ទិន្នផលទុរេនកំពត

ទុរេនកំពតប្រមូលផលបានជាង ៦ម៉ឺនតោនហើយ នៅ៤ខែមកនេះ ខណៈតម្លៃក៏ថ្លៃជាងឆ្នាំមុនដែរ


ទុរេនកំពត បានចាប់ផ្តើមប្រមូលផលតាំងពីដើមឆ្នាំមកម្ល៉េះ ដោយក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ កសិករប្រមូលផលបានប្រហែល៥០%ហើយ ដែលស្មើនឹងប្រមាណជាង ៦ម៉ឺនតោន ហើយតម្លៃទៀតសោត ក៏មានខ្ពស់ជាងកាលពីឆ្នាំ២០១៩ដែរ។ នេះបើតាមការឲ្យដឹងពីប្រធានមន្ទីរកសិកម្មខេត្តកំពត ។
ចម្ការទុរេនខេត្តកំពត
ដោយ

លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ជា​ទូទៅ​បរិមាណ​នៃ​ការ​ប្រមូល​ទុរេន​ក្នុង​ខេត្តកំពត​ជា​រៀង​រាល់​ឆ្នាំ មិន​មានការ​កើនឡើង ឬ​ថយ​ចុះ​ខ្លាំង​នោះ​ទេ ព្រោះថា ទំហំ​ផ្ទៃដី​នៃ​ដំណាំ​ទុរេន​នៅ​ដដែល​។ លោក​ថា «​សម្រាប់​ដំណាំ​ទុរេន ដែល​ជា​ដំណាំ​រដូវ​កាល បរិមាណ​នៃ​ការ​ដាំ​ដុះ​តួលេខ​នៅ​ដដែល​ទេ ហើយ​សម្រាប់​ទិន្នផល​យើង​សង្ឃឹមថា បាន​ប្រហាក់ប្រហែល​ឆ្នាំ​មុន​ដូច​គ្នា តែ​តម្លៃ​ជាង​ឆ្នាំទៅ​បន្តិចបន្តួច​»​។

ចំពោះ​មូលហេតុ ដែល​ទុរេន​ឆ្នាំ​នេះ មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន​នោះ លោក​ថា ដោយសារ​តែ​ឆ្នាំ​នេះ គុណភាព​ទុរេន​ឆ្នាំ​នេះ​ល្អ​ជាង​ឆ្នាំ​មុន ដោយសារ​អាកាសធាតុ​អំណោយផល​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​រូប​នេះ បាន​បន្ត​ថា «​សម្រាប់​ទុរេន​លេខ​១ និង​លេខ​២ តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន​ពី ៣​ពាន់ ទៅ​៥​ពាន់​រៀល​ទេ ព្រោះថា ទុរេន​កំពត​មិន​មាន​គោលការណ៍​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទេ មាន​តែ​នាំ​ទៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ៗ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ឆ្នាំ​នេះ​អាកាសធាតុ​អំណោយផល គឺ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ នាំ​ឲ្យ​ទុរេន​ដាំ​បាន​ល្អ​ជាង​ឆ្នាំ​មុន​»​។

លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត

កន្លង​ទៅ​ក៏​មានការ​រិះគន់​ច្រើន​ដែរ ពី​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​នៅ​ខេត្តកំពត ថា ទុរេន​មួយ​ចំនួន​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ ជា​ទុរេន​នាំ​ចូល​ពី​ថៃ ឬ​វៀតណាម ដែល​ពិបាក​នឹង​ដឹង​ច្បាស់​មួយ​ណា​ជា​ទុរេន​កំពត​ណាស់​។ យ៉ាងណា​ក៏​ដោយ ប្រធាន​មន្ទីរ​ខេត្ត​ក៏​បាន​ទទួលស្គាល់​ពី​បញ្ហា​នេះ​ដែរ ព្រោះថា មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន បាន​លួចលាក់​នាំ​ចូល នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​ខ្លះ​បាត់​ជំនឿ​ទុកចិត្ត​លើ​ទុរេន​កំពត​។

តាម​ពិត​ទៅ​ទុរេន​កំពត មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ក្នុង​ការ​សម្គាល់​ដូច​ជា បន្លា​ទុរេន​កំពត​មុត​ស្រួច មិនមែន​ទាល មាន​រសជាតិ​ផ្អែម​ល្មួត ក្លិន​ឈ្លុ​យ និង​រសជាតិ​ឆ្ងាញ់ ព្រោះ​សាច់​ទុន តែ​ទុរេន​កំពត​មិន​មាន​ប្រភេទ​សាច់​ស្រួយ ដូច​អាជីវករ​មួយ​ចំនួន​ឃោសនា​នោះ​ទេ​។ នេះ​បើ​តាម​ការ​ពិពណ៌នា​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​រូប​នេះ ខេត្តកំពត​ចាប់​ប្រមូល​ផល​ទុរេន​តាំងពី​ដើម​ខែមករា​មក​ម្ល៉េះ នឹង​ត្រូវ​ចប់​ប្រមូល​ផល​ក្នុង​ពាក់កណ្តាល​ខែមិថុនា ជា​រៀង​រាល់​ឆ្នាំ​។ ហើយ​សម្រាប់​តម្លៃ​ទុរេន​លេខ​១ ដែល​កសិករ​បេះ​ពី​ដើម​មួយ​គីឡូ​តម្លៃ ២៥.០០០​រៀល ហើយ​ឈ្មួញ​យក​មក​លក់​នៅ​តាម​ទីផ្សារ​គឹ តម្លៃ ២៨.០០០​រៀល ទៅ​៣០.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

សូម​ជម្រាប​ថា ផ្ទៃដី​ដាំ​ដុះ​ទុរេន កាលពី​ឆ្នាំ​២០១៩ ក្នុង​ខេត្តកំពត​មាន​ប្រមាណ​ជា ១.២៣១ ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ដែល​ទទួលផល​បាន​ប្រមាណ​តែ ៩៤៣​ហិ​កតា​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ហិ​កតា​បាន​ផល​ប្រមាណ​ជិត ១៤​តោន នាំ​ឲ្យ​ទិន្នផល​ទុរេន​សរុប​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ​ជិត ១៣​ម៉ឺន​តោន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាន់តែ​ទូទាត់​ប្រាក់​កម្ចី ឬ​ផ្ទេរ​ប្រាក់​រវាង​ធនាគារ​ស្ថាបនា និងវីង ឈ្នះ​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់

ព័ត៌មាន
ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនាតាមរយៈវីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំ…

GMAC អំពាវនាវឲ្យម្ចាស់អគារទាំងអស់ ចុះថ្លៃឈ្នួល៣០%យ៉ាងតិច ដល់រោងចក្រកាត់ដេរ

ព័ត៌មាន
នៅថ្ងៃទី ៨ ខែឧសភានេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានចេញលិខិតអំពាវនាវដល់ម្ចាស់ អគារនានា ដែលកំពុងជួលអគារឲ្យរោងចក្រកាត់ដេរសម្លៀកបំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ