ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា មកទល់ពេលនេះបញ្ហាខ្វះកម្លាំងពលកម្មសម្រាប់បម្រើការងារនៅតាមរោងចក្រសហគ្រាសដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ គឺមិនទាន់អាចដោះស្រាយបាននៅឡើយទេ ពោលគឺបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មចំនួន ៤ពាន់នាក់បន្ថែមទៀត បើទោះបីជាកន្លងមកមានការជ្រើសរើស និងទទួលបានកម្មករកម្មការិនីជាច្រើននាក់ជាបន្តបន្ទាប់ក៏ដោយ។
បើតាមថ្នាក់ដឹកនាំរូបនេះ បញ្ហាខ្វះកម្លាំងពលកម្មនេះបានកើតឡើងបន្ទាប់ពីខេត្តនេះទទួលបានគម្រោងវិនិយោគថ្មីៗ និងការពង្រីកផលិតកម្មក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងសម្លៀកបំពាក់ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ជាក់ស្តែងគិតមកទល់ពេលនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសសរុបប្រមាណជាង៤០០រោងចក្រឯណោះ។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរកម្ពុជា បានគូសបញ្ជាក់ថា ការខ្វះខាតកម្លាំងពលកម្មនៅខេត្តកំពង់ស្ពឺនេះ ដោយសារមានរោងចក្របើកនៅក្នុងខេត្តនោះច្រើន ជាពិសេសគឺនៅតាមតំបន់ឆ្ងាយៗពីទីប្រជុំជនតែម្តង។
ម្យ៉ាងទៀត នៅពេលរោងចក្រនីមួយៗបង្កើតឡើង ភាគច្រើនគឺមិនមានសាងសង់កន្លែងសម្រាប់ឱ្យកម្មករកម្មការិនីស្នាក់នៅ ឬផ្ទះជួលដែលមានតម្លៃសមរម្យនៅក្បែររោងចក្រទាំងនោះទេ ដែលធ្វើឱ្យពួកគេពិបាកក្នុងការធ្វើដំណើរទៅមកពីកន្លែងធ្វើការទៅកន្លែងស្នាក់នៅជាដើម។ បើតាមអ្នកជំនាញរូបនេះ ដំណោះស្រាយជុំវិញបញ្ហានេះ គឺអ្នកវិនិយោគលើរោងចក្រសហគ្រាស គួរផ្លាស់ប្តូទីតាំងទៅកាន់ខេត្តផ្សេងៗខ្លះ ដូចជាខេត្តកំពង់ចាម ឬកំពង់ឆ្នាំងជាដើម។
ជាមួយគ្នានេះ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការខ្វះកម្លាំងពលកម្មនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនេះ គឺដោយសាររោងចក្រសហគ្រាសត្រូវការអ្នកដែលមានជំនាញ ប៉ុន្តែធនធានរបស់យើងនៅខ្វះកម្លាំងពលកម្មដែលមានជំនាញនៅឡើយ។ បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានកម្មករនិយោជិតកំពុងបម្រើការងារសរុបប្រមាណជាង ១៧ម៉ឺន៣ពាន់នាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលសរុបជាមធ្យមជាង៥០០លានដុល្លាក្នុងមួយឆ្នាំ។
សូមជម្រាបថា ការនាំចេញផលិតផលឧស្សាហកម្មកាត់ដេររបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤នេះ។ ជាក់ស្តែងការនាំចេញសម្លៀកបំពាក់នៅត្រីមាសទី១ឆ្នាំនេះ សម្រេចបានជាង២ពាន់លានដុល្លារ កើនឡើងជិត២៤% រីឯផលិតផលវាយនភណ្ឌ សម្រេចបានជាង ១១៦លានដុល្លារ កើនឡើងជាង១២% ខណៈស្បែកជើងសម្រេចបានជិត៣៥០លានដុល្លារ កើនឡើងជិត៧% និងការនាំចេញផលិតផលធ្វើដំណើរសម្រេចបានជិត៤៣០លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕