អ៊ីស្រាអែល-ហាម៉ាស

អ្នកស្លាប់កើនឡើង២ពាន់នាក់ ស្របពេលអ៊ីស្រាអែល ត្រៀមធ្វើសង្គ្រាមធំលើក្រុមហាម៉ាស


សង្គ្រាមបានឈានចូលដល់ថ្ងៃទីប្រាំហើយ អ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ Gaza ឥតស្រាកស្រាន្តដដែល។ នៅថ្ងៃទី១០ ឈានចូលថ្ងៃទី១១ កងទ័ពអ៊ីស្រាអែល បានប្រកាសដណ្តើមបានមកវិញទីតាំងជុំវិញព្រំដែនជាប់ Gaza និងបានព្រមានត្រៀមធ្វើការវាយលុកតាមផ្លវគោកចូលតំបន់ Gaza តែម្តង ដើម្បីកម្ទេចក្រុមហាម៉ាស។ ស្របពេលជាមួយគ្នានេះ ចំនួនអ្នកស្លាប់របស់ភាគីទាំងសងខាងត្រូវបានរាយការណ៍មកថា មានជាង២ពាន់នាក់ និងរបួសជាង៨ពាន់នាក់ហើយ។
អ៊ីស្រាអែល-ហាម៉ាស
ដោយ

ក្រោយការឡោមព័ន្ធតំបន់ Gaza ជាងបួនថ្ងៃមកនេះ ដើម្បីវាយប្រហារផ្លូវអាកាសដោយទម្លាក់គ្រាប់បែក និងគ្រាប់រ៉ុក្កែត គេជឿថា មិនយូរទៀតទេកងទ័ពអ៊ីស្រាអែល ប្រមាណជាង៣០ម៉ឺននាក់ ដែលកំពុងឈរជើងតាមព្រំដែន Gaza ជាមួយនឹងរថក្រោះនិងរថពាសដែក នឹងបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើក្រុមហាម៉ាស។ យ៉ាងណាក៏ដោយនៅថ្ងៃពុធ ទី១១ តុលា កងទ័ពអ៊ីស្រាអែល បានរកឃើញសាកសពកងកម្លាំងហាម៉ាស ជាង១,៥០០នាក់ ក្នុងទីតាំងជាងដប់កន្លែងពេលខ្លួនដណ្តើមបានមកវិញតំបន់ជុំវិញព្រំដែនជាប់ជាមួយនឹង Gaza។

ក្រៅពីសមរភូមិននៅ Gaza នៅព្រំដែនលីបង់ឯណោះវិញ ក៏នៅតែមានការបាញ់ប្រហារគ្នាតទៅតមករវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេស្សប៊ូឡា ផងដែរ។ ការរាយការណ៍បានឱ្យដឹងថា ស្ថានការណ៍នៅព្រំដែនអ៊ីស្រាអែល ជាមួយលីបង់អាចនឹងរាលដាលធ្ងន់ធ្ងរ បន្ទាប់ពីភាគីអ៊ីស្រាអែល បន្តផ្លោងរ៉ុក្កេត ឆ្លើយតបនឹងការបាញ់មីស៊ីលប្រមាណ១៥គ្រាប់ពីសំណាក់ក្រុមហេស្សប៊ូឡា។ ទោះយ៉ាងណា មិនមានការរាយការណ៍ពីអ្នកស្លាប់និងរងរបួសនោះទេ ខណៈកាលពីអង្គារចំនួនអ្នកស្លាប់មានប្រមាណ៥នាក់។

ទន្ទឹមគ្នានេះ យោធាអ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីស្រាអែល បានឡើងដល់ជាង១,២០០នាក់ហើយ ខណៈមនុស្សជាង៣ពាន់នាក់ទៀតរងរបួស។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលរបស់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្សជាង៩៥០នាក់បានស្លាប់ និងជាង ៥,០០០នាក់រងរបួសចាប់តាំងពីការវាយប្រហារពីថ្ងៃសៅរ៍មក។ យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សជាង១៨ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅពីតំបន់ហ្គាហ្សា ដែលភាគច្រើនបានជ្រកកោននៅក្នុងសាលារៀនរបស់អង្គការសហប្រជាជាតិ។

ចំពេលសង្គ្រាមមិនដឹងពេលណាចប់រលត់ លោក ចូ បៃដិន ប្រធានាធិបតីអាម៉េ​រិក កាលពីថ្ងៃអង្គារ បានចេញសារថ្មីមួយពន្លឿនការផ្តល់ជំនួយយោធាឱ្យអ៊ីស្រាអែល និងបានហៅការវាយប្រហាររបស់ពួកហាម៉ាស ជាទង្វើដ៏អាក្រក់បំផុត។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងពិភាក្សាជាមួយអ៊ីស្រាអែល និងអេហ្ស៊ីបផងដែរ អំពីគំនិតនៃការបង្កើតផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា។

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ក្រសួងការពារជាតិអាម៉េរិក វ៉ាស៊ីនតោនត្រៀមពង្រាយនាវាផ្ទុកយន្តហោះយក្សមួយគ្រឿងបន្ថែមទៀត ទៅកាន់សមុទ្រក្បែរប្រទេសអ៊ីស្រាអែល។ នាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower រួមជាមួយនឹងនាវាចម្បាំង និងយន្តហោះចម្បាំងនៅលើនោះផង នឹងត្រូវដាក់ពង្រាយនៅចុងខែតុលានេះ បើមិនមានការផ្លាស់ប្តូរ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ អាមេរិកបានពង្រាយនាវាផ្ទុកយន្តហោះ USS Gerald R. Ford រួចហើយទៅកាន់សមុទ្រមេឌីទែរ៉ាណេក្បែរតំបន់ Gaza។ ប្រធានាធិបតីទួកគីលោក តាយីប អេដូហ្កាន កាលពីថ្ងៃអង្គារបានរិះគន់ការពង្រាយនាវាពិឃាតរបស់សហរដ្ឋអាម៉េ​រិកនេះ ដោយថា ប្រៀបដូចជាបញ្ចូនសារសម្រាប់ឱ្យអ៊ីស្រាអែលសម្លាប់រង្គាលនៅ Gaza ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំកម្ពុជា វៀតណាម និងប្រេស៊ីល សន្យាបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម

ព័ត៌មាន
ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា និងរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស បានប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិ…

ក្រសួងទេសចរណ៍ ស្នើឲ្យអាមេរិកជួយគាំទ្រ និងជំរុញភ្ញៀវទេសចរអាមេរិក ឱ្យមកលេងកម្ពុជា

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ