Advertisement
ចម្ការទុរេន

ចៅហ្វាយខេត្តកំពត ស្នើវិនិយោគិនធំៗ ឲ្យងាកមកវិនិយោគដាំដុះទុរេនកំពតទ្រង់ទ្រាយធំ


ខេត្តកំពត មិនត្រឹមតែជាខេត្តទេសចរណ៍ ដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្ដែ ខេត្តនេះ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ទាក់ទងនឹងដំណាំកសិកម្មសំខាន់ៗដូចជាម្រេចកំពត និងទុរេនកំពត ជាដើម និងថ្មីៗនេះ ទៀតសោត ខេត្តកំពត ក៏មានការដាំដុះចេកទ្រង់ទ្រាយធំនាំទៅកាន់ប្រទេសចិនផងដែរ។ ប៉ុន្ដែ សម្រាប់ដំណាំទុរេន ត្រូវបានចៅហ្វាយខេត្តកំពត អះអាងថា ដ្បិតថាតែ បច្ចុប្បន្ន កំពុងមានតម្រូវការ ខ្លាំង និងលក់បានថ្លៃក៏ពិតមែន ប៉ុន្ដែ វាហាក់នៅមានការដាំដុះតិចតួចនៅឡើយ។
ចាហ្វាយខេត្តកំពត ស្នើវិនិយោគទុនធំៗ ឲ្យងាកមកវិនិយោគដាំដុះធុរេនកំពតទ្រង់ទ្រាយធំ
ដោយ
Advertisement

លោក ជាវ តាយ ចៅហ្វាយខេត្ត​កំពត ក៏បាន​ស្នើដល់​​អ្នកវិនិយោគិនធំៗ ឲ្យ​ងាក​មកចាំអារម្មណ៍​លើការ​វិនិយោគ ដាំដុះទុរេន នៅខេត្ត​កំពត ឲ្យបាន​កាន់តែច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ដំណាំនេះ ហាក់​នៅមាន​តម្លៃ​ខ្ពស់គួរសម បើធៀបនឹង​ដំណាំផ្សេងទៀត ដូចជា ស្រូវ ស្វាយ កៅស៊ូ និងដំឡូងជាដើម។

លោក ជាវ តាយ បាន គូសបញ្ជាក់ទៀតថា ខេត្តកំពត មាន​ស្ថានភាពអំណោយផល​សម្រាប់​ការដាំដុះ​ធ្វើការ​កសិកម្ម ខណៈដែល​ការធ្វើកសិកម្ម​នៅក្នុង​ខេត្ត​មួយនេះ មានរហូតដល់ ជាង ៦០% ។ ម្យ៉ាងទៀត លោកថា ការដែលលោក​ជំរុញ​ឲ្យ​វិនិយោគិន​ធំៗ​ងាកមក​វិនិយោគ​ដាំដុះ​ទុរេន​នៅខេត្ត​កំពតនេះ គឺដោយសារតែ លោកយល់ឃើញថា ទុរេន​អាចលក់ចេញ​បាន​ក្នុងតម្លៃខ្ពស់ និងមានតម្រូវការ​ក្នុងស្រុកផង និងអាច​ធ្វើការនាំចេញ ទៅក្រៅ​ប្រទេសផងដែរ។

ទោះយ៉ាងណា អភិបាល​ខេត្ត​កំពត​រូបនេះ មិនអាច​បញ្ជាក់​បានទេ អំពី​ទំហំ ផ្ទៃដី​ដាំដុះទុរេន​នៅខេត្តនេះ ដោយសារតែវា​គឺភាគច្រើន​ធ្វើឡើង​ជាលក្ខណៈគ្រួសារ និងឯកជន​តូចៗ។ ប៉ុន្ដែ លោកថា បច្ចុប្បន្ន ខេត្តកំពតនេះ មាន​តំបន់​ដី​សម្បទាន​កសិកម្ម​ចំនួន​៤ កន្លែងធំៗ ដែលមានផ្ទៃដី​ធ្វើការសិកម្ម​រាប់ម៉ឺន​ហិកតា​ឯណោះ។

ដោយសារតែ​ផលិតផល​ទុរេន​កំពត​មិនអាច​បំពេញ​តម្រូវការ​បាន​ពេញលេញ បច្ចុប្បន្ន ទុរេន​ ដែលបាន​ចរាចរណ៍​លក់​ពេញទីផ្សារនេះ ក៏មាន​មួយផ្នែកធំមក​បាននាំចូល​ពីប្រទេសជិតខាង ដូចជា ថៃ និងវៀតណាមជាដើម។

កសិករ​ និងជាអ្នកលក់ទុរេន នៅស្រុកទឹកឈូ លោក លី រ៉ាវុធ បាន​លើកឡើងថា មកទល់នឹងខែ ឧសភានេះ ទុរេន កំពត​ បានប្រមូលផល​ស្ទើរតែអស់ហើយ បើនៅក៏មានតិចតួចដែរ ។ លោកបន្តថា កន្លងមក​ពិតជា​មាន​ទុរេន ដែលបាន​នាំចូល​ពីប្រទេសជិតខាង យកមកលក់​នៅក្នុងខេត្ត​កំពតតាមផ្សារនានា ពិតមែន ប៉ុន្ដែ លោកថា សម្រាប់​តំបន់​ទេសចរណ៍​ដូចជា​ទឹកឈូ  និងទឹកធ្លាក់តាដា ជាដើម គឺ​ខាង​អាជ្ញាធរ​មិនបាន​អនុញ្ញាត​ឲ្យ​ទុរេន​នាំចូល​ពីខាងក្រៅ​មកលក់នោះឡើយ។ លោកថា រ៉ាវុធ បន្តថា បើ​អ្នកនិយម​ចូលចិត្ត ទុរេនកំពត និងខ្លាច​ទិញប៉ះចំទុរេននាំចូល ពួកគាត់​អាចអញ្ចើញមកកម្សាន្ដ​នៅតំបន់ទេសចរណ៍​ទឹកឈូ និងតាដានេះ ដើម្បីទទួលបាន​ទុរេនកំពត​ពិតៗ។ 

ចម្ការទុរេន​កំពត
ទុរេន​កំពត ដែលបេះមកពីដើម​ សម្រាប់ដាក់លក់

ម្ចាស់​ចម្ការទុរេន នៅស្រុក ទឹកឈូ ខេត្ត កំពត បានប្រាប់​ឲ្យដឹងថា នៅឆ្នាំនេះ តម្លៃ ទុរេន កំពត​ដែលក់​នៅមុខចម្ការ​ផ្ទាល់ គឺមានតម្លៃល្អ ពោលគឺមាន​ប្រមាណ ២០.០០០ ម៉ឺន ទៅ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម។ លោកថា ឆ្នាំនេះ ដោយសារតែទុរេន មានតម្លៃល្អ សម្រាប់​ផ្ទៃដី ដាំទុរេន​១ហិកតា លោកអាចរកចំណូល​បាន​ប្រមាណជាង ១ម៉ឺន​ដុល្លារអាមេរិក។

បើយើង​ក្រឡេក​ទៅមើល​ទីផ្សារ​ដែលមាន​នាំចូល​ទុរេន បច្ចុប្បន្ន គឺប្រទេសចិន​កំពុង​មានតម្រូវការ​នាំចូល​ទុរេន​ច្រើនគួរសម ខណៈដែលថ្មីៗនេះ ថៃ គឺជាប្រទេស​ផ្គត់ផ្គង់ទុរេន ទៅកាន់ប្រទេសចិន​យ៉ាងច្រើន​ក្នុងមួយឆ្នាំ។ ទោះយ៉ាងណា រសជាតិ​ផ្លែទុរេន មិនមែន​សុទ្ធតែ​ត្រូវ​ចំណង់​ចំណូលចិត្ត​អតិថិជន​គ្រប់បណ្ដាប្រទេស​នោះទេ នៅឯប្រទេស​ប៉ែកអឺរ៉ុប និងអាមេរិកវិញ ផ្លែទុរេន គឺ​មិនមានអ្នក​និយម​ទទួលទាន​នោះឡើយ។ ដូច្នេះ បើ​ចង់​ដាំដុះ​នាំចេញ គេអាចសម្លឹងមើលទៅកាន់​ទីផ្សារ​ប្រទេស​តំបន់​អាស៊ី​ពិសេស គឺប្រទេសចិនតែម្ដង។ 

គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្ត ដែលមានដាំដុះទុរេន ច្រើនជាងគេ គេខេត្ត​កំពត កំពង់ចាម កោះកុង និងខេត្ត​បាត់ដំបងជាដើម។ ប៉ុន្ដែ ទុរេន​ដែលលក់​បាន​ក្នុងតម្លៃ និងមានរសជាតិ​ឈ្ងុយឆ្ងាញ់នោះ ត្រូវបាន​អ្នកដែលនិយម​ទទួលទាន បាន​ឲ្យដឹងថា គឺច្រើនតែទុរេន​ដែលដាំដុះនៅខេត្ត​កំពត៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជួបជាមួយ​អ្នក​ផលិត​ហ្គេមខ្មែរដ៏ល្បី៖ តើ​វិស័យ​នេះ​ជួប​បញ្ហា​អ្វីខ្លះ?

ព័ត៌មាន
មេធំ​ក្រុមហ៊ុន​បង្កើត​ហ្គេម​នៅ​ស្រុក​ខ្មែរ បង្ហើប​ថា វិស័យ​ហ្គេម​នៅ​ស្រុក​ខ្មែរ​នៅ​ដើរ​ពី​ក្រោយ​ប្រទេស​នានា​ក្នុង​តំបន់​នៅ​ឡើយ ដែល​ជា​...

ធនាគារ និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ត្រូវបានស្ថាប័នអន្តរជាតិធំ២ ជ្រើសរើសសម្រាប់ចុះទស្សនកិច្ច

ព័ត៌មាន
ថ្មីៗនេះក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (World Bank) និងសារជីវកម្មអន្តរជាតិ (International Finance Corporation) បានចុះទៅទស្សនកិ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ