លោក សយ សុភាព ជាចាងហ្វាងសារព័ត៌មានដើមអំពិល ហើយក៏ជាពិធីករនៅស្ថានីយទូរទស្សន៍បាយ័នផងដែរ។ លោក សយ សុភាព កន្លងមក ត្រូវបានគេមើលឃើញថា ជាអ្នកនាំសាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយដែលប៉ុន្មានឆ្នាំមកនេះ ក៏បានជួយស្វែងរកដំណោះស្រាយខ្លះក្នុងជម្លោះនយោបាយកម្ពុជាផងដែរ។
ឌឹ ខេមបូឌាដេលី ជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសដំបូងគេបង្អស់ដែលបង្កើតនៅឆ្នាំ១៩៩៣ ហើយដែលបានបង្កើតដោយអ្នកកាសែតជើងចាស់ជនជាតិអាមេរិក គឺលោក Bernard Krisher។
ក្នុងនាមជាអ្នកព័ត៌មានមួយរូប លោក សយ សុភាព បាននិយាយថា ខេមបូឌាដេលី ត្រូវតែជជែកគ្នាជាមួយខាងពន្ធដារបន្ត ហើយគួរតែសរសេរសំបុត្រទៅសម្តេច ហ៊ុន សែន ដើម្បីបង្ហាញពីភាពទន់ភ្លន់។
លោក សយ សុភាព បាននិយាយយ៉ាងដូច្នេះ ៖ «ខ្ញុំបានផ្តល់យោបល់ទៅខាង ខេមបូឌាលី រួចហើយថា គួរតែអាចសរសេរសំបុត្រទៅសម្តេចដើម្បីជាការគោរពក្នុងនាមលោកជាអ្នកដឹកនាំកំពូលរដ្ឋាភិបាល។ សំខាន់បំផុត សំបុត្រទៅនាយករដ្ឋមន្រ្តីបង្ហាញកាយវិការគោរពទន់ភ្លន់ហើយគោរពច្បាប់ខ្មែរ ស្អីក៏អាចដោះស្រាយបានដែរជាមួយសម្តេចហ៊ុន សែន»។
លោក សយ សុភាព បានផ្តល់គំនិតផងដែរថា គួរតែមានវិធីនៃការបង់ពន្ធក្នុងកម្រិតណាមួយឬរំលោះអាស្រ័យលើការជជែកគ្នារវាង ខេមបូឌាដេលី និងអគ្គនាយកពន្ធដារ។
លោក សយ សុភាព បានបន្តថា ជាការពិត ដែលពេលខ្លះរដ្ឋាភិបាលមិនសប្បាយចិត្តជាមួយសារព័ត័មានដែលជារឿងធម្មតាទេ ហើយការបិទកាសែតមិនចំណេញទេ។ «អ៊ីចឹងទាំងអស់នេះ កាលណាបើយើងខុសដៃយកដៃខុសជើងយកជើង វាអត់ចំណេញទេ ហើយខ្ញុំយល់ថា នយោបាយសម្តេចជានយោបាយបង្រួមបង្រួម»។
លោកបន្ថែមថា លោក Bernard Krisher ធ្លាប់មានអនុស្សាវរីយ៍ជាមួយប្រទេសខ្មែរនិងអ្នកដឹកនាំខ្មែរ ហើយក៏ជាមិត្តរបស់អតីតព្រះមហាក្សត្រផងដែ។
លោកបានបន្តថា ៖ «ខេមបូឌាដេលី បានជួយបណ្ដុះបណ្តាលអ្នកកាសែតជនជាតិខ្មែរឲ្យមានមូលដ្ឋានយល់ដឹងពីការសរសេរព័ត៌មាន បើទោះមិនមែនជាកម្រិតថ្នាក់មហាវិទ្យាល័យ ក៏ប៉ុន្តែធ្វើឲ្យអ្នកកាសែតខ្មែរមានទុន។ នេះគឺជាផ្នែកមួយនៃការអនុវត្តសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ»៕