីថ្ងៃសៅរ៍ ហើយលោក បៃដិន បាននិយាយថា លោកគឺជាអ្នកបញ្ជា ឱ្យផ្ដាច់ជីវិតលោក ហ្សាវ៉ាហ៊ីរី ដោយគ្មានជនស៊ីវិលណាមួយរងរបួសនោះទេ។
លោក Biden បាននិយាយទៀតថា អាមេរិកបានរកយុត្តិធម៌ឱ្យជនរងគ្រោះរបស់ខ្លួនបានហើយ ហើយចាប់ពីពេលនេះទៅគឺលែងមានមេដឹកនាំក្រុមភេរវជននេះតទៀតហើយ។ លោកសង្ឃឹមថា ការស្លាប់របស់លោក ហ្សាវ៉ាហ៊ីរី នេះនឹងជួយនាំមកនូវ«ការបិទបញ្ចប់»កំហឹងដល់ក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ក្នុងការអំពើវាយប្រហារភេរវកម្មជាប្រវត្តិសាស្ត្រនៅអាមេរិក នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ហើយលោកក៏សង្ឃឹមដែរថា សកម្មភាពនេះនឹងនាំមកនូវការបញ្ចប់វិធានការតាមសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធរូបនេះផងដែរ។
មន្ត្រីចារកម្មជាន់ខ្ពស់ម្នាក់បាននិយាយថា លោក Zawahiri ត្រូវបានសម្លាប់នៅលើវេរ៉ង់ដារផ្ទះ ក្នុងទីក្រុងកាប៊ុលក្នុងការវាយប្រហារដោយយន្តហោះដ្រូន ដោយមិនចាំបាច់ប្រើកងទ័ពអាមេរិកណាមួយក្នុងការវាយប្រហារនៅប្រទេសអាហ្វហ្កានីស្ថាននេះឡើយ។
មន្ត្រីរូបនោះបាននិយាយទៀតថា វត្តមានរបស់លោក Zawahiri នៅក្នុងរដ្ឋធានីកាប៊ុលនៅអាហ្វហ្កានីស្ថានគឺជា «ការរំលោភយ៉ាងច្បាស់»លើកិច្ចព្រមព្រៀងដែលក្រុមតាលីបង់បានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងដូហាក្នុងឆ្នាំ២០២០ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។
មន្ត្រីអាមេរិកដដែលនេះបាននិយាយថា អាមេរិករំពឹងថា ក្រុមតាលីបង់នឹងគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងក្រុងដូហា (Doha) ប៉ុន្តែវត្តមានរបស់លោក ហ្សាវ៉ាហ៊ីរី នៅក្នុងទីក្រុងកាប៊ុលនេះ គឺជាការរំលោភយ៉ាងច្បាស់ចំពោះកិច្ចព្រមព្រៀងនោះ ហើយការបន្តដំណើរទៅមុខជាមួយក្រុមតាលីបង់ សហរដ្ឋអាមេរិកនឹងបន្តធ្វើឱ្យពួកគេទទួលខុសត្រូវផងដែរ។
លោក ហ្សាវ៉ាហ៊ីរី បានបន្តដឹកនាំក្រុមអាល់កៃដាបន្ទាប់ពីលោក អូសាម៉ា ប៊ីនឡាដិន ដែលត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសរបស់អាមេរិកនៅប្រទេសប៉ាគីស្ថានក្នុងឆ្នាំ២០១១ ហើយអាមេរិកធ្លាប់បានប្រកាសផ្ដល់រង្វាន់ចំនួន ២៥ លានដុល្លារ សម្រាប់ការចាប់បានលោក ហ្សាវ៉ាហ៊ីរីផងដែរ៕
អត្ថបទ៖ សុខ ជា