កសិករដែលជាម្ចាស់ចម្ការទុរេនខេត្តកំពត អ្នកស្រី ផល ណាសាងបានឲ្យដឹងថា ឲ្យតែរៀរាល់រដូវទុរេន ម្តងៗ មានឈ្មួញមួយចំនួនបានទៅទិញទុរេនពីប្រទេសជិតខាង ហើយយកមកលក់ថា ជាទុរេនកំពត ជាពិសេសអ្នកលក់តាមតំបន់ទេសចរណ៍។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា «ខែហ្នឹងជាឱកាសគេហើយ អ្នកលក់ខ្លះអាងតែអ្នកទិញមិនសូវចេះមើលទុរេន ចេះតែទុរេនកំពត ហើយលក់ធូរថ្លៃឲ្យគេ តែដល់ប៉ះគេអ្នកចេះមើលដែរថា ទុរេនថៃ ទុរេនកោះកុងអីវិញ»។
ដោយសារជួបបញ្ហាស្រដៀងគ្នានេះ លោក មឿន ជាម្ចាស់ចម្ការទុរេននៅកំពតដែរនោះ បានស្នើថា «ទាល់តែមានទីផ្សារមួយ ឬក្រុមហ៊ុនមួយនាំទុរេនកំពត ឬក៏លើកទឹកចិត្តឲ្យប្រជាជនដាំហើយមានការនាំចេញមួយផ្ទាល់ទៅក្រៅប្រទេស ហើយត្រូវមានអាជ្ញាបណ្ណសម្រាប់ម្ចាស់ចម្ការទុរេនគ្រប់ៗគ្នា រួចហើយទុកលក់ឲ្យក្រុមហ៊ុនហ្នឹងទៅ ខ្ញុំថា អាហ្នឹងប្រហែលជាល្អ»។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពត បានប្រាប់ថា សូមឲ្យកសិកររាយការណ៍ទៅកាន់មន្ទីរកសិកម្ម ប្រសិនបើបានដឹងពីករណី ដែលឈ្មួញខិលខូច នាំចូលទុរេនពីខាងក្រៅ ហើយអះអាងថា ជាទុរេនកំពត នោះលោកនឹងចាត់ការទៅតាមផ្លូវច្បាប់។
លោកបន្តថា «ខ្ញុំអាចចុះទៅ ក្នុងនាមស្ថាប័ន ហើយនឹងចោទពីករណីក្បត់ទំនុកចិត្ត ព្រោះថាទុរេនកំពត គឹកំពតហើយ ដល់យើងភរឆបោកគេ អាហ្នឹងអាចចោទពីបទក្បត់ទំនុកចិត្ត អ្នកទិញហ្នឹងអាចប្តឹងគាត់បាន»។
តែយ៉ាងណាមិញ លោកបានអះអាងថា បើសិនជាគេនាំចូលទុរេនពីក្រៅមកលក់ ហើយប្រាប់អ្នកទិញថា ជារបស់ថៃ ឬវៀតណាម យើងមិនអាចចាប់គេបានទេ ព្រោះជាទីផ្សារសេរី អាស្រ័យលើអ្នកទិញ បើចង់បានធូរថ្លៃទិញទុរេនគេ តែបើចង់បានរស់ជាតិឆ្ងាញ់ គុណភាពល្អ ទិញទុរេនកំពត។
បើតាមលោកប្រធានមន្ទីរកន្លងទៅ ក៏ធ្លាប់មានក្រុមហ៊ុនចិនមួយមកសិក្សា នឹងមានបំណងចង់នាំចេញទុរេនកំពតទៅលក់នៅប្រទេសចិនដែរ តែមិនបានសម្រេចនោះទេ ដោយសារតែទុរេនកំពតនៅមានបរិមាណតិចពេក មិនអាចបំពេញតម្រូវការសម្រាប់នាំចេញបាន។ សព្វថ្ងៃនេះ ទីផ្សារធំរបស់ទុរេនកំពត គឺនៅក្នុងខេត្តកំពតផ្ទាល់ និងរាជធានីភ្នំពេញ ខណៈដែលបណ្តាខេត្តផ្សេងៗទៀតនាំចេញទៅតិចតួចប៉ុណ្ណោះ និងមិនមាននាំចេញទៅលក់នៅក្រៅប្រទេសនោះទេ៕