សេរីភាព​សារព័ត៌មាន

រដ្ឋមន្រ្តី​ព័ត៌មាន ខៀវ កាញារីទ្ធ៖ ច្បាប់ស្តីពី​ការបង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ​«អត់​ចាំបាច់​ទេ»


រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០​នេះ ថា កម្ពុជា​នឹង​មិន​ធ្វើ​ច្បាប់​ស្តីពី​ការបង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ​នោះ​ទេ ដោយ​យល់​ថា «អត់​ចាំបាច់​ទេ» ហើយ​បើ​មាន​ច្បាប់​នេះ វា​មិន​ការពារ​ផល​ប្រយោជន៍​រួម​ទេ មានតែ​ការពារ​ផល​ប្រយោជន៍​បុគ្គល ហើយ​អាច​នឹង​ក្លាយ​ជា​ការរំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ។ រូបថត AKP/ខឹម សុវណ្ណារ៉ា
ដោយ

លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​បែប​នេះ​នៅឯ​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​វិជ្ជាជីវៈ​សារព័ត៌មាន ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិនពិត នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «កន្លង​មក តាំងពី​មាន​កូវីដ១៩​ភ្លាម មាន​ច្រើន​ណាស់ ដែល​ចង់​ឲ្យ​យើង​ធ្វើ​ច្បាប់​មួយ​​​ស្តីពី​ការបង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ។ ក្រសួង​ព័ត៌មាន​ថា អត់​ចាំបាច់​ទេ មិនមែន​គ្រាន់តែ​បញ្ហា​កូវីដ ឬ​បញ្ហា​អី យើង​ចេញ​ច្បាប់​មួយ ដើម្បី​បង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិនពិត ហើយ​កាលណា​យើង​ចេញ​ច្បាប់ គឺ​ពិបាក​នឹង​កំណត់​ណាស់ ហើយ​ច្បាប់​នេះ វា​មិន​បាន​ការពារ​ផល​ប្រយោជន៍​រួមទេ មានតែ​ការពារ​ផល​ប្រយោជន៍​បុគ្គល វានឹង​អាច​ក្លាយ​ជា​ការរំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​«សាទរ»​ចំពោះ​ការប្រកាស​របស់​លោក​ ខៀវ កាញារីទ្ធ ក៏ប៉ុន្តែ​ បើទោះបី​យ៉ាងណា​ក៏ដោយ កន្លងមក អាជ្ញាធរ​បាន​ប្រើប្រាស់​ច្បាប់​ផ្សេង​ដែល​មាន​ជា​ធរមាន​រួច​ទៅ​ហើយ។

លោកស្រី ចក់ សុភាព បាន​មាន​ប្រសាសន៍​នៅ​​ក្នុង​កិច្ច​ពិភាក្សា​នៃ​ការចេញ​ផ្សាយ​សៀវភៅ ដំណឹង​ក្លែងក្លាយ នោះ ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ឃើញ​ថា កន្លង​មក ទោះបី​ជា​មិនទាន់​មាន​ច្បាប់​គ្រប់គ្រង​លើ​ព័ត៌មាន​ក្លែងក្លាយ​អី​ យ៉ាងណាក៏ដោយ គឺ​យើង​ឃើញ​ថា មាន​ការប្រើប្រាស់​ច្បាប់​ដែល​មាន​ជាធរមាន​រួច​ហើយ ក្នុង​ការ​ដូចថា នៅ​ពេល​មាន​ព្រឹត្តិការណ៍​ណាមួយ ឬ​ក៏​មាន​ការ​ដាក់ ចោទ​ប្រកាន់​ណាមួយ គឺ​មាន​ការប្រើប្រាស់​ក្រមព្រហ្ម​ទណ្ឌ រួច​ទៅ​ហើយ»។

លោកស្រី ចក់ សុភាព បាន​អះអាង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការឹត​បន្តឹង​ ឬ​ក៏ការដាក់​គំនាប​មក​លើ​សារព័ត៌មាន​នៅ​កម្ពុជា មាន​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កន្លង​មក តាំងពី​មាន​កូវីដ១៩​ភ្លាម មាន​ច្រើន​ណាស់ ដែល​ចង់​ឲ្យ​យើង​ធ្វើ​ច្បាប់​មួយ​​​ស្តីពី​ការបង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ។ ក្រសួង​ព័ត៌មាន​ថា អត់​ចាំបាច់​ទេ
— រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ

លោកស្រី ចក់ សុភាព ក៏​បាន​ទទួល​ស្គាល់​ថា ជាកិច្ចការ​លំបាក​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​​ប្រយុទ្ធ​នឹង​ដំណឹង​ក្លែងក្លាយ​ និង​បាន​​សំណូមពរ​​​សុំ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​ដោយ​ផ្អែក​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។

លោកស្រី ចក់ សុភាព មានប្រសាសន៍​​ដូច្នេះ​ ថា៖ «ដំណោះស្រាយ​ដែល​ចាំបាច់នោះ គឺយើងត្រូវ​ឲ្យ​អាទិភាព​ទៅ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស។ យើង​ប្រទេស​កម្ពុជា​យើង​មាន​ចែង​យ៉ាង​រឹងមាំក្នុង​រដ្ឋ​ធម្មនុញ្ញ​ហើយ យើង​ទទួល​ស្គាល់​ជា​ច្បាប់​អន្តរជាតិ​ដែរ ដែល​យើង​ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស ជាពិសេស សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ»៕




អត្ថបទបន្ទាប់


បារាំងផ្ដល់ជំនួយឥតសំណង ១,៧ លានដុល្លារ សម្រាប់កម្ពុជាស្ដារវិស័យទេសចរណ៍

ព័ត៌មាន
កម្ពុជាទទួលបានទឹកប្រាក់ជំនួយឥតសំណងប្រមាណ១,៧ លានដុល្លារអាមេរិក ពីរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីចូលរួមស្…

ការនាំចេញរបស់កម្ពុជាទៅជប៉ុនធ្លាក់ចុះជិត ១ភាគរយនៅ៥ខែដើម ឆ្នាំ២០២០

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅជប៉ុននៅដើមឆ្នាំនេះ ហាក់ធ្វើមិនសូវបានល្អដូចពេលមុននោះទេ ដោយក្នុងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ