បើទោះបីជាកូនប្រុសទាំងពីររបស់លោក ចូកូ វីដូដូ នៅមិនទាន់ទទួលបានសិទ្ធិស្របច្បាប់ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខក៏ដោយ ប៉ុន្តែលោក ចូកូ វីដូដូ កំពុងខិតខំត្រួសត្រាយវិថីនយោបាយសម្រាប់បើកផ្លូវឱ្យកូនប្រុសទាំងពីររបស់ខ្លួនអាចឈរឈ្មោះប្រកូតប្រជែងក្នុងការបោះឆ្នោតដ៏ធំមួយនេះ។
បើយោងតាមសារព័ត៌មាន Nikkei តុលាការធម្មនុញ្ញរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ បានសម្រេចកែសម្រួលការកំណត់អាយុបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយបើកផ្លូវឱ្យកូនប្រុសច្បងរបស់លោក ចូកូ វីដូដូ គឺលោក ជីប្រេន រ៉ាកាប៊ូមីង (Gibran Rakabuming) មានភាពស្របច្បាប់ សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
តុលាការបានសម្រេចគាំទ្រឱ្យមានការពិនិត្យឡើងវិញ ដើម្បីប្រឆាំងនឹងប្រការមួយក្នុងច្បាប់បោះឆ្នោតសកលឆ្នាំ២០១៧ ដែលតម្រូវឲ្យបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី មានអាយុយ៉ាងតិច៤០ឆ្នាំ។
បណ្តឹងនេះ រួមនឹងបណ្តឹងស្រដៀងគ្នាមួយចំនួនទៀត ដែលប្តឹងទៅតុលាការ ត្រូវបានគេមើលឃើញថា មានគោលបំណងអនុញ្ញាតឱ្យលោក រ៉ាកាប៊ូមីង ដែលជាអភិបាលក្រុងវ័យ៣៦ឆ្នាំ នៃទីក្រុងសូឡូ (Solo) នៅភាគកណ្តាលនៃកោះហ្សាវ៉ា ( Central Java ) អាចចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក អានវ៉ា យូសមេន (Anwar Usman) ប្រធានចៅក្រមបាននិយាយថា តុលាការសម្រេចថា មន្ត្រីរដ្ឋ ដែលមានបទពិសោធន៍ពីមុនជាសមាជិកនីតិបញ្ញត្តិ ឬអភិបាលរាជានុសិទ្ធិ និងអភិបាលក្រុង សមនឹងអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតី។
លោកបានបន្តថា មន្ត្រីដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ គឺបានបង្ហាញថា គេទទួលបានការជឿទុកចិត្តពីប្រជាជន ហើយការកំណត់អាយុក្នុងការឈរឈ្មោះបោះឆ្នោតក្នុងកម្រិតប៉ុណ្ណេះ វានឹងដកហូតយុវជនជំនាន់ក្រោយពីការប្រកួតប្រជែងប្រធានាធិបតី បើទោះបីជាពួកគេមានសក្តានុពលក៏ដោយ។
បើទទួលបានភ្លើងខៀវពីតុលាការមែននោះ លោក រ៉ាកាប៊ូមីង អាចជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនមានសក្តានុពលផ្សេងទៀត ដែលរួមមានលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិ និងលោក ហ្គានចា ប្រាណូវូ (Ganjar Pranowo) អភិបាលខេត្តហ្សាវ៉ាកណ្តាល សម្រាប់ការប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
តែយ៉ាងណាអ្នកវិភាគស្ថានភាពសង្គមបានវាយតម្លៃថា ទោះបីអាយុមិនចោទជាបញ្ហាដែលអាចបើកផ្លូវឱ្យលោក រ៉ាកាប៊ូមីង ក្លាយជាបេក្ខជនប្រធានាធិបតីក៏ដោយ ប៉ុន្តែលោកទំនងជានៅមិនទាន់ ចង់បានតំណែងប្រធានាធិបតីភ្លាមៗនោះទេ ពោលគឺលោក រ៉ាកាប៊ូមីង ត្រូវបានគេដឹងថា អាចនឹងកំពុងតែប្រឹងប្រែងសម្រាប់តំណែងអនុប្រធានាធិបតីជាមុនសិន។
លោក រ៉ាកាប៊ូមីង គឺជាកូនច្បងក្នុងចំណោមកូនបីនាក់របស់ លោក វីដូដូ ដោយលោកបានបញ្ចប់ការសិក្សានៅប្រទេសសិង្ហបុរី និងអូស្ត្រាលី ហើយបានដើរតាមគន្លងរបស់ឪពុក ដោយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនខាងភោជនីយដ្ឋាន និងសេវាកម្មជួសជុលកុំព្យូទ័រ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ២០១៩។ នៅខែកញ្ញា កន្លងទៅលោក ខេសាង ប៉ានហ្គារ៉េប (Kaesang Pangarep) ដែលជាប្អូនប្រុសពៅរបស់លោក ក៏បានក្លាយជាអ្នកនយោបាយមួយរូបផងដែរ ដោយទទួលការតែងតាំងជាប្រធានគណបក្សសាមគ្គីឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា លោក វីដូដូ បានក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី នៅឆ្នាំ២០១៤ ហើយត្រូវបានជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០១៩ តែត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញនៅអាណត្តិទីបីនេះ បើទោះបីជាលោកធ្លាប់ប៉ុនប៉ងស្វះស្វែងរកលទ្ធភាពបន្តអាណត្តិទៀតក៏ដោយចុះ៕
ដោយៈ សរ សុជាតិ