ម្រេចកំពត

ទិន្នផល​ម្រេច​កំពត ៥០ភាគរយ កំពុង​រងការ​ខូចខាត​នៅ​ឆ្នាំ​នេះ!


ទិន្នផលម្រេចកំពតនៅឆ្នាំនេះ រំពឹងថា នឹងអាចប្រមូលផលបានប្រមាណ ៧៥តោន ប៉ុន្ដែ គិតមកទល់ពេលនេះ នៅសល់ប្រមាណ ៥០% ទៀត មិនទាន់បានប្រមូលផលនៅឡើយ និងកំពុងរងការខូចខាត ដោយសារតែភ្លៀងធ្លាក់ច្រើន។ នេះបើតាមការអះអាងពី ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ដែលបានប្រាប់ខេមបូណូមីសនៅថ្ងៃនេះ។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

លោក ងួន ឡាយ​ ប្រធាន​សមាគម​​លើក​កម្ពស់​ម្រេច​​កំពត បាន​និយាយ​ថា ឆ្នាំនេះ ទិន្នផល​ម្រេច​​ហាក់មាន​ចំនួន​តិច​ហើយ បែរជា​ត្រូវមក​ជួប​នឹង​បញ្ហា​អាកាសធាតុ​​ភ្លៀង​ធ្លាក់ច្រើន​​ថែម​ទៀត ដែល​ធ្វើឲ្យ​ផ្លែ​ម្រេច​ដែល​មិនទាន់​បានបេះ​នៅលើ​ដើម រងការ​ខូចខាត​ធ្លាក់​ជ្រុះ​ចោល​នៅលើ​ដី និងម្រេច​ខ្លះទៀត​ដែល​កំពុង​ចេញ​ផ្កា ក៏កំពុង​ប្រឈម​បញ្ហា​ខូចខាត​ដូចគ្នា​ដែរ។

លោកបន្ថែម​ថា ម្រេច ឆ្នាំនេះ ប៉ាន់​ប្រមាណ​ថា អាច​នឹងប្រមូល​ផលបាន​ប្រមាណ​តែ ៧៥ តោន​ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំមុន ប្រមូល​បាន ១០២ តោន។ ប៉ុន្ដែ នៅប៉ុន្មាន​​ថ្ងៃកន្លង​មកនេះ មានភ្លៀង​ធ្លាក់​ច្រើន ​បាន​ធ្វើឲ្យ​ម្រេច​​ប្រឈម​នឹងការ​ធ្លាក់ចុះ​ទិន្នផល​​កាន់តែ​ខ្លាំង​ថែម​ទៀត។ 

លោក ងួន ឡាយ បន្ថែម​ទៀតថា ទោះបីជា​ទិន្នផល​ម្រេច​ឆ្នាំនេះ កំពុង​រងការ​ធ្លាក់ចុះ​ក៏ដោយ ប៉ុន្ដែ តម្លៃម្រេច​កំពត ​ដែល​លក់ទៅ​លើទីផ្សារ​មិនមាន​ការ​កើនឡើង​​ថ្លៃ​នោះ​ឡើយ ពោលគឺ​នៅតែ​រក្សាបាន​តម្លៃ​មួយថេរ​ក្នុងរយៈពេល​ ៤ឆ្នាំ​កន្លងមក​នេះ តួយ៉ាង ម្រេចកំពត​ខ្មៅ​មាន​តម្លៃ ១៥ ដុល្លារអាមេរិក ក្នុង​១គីឡូ​ក្រាម​ ម្រេច​កំពត​ក្រហម តម្លៃ ២៥​ដុល្លារ ក្នុង១​គីឡូ​ក្រាម និងម្រេច​កំពត​ស តម្លៃ ២៨ដុល្លារ​ក្នុងមួយ​គីឡូក្រាម​។

ប្រធាន​សមាគម​​លើក​កម្ពស់​ម្រេច​កំពត ដដែល​រូបនេះ បានគូស​បញ្ជាក់​ដែរថា នៅឆ្នាំនេះ ការលក់​ម្រេចហាក់​មានការ​លំបាក​ជាងឆ្នាំ​កន្លង​ទៅ ដោយ​សារតែ ពីមុន អ្នក​បញ្ជា​ទិញ ទិញ​ក្នុង​​ចំនួន​ច្រើន និង​យកទៅស្តុក​ទុក​ដោយ​ខ្លួនឯង ដើម្បី​នាំ​ចេញ។ ប៉ុន្ដែ ឥឡូវនេះ អ្នកបញ្ជា​ទិញ ​ទិញ​យកទៅ​ម្ដងៗ ក្នុង​ចំនួន​តិច​តួច​ ដែលតម្រូវ​ឲ្យម្ចាស់​ម្រេច​ ត្រូវ​ស្ដុក​ម្រេច​ទុក​ដោយ​ខ្លួន​ឯង ដែល​ពេលខ្លះ ធ្វើឲ្យ​អ្នកដាំ​ម្រេច​​លំបាក​​ក្នុង​ការបង្វិល​ដើមទុន​សម្រាប់​ការចំណាយ​នានា។ 

បច្ចុប្បន្ន​ទីផ្សារ​ម្រេច​កំពត ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើននៅទូទាំង​ពិភព​លោក ដូចជា សហភាពអឺរ៉ុប  សហរដ្ឋ​អាមេរិក កាណាដា កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងជប៉ុន​ជាដើម។ ហើយថ្មីៗ​ទៀតសោត ខាង​សមាគម​ម្រេច​កំពត ក៏កំពុង​សិក្សា​ទីផ្សារ​នាំចេញ​បន្ថែម​ទៀត ទៅកាន់​ប្រទេស​ប៉ែក​អារ៉ាប់​​ផងដែរ​។

បើតាម​ការឲ្យដឹង​ពីប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត គិតមក​ទល់​បច្ចុប្បន្ន​នេះ ផ្ទៃដីដាំ​ដុះ​ម្រេច​​របស់​សមាគម​នេះ មិនមាន​ការពង្រីក​បន្ថែម​នោះ​ឡើយ ពោលគឺ មានផ្ទៃ​ដី​សរុប ២៤០ ហិកតា ដែលក្នុង​នោះ ម្រេច​ដែលអាច​ផ្ដល់ទិន្នផល​បាន មានតែ​ជាង ១០០​ហិកតា​ប៉ុណ្ណោះ។

លើសពីនេះ អ្នកដាំដុះ​ម្រេច​ក៏​កំពុ​ង​តែប្រឈម​នឹងការ​លំបាក​ខ្លាំងណាស់​ដែរ ដោយសារតែ​ទិន្នផល​បាន​មក​តិច តែការ​ចំណាយ​មាន​ច្រើន​ ពិសេស​គឺកសិករ​ដាំដុះ​ម្រេច​ខ្នាតតូច​តែម្ដង ដែល​កំពុងតែ​ត្រដាប​ត្រដួស​ខ្លាំងជាងគេ។

បើតាម​ការគូស​បញ្ជាក់ ពីលោក ងួន ឡាយ​ ប្រធាន​សមាគមលើកម្ពស់​​ម្រេច​កំពត ប្រសិន​​បើស្ថានភាព​លំបាក​នេះ នៅតែបន្ដ ប្រហែលជា ២​ទៅ ៣ឆ្នាំ​ទៀត អ្នកដាំដុះ​ម្រេច​កំពត​មួយ​ចំនួន នឹងបោះ​បង់​ការដាំ​ដុះ​របស់​ខ្លួន​ចោល​ជាក់​ជាមិន​ខាន​ឡើយ ដោយសារតែ​ចំណូល​ទប់មិន​រួច​​នឹង​ការ​ចំណាយ៕ 

None



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី៖ កត្តា៣យ៉ាង​ធ្វើឲ្យវិនិយោគិនបរទេសចូលចិត្តមកវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បាននឹងកំពុងមានរីកលូតលាស់ល្អជាលំដាប់។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land ដែលជាអ្ន…

ថៃ ក្ដោបបាន ភ្ញៀវទេសចរបរទេស ជិត ២០លាននាក់ នៅពាក់កណ្ដាលឆ្នាំ ២០១៨ នេះ!

គិតត្រឹមរយៈពេល ៦ខែ ក្នុងឆ្នាំ២០១៨នេះ ប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរបរទេស ប្រមាណជិត ២០លាននាក់ ដែលមានកំណើន ១២% ធៀបនឹងរយៈពេលដូចគ្នាកាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ